ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ ឯកឧត្ដម ចយ សុបិន សមាជិកក្រុមប្រឹក្សាខេត្តកណ្ដាល តំណាងឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្ត និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងលោកជំទាវ នួន នារតី អនុប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព បានអញ្ជើញចូលរួមក្នុងវេទិកាជាតិ ស្ដីពីស្រ្តីក្នុងភាពជាអ្នកដឹកនាំ និងអភិបាលកិច្ច តាមប្រព័ន្ធវីដេអូអនឡាញ ក្រោមអធិបតីភាព លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភានិងជាប្រធាន ក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្រ្តី។ ក្នុងវេទិកាជាតិ ស្ដីពី ស្រ្តីក្នុងភាពជាអ្នកដឹកនាំ និងអភិបាលកិច្ច លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា និងជាប្រធានក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្រ្តី បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានទទួលស្គាល់តួនាទីដ៏សំខាន់របស់ស្រ្តី ក្នុងការរួមចំណែកដល់ស្ថេរភាពនយោបាយ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងសន្តិភាព តាមរយៈការអនុវត្តគោលនយោបាយ និងវិធានការលើកកម្ពស់សមភាពយេនឌ័រ ដែលអនុញ្ញាតអោយស្រ្តីបានចូលរួមយ៉ាងពេញលេញ ដូចបុរសនៅក្នុងវិស័យនយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌ជាតិ ។ លោកជំទាវ ក៏បានបញ្ជាក់ពីគោលបំណង នៃវេទិកាជាតិ ស្ដីពី ស្រ្តីក្នុងភាពជាអ្នកដឹកនាំ និងអភិបាលកិច្ច គឺអនុវត្តតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ឆ្នាំ២០២២ គោលដៅទី៥ ជាពិសេសក្នុងការលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ស្រី្ត ក្នុងវិស័យសាធារណៈ និងនយោបាយ នៃផែនការយុទ្ធសាស្រ្តនារីរតនៈទី៥ ២០១៩-២០២៣ នៃក្រសួងកិច្ចការនារី ។