ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្ដាល បានអញ្ចើញជាអធិបតីភាពក្នុងពិធីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាឃុំបាគូ នៃស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្ត បានថ្លែងនូវការកោតសរសើរ និងចូលរួមអបអរសាទរយ៉ាងក្លៀវក្លា ចំពោះលោកស្រីអស់លោកជាសមាជិកក្រុមប្រឹក្សាឃុំ អាណត្តិទី៥ និងអស់លោក លោកស្រីជាមេឃុំ ជំទប់ទាំងអស់ ដែលបានទទួលនូវការស្រលាញ់ពេញចិត្ត និងការគាំទ្រពីសំណាក់ប្រជាពលរដ្ឋតាមរយៈការបោះឆ្នោតកាលពីថ្ងៃអាទិត្យ ទី៥ ខែមិថុនា កន្លងមកនេះ ដើម្បីបន្តដឹកនាំឃុំបាគូអោយមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត។លោកជំទាវ អភិបាលរងខេត្តបានបន្តទៀតថា៖ ក្នុងនាមជាសមាជិកក្រុមប្រឹក្សាដែលបានជាប់ឆ្នោត ទោះបីជាមានសមាសភាពមកពីគណបក្សនយោបាយតែមួយ ឬគណបក្សនយោបាយផ្សេងគ្នាក៏ពិតមែន ប៉ុន្តែតាមគោលការណ៍ច្បាប់ ក្រុមប្រឹក្សាគឺជាតំណាងអោយប្រជាពលរដ្ឋ ហេតុនេះនៅក្នុងអាណត្តិការងារ ០៥ឆ្នាំនេះ លោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាត្រូវខិតខំបំពេញតួនាទី ភារកិច្ចក្នុងការគ្រប់គ្រង ចាត់ចែងកិច្ចការមូលដ្ឋានរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងបម្រើផលប្រយោជន៍ ព្រមទាំងសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋទាំងអស់ស្មារតី ដោយយុត្តិធម៌ និងមិនប្រកាន់និន្នាការនយោបាយឡើយ។