រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

រដ្ឋបាលខេត្តកណ្ដាល រៀបចំកិច្ចប្រជុំសាមញ្ញលើកទី៣៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត



ខេត្តកណ្ដាល៖ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល បានជម្រុញដល់ មន្ទីរបរិស្ថានខេត្តកណ្តាល និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវពង្រឹង វិធានការ លើបញ្ហាអនាម័យបរិស្ថានតាមបណ្តាក្រុង-ស្រុក ដោយត្រូវផ្សព្វផ្សាយបំផុសចលនាអប់រំ និងបញ្ជ្រាបការយល់ដឹងឱ្យបានខ្លាំងក្លាដល់មហាជន ឱ្យពួកគាត់ផ្លាស់ប្តូរឥរិយាបទ ចេះស្រលាញ់ថែរក្សា និងសំអាតអនាម័យបរិស្ថាន ដើម្បីរួមគ្នាក្នុងការធ្វើបរិស្ថានស្អាត និងមានអនាម័យ ដោយទុកដាក់សំណល់សំរាមឱ្យបានត្រឹមត្រូវ និងញែកសំរាមតាមប្រភេទនិមួយៗ ចូលរួមសំអាតបរិស្ថានតាមផ្ទះសម្បែងរាងៗខ្លួន ចូលរួមដាំដើមឈើនៅតាមមូលដ្ឋាន សំដៅធ្វើឱ្យបរិស្ថានក្រុង-ស្រុកប្រកបដោយព័ណ៌បៃតង និងមានសោភ័ណភាព។

ឯកឧត្តមបានធ្វើការជំរុញដូច្នេះ នៅក្នុងកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្ត លើកទី៣៥ អាណត្តិទី៣ នៅសាលាខេត្តកណ្ដាល កាលពីព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ ២០២២ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ព្រមទាំង ឯកឧត្តម-លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និងបណ្ដាមន្ទីរអង្គភាពជុំវិញខេត្តផងដែរ។

ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានបញ្ជាក់ថា បច្ចុប្បន្នការងារបរិស្ថានគឺជាការងារអទិភាព ដែលការងារនេះគឺទាមទារឱ្យពួកយើងទាំងអស់គ្នា ត្រូវតែចូលរួមចំណែក ក្នុងការធ្វើអនាម័យបរិស្ថានទាំងនៅតាមលំនៅឋានរាងខ្លួន កន្លែងបម្រើការងារ សាលារៀន និងនៅតាមទីសាធារណៈនានា ពីព្រោះការងារសម្អាតបរិស្ថាន គឺជាកិច្ចការដ៏សំខាន់របស់យើងទាំងអស់គ្នា មិនមែនជាការងារផ្ដាច់មុខរបស់អាជ្ញាធរ ឬអង្គភាពជំនាញនោះទេ ពោលគឺយើងត្រូវចាត់ទុកការងារសម្អាតបរិស្ថានជាកាតព្វកិច្ចរបស់ពួកយើងទាំងអស់គ្នា ដើម្បីធ្វើឱ្យភូមិឋានយើង ខេត្តយើងមានបរិស្ថានល្អ រស់នៅប្រកបដោយផាសុខភាព និងភាពរីកចម្រើន។

ជាមួយគ្នានោះ ឯកឧត្តម ក៏បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះ បណ្ដាលអង្គភាពមន្ទីរជុំវិញខេត្តទាំងអស់ ដែលខិតខំបំពេញការងារនាពេលកន្លងមកទទួលបានលទ្ធផលល្អប្រសើរ ដែលបានជួយជំរុញអោយការងាររដ្ឋបាលខេត្តកណ្តាល សម្រេចបានលទ្ធផលយ៉ាងល្អប្រសើរជាបន្តបន្ទាប់។

បន្ថែមពីលើនេះ ឯកឧត្តម ក៍បានជំរុញឱ្យមន្ទីរពាក់ព័ន្ធនានាជុំវិញខេត្ត អាជ្ញាធរមូលដ្ឋានក្រុង ស្រុក និង កម្លាំង សមត្ថកិច្ចទាំងបី សូមបន្តខិតខំសហការគ្នា ដើម្បីសម្រេចបាននូវលទ្ធផលការងារថ្មីៗបន្ថែមទៀត សមត្ថកិច្ចត្រូវខិតខំបង្ក្រាប និងទប់ស្កាត់រាល់បទល្មើសដែលកំពុងតែកើតមានឡើងនៅ ក្នុងមូលដ្ឋានរបស់ខ្លួន ឱ្យបានល្អប្រសើរឡើងថែមទៀត។

សូមជម្រាបផងដែរថា ក្នុងកិច្ចប្រជុំនេះក្រុមប្រឹក្សាខេត្តកណ្ដាលបានលើកយករបៀបវារៈសំខាន់ៗចំនួន១១ មកធ្វើការផ្សព្វផ្សាយណែនាំ ពិនិត្យពិភាក្សា និងអនុម័ត ដើម្បីជំរុញដល់ការអនុវត្តការងាររបស់បណ្ដាមន្ទីរ និងអង្គភាពពាក់ព័ន្ធ ឱ្យកាន់តែមានប្រសិទ្ធភាពផងដែរ។

អត្ថបទទាក់ទង