រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ស្ត្រីរងគ្រោះដោយទឹកអាស៊ីតទទួលបានអំណោយពីសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល

ខេត្តកណ្តាល៖រសៀលថ្ងៃទី០៣ ខែ ឧសភា ឆ្នាំ២០២២ សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ដឹកនាំដោយលោក ទៀង សុគន្ធ នាយកសាខាកាកបាទក្រហម ខេត្តកណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ព្រមទាំងក្រុមការងារបានអញ្ជើញចុះសួរសុខទុក្ខស្ត្រីរងគ្រោះដោយទឹកអាស៊ីត ស្ថិតក្នុងភូមិបាក់ខែង សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ លោក ទៀង សុគន្ធ នាយកសាខា បាននាំការផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្ដម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទ ក្រហមកម្ពុជាខេត្តកណ្តាល ដោយក្តីនឹករលឹក និងអាណិតអាសូរជាពន់ពេក ដែលជានិច្ចជាការសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីនហ៊ុន សែន តែងតែយកចិត្តទុកដាក់ចំពោះ ប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះគ្រប់ទីកន្លែងគ្រប់ពេលវេលា និងបានណែនាំជាប្រចាំដល់មន្រ្តីនៅថ្នាក់មូលដ្ឋានទាំងអស់ ត្រូវពិនិត្យមើលពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋព្រមទាំងចុះសុខទុក្ខដល់ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយ និងគ្រោះថ្នាក់ផ្សេងៗ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ។ ក្នុងឱកាសនោះលោក ទៀង សុគន្ធ នាយកសាខាក៏បានសម្តែងនូវទឹកចិត្តអាណិតអាសូរ និងសោកស្តាយចំពោះហេតុការណ៍ដែលកើតឡើងចំពោះជនរងគ្រោះ ហើយបានជម្រាបជូនជនរងគ្រោះនឹងក្រុមគ្រួសារថាអាជ្ញាធរមានសម្ថកិច្ចនឹងកំពុងខិតខំយ៉ាងខ្លាំងក្នុងការតាមចាប់ជនបង្ករដើម្បីយកមកផ្តន្ទទាទោសតាមច្បាប់។ លោកបន្ថែមទៀតថា ថ្វីត្បិតតែអំណោយដែលយកមកចែកជូននាពេលនេះបន្តិចបន្តួចក៏ពិតមែន ប៉ុន្តែវាអាចជួយសម្រាល​ការ​ខ្វះខាតរបស់​បងប្អូនបានមួយកម្រិតផងដែរ។ សូមបញ្ជាក់ថា៖ អំណោយដែលយកមកប្រគល់ជូនគ្រួសាររងគ្រោះដោយទឹកអាស៊ីត រួមមាន៖អង្ករ៥០គីឡូ,មី១កេស,ត្រីខ១យួរ,ទឹកសុទ្ធ១កេស,ទឹកត្រី១យួរ,ជេលលាងដៃ១ដប,ម៉ាស់១ប្រអប់ និងថវិកា១,២០០,០០០រៀល(មួយលានពីរសែនរៀល)។

អត្ថបទទាក់ទង