ខេត្តកណ្ដាល៖ ក្រុមប្រឹក្សាសង្កាត់តាខ្មៅថ្មី ដែលបានទទួលនូវការស្រឡាញ់ពេញចិត្ត និងការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ តាមរយៈការបោះឆ្នោតកាលពីថ្ងៃអាទិត្យ ទី០៥ ខែមិថុនា ឆ្នាំ ២០២២ កន្លងមកនេះ ត្រូវយកចិត្តទុកដាក់ផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងបន្តខិតខំថែរក្សានូវសុខសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ក្នុងមូលដ្ឋានរបស់ខ្លួន។ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ថ្លែងបែបនេះក្នុងឱកាសដែលឯកឧត្តមអញ្ជើញជាអធិបតីភាពក្នុងពិធី ប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សា អាណត្តិទី៥ នៃរដ្ឋបាលសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល នារសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ នៅសាលាសង្កាត់តាខ្មៅ។ ឯកឧត្តមអភិបាលខេត្ត បន្តថា ដើម្បីឆ្លើយតបទៅនឹងការគាំទ្ររបស់ប្រជាពលរដ្ឋ សមាជិកក្រុមប្រឹក្សាសង្កាត់ទាំងអស់ ត្រូវខិតខំផ្តល់សេវាសាធារណៈនានាជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានល្អប្រសើរប្រកបដោយ ក្រមសីលធម៌វិជ្ជាជីវៈ និងកែលម្អឥរិយាបថក្នុងការប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋ ដោយតម្លភាព គណនេយ្យភាព និងយុត្តិធម៌ ដោយមិនត្រូវមានការរើសអើង ការបែងចែកបក្សពួក គ្រួសារ និយម និងនិន្នាការនយោបាយ ដើម្បីបង្កើនជំនឿទុកចិត្ត និងការគាំទ្រពីប្រជាពលរដ្ឋ ព្រមទាំង ត្រូវអនុវត្ដឱ្យស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តកំណត់។ ទន្ទឹមនឹងនោះក្រុមប្រឹក្សាសង្កាត់តាខ្មៅ អាណត្តិថ្មី ត្រូវសហការ និងប្រមូលរាល់កម្លាំងមហាជន ប្រជាជនក្នុងសង្កាត់ ដើម្បីអនុវត្តឱ្យសម្រេចបានជោគជ័យនូវរាល់គោលនយោបាយនានារបស់រាជរដ្ឋាភិបាល ពិសេសជំរុញការចូលរួមអនុវត្តគោលនយោបាយ "ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព" របស់រាជរដ្ឋាភិបាល ដែលមាន លក្ខណសម្បត្តិ ០៧យ៉ាង រួមមាន៖១. ផ្តល់សេវាសាធារណៈ ជាពិសេស សេវារដ្ឋបាល ប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត២. គ្មានបទល្មើសលួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើស គ្រប់ប្រភេទ៣. មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍ ៤. គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ជាពិសេសស្ត្រីនិងកុមារ គ្មានអំពើហិង្សា ក្នុងគ្រួសារ និងគ្មានក្មេងទំនើង៥. ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និង ប្រសិទ្ធភាព៦. មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ ៧. ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺឆ្លងរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព។ សូមបញ្ជាក់ផងដែរថា តាមប្រកាសរបស់ក្រសួងមហាផ្ទៃ លេខ៣០៨៩ប្រក ស្ដីពីការទទួលស្គាល់សមាសភាពប្រធានក្រុមប្រឹក្សាសង្កាត់ ចៅសង្កាត់ ចៅសង្កាត់រង និងសមាជិកក្រុមប្រឹក្សាសង្កាត់ នៃសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ទទួលស្គាល់សមាសភាពជាប្រធានក្រុមប្រឹក្សាសង្កាត់ និងសមាជិកក្រុមប្រឹក្សាសង្កាត់តាខ្មៅ ដូចមានរាយនាមខាងក្រោម៖ ១- លោក ជៀម ខូយ ជាប្រធានក្រុមប្រឹក្សាសង្កាត់២- លោក ហ៊ុត ប៊ុនណារ៉ុង ជាសមាជិកក្រុមប្រឹក្សាសង្កាត់៣- លោក ស៊ុំ ផាត ជាសមាជិកក្រុមប្រឹក្សាសង្កាត់៤- លោក ទិត្យ សុផាណារ៉ា ជាសមាជិកក្រុមប្រឹក្សាសង្កាត់៥- លោកសី្រ ថន សុគន្ធសូលីដា ជាសមាជិកក្រុមប្រឹក្សាសង្កាត់៦- លោក ស៊ឹម ហុង ជាសមាជិកក្រុមប្រឹក្សាសង្កាត់៧- លោក ញ៉ែម វុទ្ធី ជាសមាជិកក្រុមប្រឹក្សាសង្កាត់៨- លោកស្រី អាត ស្រីល័ក្ខ ជាសមាជិកក្រុមប្រឹក្សាសង្កាត់៩- លោក ឈុន សុភ័ក ជាសមាជិកក្រុមប្រឹក្សាសង្កាត់១០-លោក យឹម វណ្ណថន ជាសមាជិកក្រុមប្រឹក្សាសង្កាត់១១-លោក យូ គឹមយាន ជាសមាជិកក្រុមប្រឹក្សាសង្កាត់។