ខេត្តកណ្តាល៖ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តបានអញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកទូទាំងខេត្តកណ្តាល ប្រចាំឆ្នាំសិក្សា ២០២១-២០២២ ដោយបានបញ្ចប់ដោយជោគជ័យ នារសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ ២០២២នេះ នៅកីឡដ្ឋាន ក្រុងតាខ្មៅ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ប្រធានអនុប្រធានមន្ទីរជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។ ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាលមានប្រសាសន៍ថា៖ ការរៀបចំការប្រកួតនេះដោយទទួលបានជោគជ័យដ៏ល្អប្រសើរគួរឲ្យមានមោទនភាពក្រៃលែង ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះប្រតិភូកីឡាទាំងអស់ដែលបានចូលរួមក្នុងការប្រកួតនេះរួមគ្នា គោរពគោលការណ៍ និងបទបញ្ជាបច្ចេកទេសនៃការប្រកួតកីឡាបានល្អត្រឹមត្រូវ និងមានស្មារតីស្រឡាញ់កីឡាពិតប្រាកដ ដើម្បីទទួលលទ្ធផលបច្ចេកទេសស្របតាមសមត្ថភាពរបស់ខ្លួន ដោយមិនគិតតែពីការឈ្នះចាញ់ ជារឿងសំខាន់នោះឡើយ។ ជាមួយគ្នានេះ ឯកឧត្តមក៏បានកោតសរសើរចំពោះគណៈកម្មការបច្ចេកទេសទាំងអស់ ដែលបានខិតខំប្រឹងប្រែងតាំងពីថ្ងៃដំបូងរហូតមកដល់ថ្ងៃបញ្ចប់នេះ ដោយយកអស់កំលាំងកាយចិត្ត មិនគិតពីការនឿយហត់ស្តែងចេញនូវការទទួលខុសត្រូវខ្ពស់ប្រកបដោយស្មារតីយុត្តិធម៌ អនុវត្តបានល្អប្រសើរ តាមនិយាមបច្ចេកទេសរបស់គណៈកម្មការរៀបចំការប្រកួត និង ជំរុញឲ្យការប្រកួតទាំងមូលមានដំណើរការល្អ និងទទួលបានជោគជ័យ៕ សូមបញ្ជាក់ថា៖កីឡាបាល់ទាត់ផ្នែកនារី ចំណាត់ថ្នាក់លេខ១ បានទៅលើវិទ្យាល័យហ៊ុន សែន អង្គស្នួល ចំណាត់ថ្នាក់លេខ២ បានទៅលើវិទ្យាល័យហ៊ុន សែនស្អាង ចំណាត់ថ្នាក់លេខ៣ បានទៅលើវិទ្យាល័យព្រែកស្លែង ស្រុកកណ្តាលស្ទឹង។ផ្នែកបុរសចំណាត់ថ្នាក់លេខ១បានទៅលើវិទ្យាល័យហ៊ុន សែនសេរីភាព ចំណាត់ថ្នាក់លេខ២ បានទៅលើវិទ្យាល័យទេពប្រណម្យ និងចំណាត់ថ្នាក់លេខ៣បានទៅលើវិទ្យាល័យហ៊ុន សែន សិរីដីដុះ ស្រុកកៀនស្វាយ៕