រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីសម្ពោធឆ្លងសមិទ្ធផលនានា ពុទ្ធាភិសេក និង ស្រោចស្រពសុគន្ធវារី ចៅអធិការវត្តព្រះសប់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល

ខេត្តកណ្តាល៖ រសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងឯកឧត្តម ឡេង លាងឈ៉ី អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំព្រះប្រសប់ តំណាងឯកឧត្តម ហាវ រតនៈ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំព្រះប្រសប់ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យពុទ្ធាភិសេកស្រោចស្រពសុគន្ធវារីព្រះចៅអធិការ និងឆ្លងសមិទ្ធិផលនានាក្នុងវត្តព្រះប្រសប់ ស្ថិតនៅឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល។ក្នុងឱកាសនេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តបានសម្ដែងនូវការអរគុណដល់ គណៈកម្មការ ចៅអធិការវត្តដែលបានរៀបចំពិធីពុទ្ធាភិសេក ស្រោចស្រពសុគន្ធវារីប្រគេនព្រះចៅអធិកាវត្ត និង សម្ពោធឆ្លងសមិទ្ធផលនានា នៅ ក្នុងវត្តព្រះប្រសប់នាពេលនេះ និងសូមថ្លែងអំណរគុណចំពោះឯកឧត្តម លោកជំទាវ ឧកញ៉ា សប្បុរសជន ពុទ្ធបរិស័ទជិត ឆ្ងាយ ដែលបានជួយឧបត្ថម្ភគាំទ្រក្នុងកម្មវិធីនេះ ពិសេសឧបត្ថម្ភការកសាងសមិទ្ធផល នានានៅក្នុងវត្ត ដើម្បីជួយទ្រទ្រង់ក្នុងវិស័យសង្គមកិច្ច លើផ្នែកធម្មការ និងកិច្ចការសាសនា នៃព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ដែលជាទីសក្ការៈសម្រាប់ឱ្យពុទ្ធបរិស័ទ ជិត ឆ្ងាយ គោរពបូជា តាមប្រពៃណី ទំនាមទំលាប់ ប្រកបដោយ សមធម៌ និងបរិយាប័ន្ន ។ឯកឧត្តមបានមានប្រសាសន៍បន្ថែមថា៖ក្រៅពីសមិទ្ធផល ដែលសម្រេចបានក្នុងវិស័យព្រះពុទ្ធសាសនាខាងលើ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកខ្សាច់កណ្តាល ដែលដឹកនាំដោយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល បានជួយអភិវឌ្ឍមូលដ្ឋានទូទាំងខេត្ត ពិសេសក្នុងស្រុកខ្សាច់កណ្តាលនេះតែម្តង។ក្នុងឱកាសនេះ ឯកឧត្តមអភិបាលខេត្ត បានអបអរសាទរ ចំពោះចំណងដៃថ្មី ដែលបានកសាងឡើងក្នុងទីអារាមវត្ត ប្រគេនពរព្រះគ្រូចៅអធិការវត្ត និងសូមទេវតារក្សាឆ្នាំថ្មី ជួយតាមបីបាច់ថែរក្សា អភិបាល ប្រោះព្រំ បងប្អូនប្រជាពលរដ្ឋ និងពុទ្ធបរិស័ទ ទាំងអស់ សូមបានប្រកប និងជួបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណ: សុខ: និងពល: កុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទទាក់ទង