ខេត្តកំពង់ស្ពឺ ៖ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្ដម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល តំណាងឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបិទវគ្គនិស្សិតនាយទាហានសកម្មជំនាន់ទី២២ និងបញ្ចុះបឋមសិលាសាងសង់អគារស្នាក់នៅចំនួនពីរខ្នង ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នៅសាលានាយទាហានសកម្ម(ត្មាតពង)ស្ថិតក្នុង ភូមិបាត់ដឹង ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ។ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានសម្តែងការអបអរសាទរចំពោះលទ្ធផលដ៏ត្រចះត្រចង់របស់និស្សិតនាយទាហានសកម្មជំនាន់ទី២២ ដែលសម្រេចបាន បន្ទាប់ពីបញ្ចប់ការសិក្សាប្រកបដោយជោគជ័យគួរជាទីមោទនៈ។ នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានបញ្ជាក់ថាការបណ្តុះបណ្តាល និងការអភិវឌ្្ឍទៅបាន ក៏អាស្រ័យលើកត្តាសង្គមជាតិមានសន្តិភាព ក្រោមនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលបានយកជីវិតធ្វើជាដើមទុន ពុះពារគ្រប់ឧបសគ្គដើម្បីបញ្ចប់សង្គ្រាមនៅកម្ពុជា។ នាយឧត្តមសេនីយ៍បន្តថា «កងយោធពលខេមរភូមិន្ទ ជាឆ្អឹងខ្នងរបស់ប្រទេសជាតិ ទោះស្ថិតក្នុងតម្លៃណាក៏ដោយ ត្រូវកម្ចាត់ចោលភ្លាមនូវបដិវត្តន៍ពណ៌ និងក្រុមជ្រុលនិយមដែលមានចរិតបង្កចលាចលក្នុងសង្គម រក្សាឲ្យបានស្ថេរភាពសង្គម និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ»។នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានផ្តាំផ្ញើដល់និស្សិតនាយទាហានសកម្ម ត្រូវពង្រឹងជំហរស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ លើកកម្ពស់មនសិការស្នេហាជាតិ ហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីការពារជាតិ និងប្រជាជន។ ទន្ទឹមនេះ ត្រូវយកចំណេះដឹងដែលបានពីការសិក្សា និងចុះដកបទពិសោធន៍កន្លងមកនេះ ដើម្បីប្រែក្លាយទៅជាការអនុវត្តជាក់ស្ដែងក្នុងការបំពេញភារកិច្ចដែលអង្គភាពប្រគល់ឱ្យ។ ឧត្តមសេនីយ៍ឯក ប៊ុត សុភាព នាយកសាលានាយទាហានសកម្ម បានឲ្យដឹងថា វគ្គបណ្តុះបណ្តាលនិស្សិតនាយទាហានសកម្មជំនាន់ទី២២ ដែលបានបញ្ចប់នាពេលនេះមានចំនួន ១៩២ នាក់ ដោយសិក្សារយៈពេល ៤ ឆ្នាំ លើមុខវិជ្ជាមួយចំនួន រួមមាន វិទ្យាសាស្ត្រយោធា, វិទ្យាសាស្ត្រមូលដ្ឋាន និងចំណេះដឹងផ្សេងៗ។