ខេត្តកណ្តាល៖ព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ នៅសាលាឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល បានរៀបចំពិធីប្រកាសសុពលភាព សមាជិកក្រុមប្រឹក្សាឃុំព្រែកអញ្ចាញ ក្នុងអាណត្តិទី៥ ក្រោមអធិបតីភាព ឯកឧត្តម គង់ អៀង ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំព្រែកអញ្ចាញ និងឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល។ មានប្រសាសន៍ក្នុងឱកាសនោះ៖ ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្ត បានថ្លែងការកោតសរសើរចំពោះ លោកលោកស្រី ជាសមាជិកក្រុមប្រឹក្សាឃុំ មេឃុំ ជំទប់ ទាំងអស់ ក្នុងអាណត្តិទី៥ ដែលបានទទួលនូវការស្រឡាញ់ពេញចិត្តនិងការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ តាមរយៈការបោះឆ្នោត កាលពីថ្ងៃអាទិត្យ ទី០៥ ខែមិថុនា ឆ្នាំ២០២២ កន្លងមកនេះ ដើម្បីបន្តដឹកនាំឃុំព្រែកអញ្ចាញ ដើម្បីអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត។ ឯកឧត្តមបានបន្តថា៖ក្នុងនាមជាសមាជិកក្រុមប្រឹក្សាដែលបានជាប់ឆ្នោតទោះបីជា អស់លោក លោកស្រី មានសមាសភាពមកពីគណបក្សនយោបាយតែមួយ ឬគណបក្សនយោបាយផ្សេងៗ គ្នាក៏ពិតមែន ប៉ុន្តែតាមគោលការណ៍ច្បាប់ក្រុមប្រឹក្សា គឺជាតំណាងឲ្យប្រជាពលរដ្ឋក្នុងឃុំព្រែកអញ្ចាញទាំងមូល។ ហេតុនេះនៅក្នុងអាណត្តិការងារ០៥ឆ្នាំនេះ លោក លោកស្រី អស់លោកជាសមាជិកក្រុមប្រឹក្សាត្រូវ ខិតខំបំពេញតួនាទី ភារកិច្ចក្នុងការគ្រប់គ្រង ចាត់ចែងកិច្ចការមូលដ្ឋានរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋ និងបម្រើផលប្រយោជន៍ព្រមទាំងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទាំងអស់ដោយស្មើភាព ដោយយុត្តិធម៌ និងមិនត្រូវប្រកាន់និន្នាការនយោបាយនោះឡើយ។ ក្នុងឱកាសនោះឯកឧត្តមក៏បានបង្ហាញនូវក្តីសង្ឃឹមជឿជាក់ថា អស់លោកដែលទើបបានជាប់ឆ្នោតថ្មី និងអស់លោកដែលបានជាប់ឆ្នោតឡើងវិញជាសមាជិកក្រុមប្រឹក្សាឃុំ ក្នុងអាណត្ដិទី៥នេះ ពិតជានឹងចូលរួមបញ្ចេញអស់នូវសមត្ថភាពផ្តាច់ជ្ញាក្នុងការចូលរួមបញ្ចេញសមត្ថភាព ប្រាជ្ញា ស្មារតី កម្លាំងកាយ កម្លាំងចិត្ត ដើម្បីបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋក្នុងឃុំរបស់ខ្លួន។ សូមបញ្ជាក់ថា៖សមាភាពប្រធានក្រុមប្រឹក្សាឃុំ និងសមាជិកក្រុមប្រឹក្សាឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល មានចំនួន៩រូប ក្នុងនោះមកពីគណបក្សប្រជាជនកម្ពុជាចំនួន៧រូប និងគណបក្សភ្លើងទៀនចំនួន២រូប៕