រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

លោក ងួន សុវណ្ណ ត្រូវបានប្រកាសតែងតាំងជាប្រធានសាខាពន្ធដារខេត្តកណ្ដាលជំនួស លោក នុត វុត្ថា ដែលត្រូវផ្លាស់ប្ដូរទៅកាន់មុខតំណែងថ្មី

ខេត្តកណ្ដាល៖ លោក ងួន សុវណ្ណ ត្រូវបានប្រកាសតែងតាំងជាប្រធានសាខាពន្ធដារខេត្តកណ្ដាលជំនួស លោក នុត វុត្ថា ដែលត្រូវទទួលភារកិច្ចថ្មីជាអនុប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធតូច និងមធ្យម នៃអគ្គនាយកដ្ឋានពន្ធដារ ដែលពិធីប្រកាសតែងតាំងនេះ បានធ្វើឡើងនៅសាលាខេត្តកណ្ដាល នាព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២ ក្រោមអធិបតី ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្ត តំណាង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងឯកឧត្តមបណ្ឌិត កែន សម្បត្តិ អគ្គនាយករងនៃអគ្គនាយដ្ឋានពន្ធដារ។ ថ្លែងក្នុងពិធីនេះ ឯកឧត្តម នូវប៉េង ច័ន្ទតារា បានធ្វើការកោតសរសើរចំពោះការខិតខំកន្លងមករបស់ អតីតប្រធានសាខាពន្ធដារខេត្តកណ្ដាលដែលបានសម្រេចនូវស្នាដៃប្រមូលពន្ធជូនរដ្ឋ ឱ្យមានការកើនឡើងជារៀងរាល់ឆ្នាំ ដែលនេះជាស្នាដៃល្អមួយ និងជាគំរូល្អដល់មន្ត្រីរាជការទាំងអស់ ត្រូវបន្តការខិតខំបំពេញការងារ និងប្រមូលពន្ធចូលរដ្ឋឱ្យបានច្រើន ដើម្បីយកមកអភិវឌ្ឍន៏ប្រទេសជាតិក៏ដូចជាអភិវឌ្ឍន៏ ក្នុងខេត្តកណ្ដាលនៅលើគ្រប់វិស័យ។ ឯកឧត្តមបានបញ្ជាក់ថា ចំណូលពន្ធអាករគ្រប់ប្រភេទដែលសាខាពន្ធដារខេត្តប្រមូលបានក្នុងរយៈពេល០៥ឆ្នាំ ចុងក្រោយនេះ គឺទទួលបានគ្រប់ និងលើសផែនការជារៀងរាល់ឆ្នាំ សម្រាប់ត្រីមាសទី១ ក្នុងឆ្នាំ២០២២នេះ ក៏ទទួលបានលទ្ធផលគាប់ប្រសើរដែរ ពោលគឺសម្រេចប្រមូលចំណូលពន្ធអាករគ្រប់ប្រភេទបានចំនួន ៣១,០២៨,០០០,០០០ រៀល ( សាម​សិបមួយប៊ីលានម្ភៃប្រាំបីលានរៀល) ដែលស្មើនឹង៤១,០៤% នៃផែនការ ហើយរំពឹងថានឹងអាចលើសផែនការដូចឆ្នាំមុនៗកន្លងមកទៀត ដែលនេះជាការស​បញ្ជាក់​​ឱ្យឃើញថា ការអនុវត្តការងាររបស់សាខាពន្ធដារខេត្តកណ្ដាល គឺប្រព្រឹត្តទៅដោយរលូន ប្រកប​ដោយសុខដុមរមនា និងសាមគ្គីភាពផ្ទៃក្នុងអង្គភាព ទាំងជាមួយអ្នកជាប់ពន្ធ ទាំងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ នេះហើយជាកត្តាគន្លឹះ នៃការសម្រេចបានលទ្ធផលជោគជ័យ ក្នុងបេសកកម្ម​​​​ប្រមូលចំណូលពន្ធក្នុងខេត្តកណ្តាល។ ថ្លែងនៅក្នុងពិធីនេះដែរ ឯកឧត្តម កែន សម្បត្តិ បានលើកឡើងថា ការប្រកាស និងផ្ទេរមុខតំណែង ប្រធានសាខាពន្ធដារនេះ គឺមិនមែនជាការប្រកាសដកតំណែងនរណាម្នាក់នោះទេ តែជាយន្តការក្នុងការផ្លាស់ប្តូរ របស់អគ្គនាយកដ្ឋានពន្ធដារ ក្នុងការពង្រឹងលើការប្រមូលចំណូលពន្ធជូនរដ្ឋ យកទៅប្រតិបត្តិការនៅតាមក្រសួងស្ថាប័ននានានៅក្នុងព្រះរាជាណាចក្រកម្ពុជា ដូចជា៖ បើកប្រាក់បៀវត្សន៍ កសាងហេដ្ឋារចនាសម្ព័ន្ធ សាលារៀន មន្ទីរពេទ្យ ទាំងនេះសុទ្ធតែចេញពីចំណូលពន្ធ ដែលប្រើប្រាស់ប្រកបដោយនីតិវិធីច្បាស់លាស់ និងមានប្រសិទ្ធភាព ។ ឯកឧត្តមបានបន្តថា មកទល់ពេលនេះបងប្អូនប្រជាពលរដ្ឋយើង មានការយល់ដឹងច្រើនពីច្បាប់ពន្ធដារ ធ្វើឱ្យការប្រមូលចំណូលពន្ធរបស់យើងនៅតែមានសន្ទុះខ្លាំង ហើយលើសផែនការជាប់ជាប្រចាំ ហើយកត្តាដែលធ្វើឱ្យការប្រមូលចំណូលពន្ធមានការកើនឡើងជាប្រចាំ គឺបណ្តាលមកពីសន្តិភាពនយោបាយ ការគោរពសិទ្ធិមនុស្ស សន្តិសុខ និងសន្តិភាពក្នុងប្រទេស ធ្វើឱ្យអ្នកវិនិយោគក្រៅប្រទេសនិងក្នុងប្រទេស មានការចូលរួមបណ្ដាក់ទុនវិនិយោគ ធ្វើឱ្យប្រជាពលរដ្ឋយើងមានការងារធ្វើច្រើន ដែលជាកត្តាជំរុញឱ្យការប្រមូលចំណូលពន្ធចូលរដ្ឋមានការកើនឡើង ពីមួយឆ្នាំទៅមួយឆ្នាំជាលំដាប់។ នៅក្នុងកាសនោះដែរ លោក ងួន សុវណ្ណ ដែលទើបបានប្រកាសតែងតាំងជាប្រធានសាខាពន្ធដារខេត្តកណ្ដាល បានប្តេជ្ញាចិត្តថា លោកនឹងបន្តពង្រឹងការប្រមូលចំណូលពន្ធចូលរដ្ឋឱ្យបានល្អ ជាពិសេសនឹងបន្តចុះផ្សព្វផ្សាយ បញ្ជ្រាបការយល់ដឹងអំពីច្បាប់នៃកាតព្វកិច្ចពន្ធ ជូនដល់ប្រជាពលរដ្ឋ ដើម្បីឱ្យការប្រមូលចំណូលពន្ធ ស្របទៅតាមគោលការរបស់អគ្គនាយកដ្ឋានពន្ធដារ ជាពិសេសសាខាពន្ធដាខេត្តកណ្ដាលនឹងខិតខំបន្តកិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធ ក៏ដូចជាអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ឱ្យបានកាន់តែល្អប្រសើរថែមទៀតផងដែរ ។

អត្ថបទទាក់ទង