រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្ដាល បានបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យមានលក្ខណៈជាប្រព័ន្ធចំនួន ៣ភូមិ នៅស្រុកល្វាឯម

ខេត្តកណ្តាល៖ មានប្រសាសន៍ នៅក្នុងពិធីបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យមានលក្ខណៈជាប្រព័ន្ធចំនួន ៣ភូមិ ដែលរៀបចំឡើងនៅក្នុងបរិវេណវត្តពោធិ៍មាស ស្ថិតក្នុងភូមិវាលធំ ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ លោក ទៀង កុស្សារៈ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានបញ្ជាក់ថា ការបិទផ្សាយជាសាធារណៈនាពេលនេះពិតជាមានសារៈសំខាន់ណាស់ សម្រាប់បងប្អូនជាពលរដ្ឋដែលជាម្ចាស់ក្បាលដី ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់កាន់កាប់ដីធ្លីទាំងអស់ ត្រូវជួយផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋដែលមិនទាន់បានដឹង ដើម្បីឱ្យពួកគាត់ចូលរួមមកពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យក្បាលដី របស់ខ្លួនឱ្យត្រឹមត្រូវ។ ប្រសិនបើមានកំហុសឆ្គងដោយប្រការណាមួយ ដូចជាខុសឈ្មោះ ថ្ងៃខែឆ្នាំកំណើត អាយុ ភេទ ទំហំរូបរាងដី ទីតាំងក្បាលដី និងប្រភេទទ្រព្យជាដើមនោះ ម្ចាស់ដីត្រូវធ្វើការស្នើសុំកែតម្រូវក្នុងរយៈពេល១៥ថ្ងៃគិតចាប់ពីថ្ងៃបិទផ្សាយនេះរហូតដល់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ ជាកំហិត។លោក ទៀង កុស្សារៈ បានមានប្រសាសន៍ថា​ ពិធី​ប្រកាស​បិទផ្សាយនៅថ្ងៃនេះ គឺជាដំណាក់កាលទី៣ នៃនីតិវិធី ក្រោយពីបញ្ចប់ការនៅវាល ហើយចំពោះរាល់ឯកសារ និងទិន្នន័យក្បាលដីទាំងអស់ និងត្រូវរៀបចំដោយមន្ត្រីកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី សម្រាប់រៀបចំចេញជាប្លង់សុរិយោដី និងឈ្មោះម្ចាស់ដី សម្រាប់ក្បាលដីនៅក្នុងតំបន់វិនិច្ឆ័យខាងលើ។ លោកបានឱ្យដឹងថា សម្រាប់ការបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យមានលក្ខណៈជាប្រព័ន្ធ នៅស្រុកល្វាឯមជាថ្ងៃនេះ គឺមានចំនួន ៣ភូមិ ក្នុងនោះមានភូមិព្រែកតាអុងទី២ មាន ៩១៨ ក្បាលដី ភូមិព្រែកតាអុងទី៣ មាន ៦៦៩ ក្បាលដី និងភូមិវាលធំមាន ៨២៥ក្បាលដី។ថ្លែងក្នុងពិធីនេះដែរ លោក ផៃ ច័ន្ទសូភី អភិបាលរងស្រុកល្វាឯម បានមាន ប្រសាសន៍ថា ការ​បិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យដីធ្លីជាប្រព័ន្ធនេះ គឺដើម្បីពង្រឹងសុវត្ថិភាព នៃការកាន់កាប់ប្រើប្រាស់ដីធ្លីសមស្រប ទប់ស្កាត់ការកាប់ដីរដ្ឋខុសច្បាប់ និងកាត់បន្ថយទំនាស់ តាមយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលជាកម្មវិធីមួយមានការរួមចំណែកកាត់បន្ថយភាពក្រីក្រ និងកំពុងអនុវត្តនូវផែនការសំខាន់ៗ នៃគោលនយោបាយដីធ្លី ក្នុងការកែទម្រង់រដ្ឋបាលដីធ្លី។ លោកបានបន្តថា ការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ មានគោលបំណងសំខាន់គឺដើម្បីធ្វើឱ្យប្រជាពលរដ្ឋឆាប់ទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លី ដែលជាឯកសាររដ្ឋបាលបញ្ជាក់ពីសិទ្ធិជាម្ចាស់លើក្បាលដីនីមួយៗ។ ប្រជាពលរដ្ឋដែលទទួលបានប័ណ្ណកម្មសិទ្ធិ គឺជាម្ចាស់ដីធ្លីពេញលក្ខណៈ ហើយត្រូវបានការពារដោយច្បាប់ ទន្ទឹមនឹងនេះ បងប្អូនជាម្ចាស់ដីមានសិទ្ធិអាចប្រើប្រាស់អាស្រ័យផល និងចាត់ចែងដីរបស់ខ្លួនផ្តាច់មុខ និងទូលំទូលាយ កាត់បន្ថយជម្លោះព្រំដី ធ្វើឱ្យដីមានសុវត្ថិភាព។

អត្ថបទទាក់ទង