(ខេត្តកណ្តាល)៖ក្បាលដីចំនួន១,៤៧២ ស្ថិតក្នុងភូមិត្រពាំងធ្នង់ និងភូមិត្រពាំងអណ្តូង ឃុំទំនប់ធំ ស្រុកពញាឮត្រូវបានបិទផ្សាយជាសាធារណៈនូវឯកសារនការវិនិច្ឆ័យជូនប្រជាពលរដ្ឋដែលជាម្ចាស់កម្មសិទ្ធ នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ ២០២២ ដែលមានទីតាំងនៅវត្តដំបូកមានល័ក្ខណ៍។ លោក ព្រំ ឆាត អនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ខេត្តកណ្តាល បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានក្បាលដីក្នុងភូមិខាងលើសូមអញ្ជើញមកពិនិត្យទិន្នន័យក្បាលដីអោយបានគ្រប់ៗគ្នាចៀសវាងខុសឈ្មោះ ថ្ងៃខែឆ្នាំកំណើតទំហំដី រឺប្រភេទដីជាដើម និងត្រូវផ្សព្វផ្សាយបន្តដល់បងប្អូនប្រជាពល់រដ្ឋដែលមានដីក្នុងភូមិខាងលើមកពិនិត្យទិន្នន័យក្បាលអោយបានគ្រប់ៗគ្នា។ លោកបន្តថា៖ការបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យមានលក្ខណៈជាប្រព័ន្ធ នាពេលនេះគឺមានរយៈពេល ១៥ថ្ងៃគិតចាប់ពីថ្ងៃទី ២០ ខែមិថុនាដល់ថ្ងៃទី ៤ ខែកក្កដា ឆ្នាំ២០២២ ដោយគិតបញ្ចូលទាំងថ្ងៃឈប់សម្រាកផងដែរ។ លោកបានបន្ថែមថា៖ ក្នុងពេល១៥ថ្ងៃនេះជាការកំណត់ចុងក្រោយសម្រាប់អ្នកកាន់កាប់ដី និងអង្គភាពពាក់ព័ន្ធមកពិនិត្យទិន្នន័យដើម្បីបញ្ជាក់ថាទិន្នន័យក្បាលដីរបស់បងប្អូន ពិតជាត្រឹមត្រូវដែររឺទេប្រសិនបើមានកំហុសឆ្គងដោយប្រការណាមួយដូចជា ខុសឈ្មោះ ថ្ងៃ ខែ ឆ្នាំ កំណើត អាយុ ភេទ ទំហំដី និងប្រភេទទ្រព្យជាដើមនោះម្ចាស់ដីត្រូវធ្វើការស្នើសុំកែតម្រូវក្នុងកំឡុងពេល១៥នេះ ក្រោយពីការបិទផ្សាយនេះចប់ជាស្ថាពរ អ្នកកាន់កាប់ដីនិងអង្គភាពពាក់ព័ន្ធទាំងអស់មិនអាចតវ៉ាបានទៀតឡើយ។ អាស្រ័យហេតុនេះក្រោយពេល១៥ ថ្ងៃនៃការបិទផ្សាយត្រូវបានបញ្ចប់ ក្រុមការងារដែលប្រចាំការនៅទីនោះសូមធ្វើការសហការជាមួយអាជ្ញាធរដែនដី ជាពិសេសលោកមេភូមិសូមជូនដំណឹងដល់ប្រជាពលរដ្ឋ មកពិនិត្យទិន្នន័យក្បាលដីអោយបានគ្រប់ៗគ្នា។ ថ្លែងក្នុងពិធីនោះដែរ លោក សំអុល ចំរើនឧត្តម អភិបាលរងស្រុកពញាឮ បានមានប្រសាសន៍ថា៖ ការបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យក្នុងការចុះបញ្ជីដីធ្លី ដែលមានលក្ខណៈជាប្រព័ន្ធ គឺពិតជាមានសារៈសំខាន់ណាស់ក្នុងដំណើរនៃការចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋបានត្រឹមត្រូវ ដើម្បីការបង្កើនសុវត្ថិភាពលើការកាន់កាប់ និងប្រើប្រាស់ដីធ្លីស្របច្បាប់ និងកាត់បន្ថយទំនាស់ដីធ្លី ធ្វើអោយដីមានតម្លៃងាយស្រួលក្នុងការទិញលក់ជាដើម។ លោកអភិបាលរងស្រុក បានសំណូមពរដល់អជ្ញាធរគ្រប់ជាន់ថ្នាក់ និងស្ថាប័នពាក់ព័ន្ធ រួមទាំងប្រជាពលរដ្ឋទាំងអស់ ដែលជាអ្នកកាន់កាប់ដីធ្លីនៅក្នុងតំបន់នេះ ត្រូវបង្កលក្ខណៈផ្ដល់ភាពងាយស្រួល និងចូលរួមសហការអោយបានរលូនជាមួយក្រុមការងាចុះបញ្ជីដីធ្លី ដើម្បីអោយការអនុវត្តតាមនិតិវិធី នៃការចុះបញ្ជីដីធ្លីប្រព្រឹត្តទៅដោយរលូន និងដើម្បីអោយប្រជាពលរដ្ឋទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លីដែលជាឯកសាររដ្ឋបាលបញ្ជាក់ពីសិទ្ធិជាម្ចាស់លើក្បាលដីនីមួយៗប្រជាពលរដ្ឋដែលទទួលបានប័ណ្ណកម្មសិទ្ធិ គឺជាម្ចាស់ដីពេញលក្ខណៈ ហើយត្រូវបានការពារដោយច្បាប់។