+++++++++++ខេត្តកណ្តាល ៖រសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវបេតុងអាមេប្រវែង១០០០ម៉ែត្រ ទទឹង៤ម៉ែត្រ ស្ថិតនៅភូមិព្រែកប៉ាន និងភូមិព្រែកបាឡាត់ឆឹង ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល ។ដោយបានការអញ្ជើញចូលរួមពី សំណាក់ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត កងកម្លាំងទាំងបីរបស់ខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត យុវជន សសយក យុវជនកាយរឹទ្ធ យុវជនកាកបាទក្រហម។ ក្នុងឱកាសនេះឯកឧត្តមអភិបាលខេត្ត បានលើកឡើងថា ផ្លូវបេតុងនេះ ជាសមិទ្ធិផលថ្មីមួយទៀតនៅក្នុងស្រុកស្អាង សម្រាប់បំរើដល់សេចក្តីត្រូវការក្នុងការធ្វើដំណើរ ដឹកជញ្ជូនរបស់ប្រជាពលរដ្ឋនៅក្នុងភូមិ ដែលពីមុនផ្លូវនេះមានការលំបាកក្នុងការធ្វើដំណើរ និងដើម្បីលើកកម្ពស់ផាសុកភាព និងជីវភាពរស់នៅជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានកំណត់យក «ធនធានមនុស្ស ទឹក ផ្លូវ ភ្លើង» ជាអាទិភាព។សម្ធិផលទាំងនេះ គឺជាសក្ខីភាពនៃការរីកចម្រើនឥតឈប់ឈររបស់រដ្ឋបាលខេត្តកណ្តាល ជាពិសេសរដ្ឋបាលស្រុកស្អាង ក្រោមការដឹកនាំពោរពេញទៅដោយចក្ខុវិស័យវែងឆ្ងាយ និងភាពប្រាកដនិយម របស់រាជរដ្ឋាភិបាល ជាពិសេសការខិតខំយកចិត្តទុកដាក់ពីសុខមាលភាពរបស់ប្រជាពលរដ្ឋ រួមទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធគមនាគមន៍នានានៅក្នុងខេត្តកណ្តាល។