ខេត្តកណ្ដាល ៖ ព្រឹកថ្ងៃទី ១៤ ខែឆ្នូ ឆ្នាំ២០២១ សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំសង្កាត់ ខេត្តកណ្តាល បានរៀបចំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ និងសមាគមក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកណ្តាល លើកទី០២ អាណត្តិទី០៣ ក្រោមអធិបតីភាព ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល លោក គង់ ឆេង ប្រធានសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ លោក គៀង សេងគី អនុប្រធានសម្ព័នភាពជាតិ ក្រុមប្រឹក្សា ក្រុងស្រុក ខណ្ឌ ឃុំ សង្កាត់ នៅសាលប្រជុំសាលាខេត្តកណ្ដាល ដោយមានការអញ្ជើញ ពីលោក លោកស្រី សមាជិកសមាជិកាសមាគមក្រុមប្រឹក្សា ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ។
លោក គង់ ឆេង ប្រធានសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកណ្ដាល បានបញ្ជាក់ថា កិច្ចប្រជុំនាពេលនេះ ពិតជាសក្ខីភាពឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់លោក លោកស្រី សមាសមាជិក សមាជិកាក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ក្នុងការបង្កើតអោយមានអង្គការមួយ ដែលតំណាង និងការពារផលប្រយោជន៍រួម របស់ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ នៅខេត្តកណ្តាល ដើម្បីលើកកម្ពស់គុណភាពជីវភាពរស់នៅ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ តាមរយៈអភិបាលកិច្ចតាមបែបវិមជ្ឈកាល និងវិសហមជ្ឈការ ព្រមទាំងអភិវឌ្ឍន៍សមត្ថភាព និងបង្កើនប្រសិទ្ធភាព នៃការផ្ដល់សេវាជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ។
កិច្ចប្រជុំនេះមានគោលបំណង ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តលើករបាយការណ៍វឌ្ឍនភាពសង្ខេបរបស់សមាគមឆ្នាំ២០២១ និងបទបង្ហាញលើសេចក្ដីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារ និងរបាយការណ៍ហិរញ្ញវត្ថុឆ្នាំ២០២១ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២២ ផងដែរ ។
មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះដែល ឯកឧត្ដម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់សមាគម ថ្នាក់ដឹកនាំសមាគម ក្នុងការអនុវត្តភារកិច្ចបានត្រឹមត្រូវ និងសម្រេចបានលទ្ធផលយ៉ាងល្អប្រសើរជាបន្តបន្ទាប់ ។ ឯកឧត្ដមអភិបាលរងខេត្ត បន្តថា ចំពោះការបង្កើតសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ គឺជាមធ្យោយដ៏សំខាន់មួយសម្រាប់ក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ បានរួមគា្នបញ្ជេញសម្លេង បានពិភាក្សាជាមួយក្រសួង ស្ថាប័ន របស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនិងការអភិវឌ្ឍន៍មូលដ្ឋាន និងការអនុគោលនយោបាយ ព្រមទាំងប្រព័ន្ធនានផងដែរ ។