រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

រដ្ឋបាលខេត្តកណ្តាល បានប្រជុំពិនិត្យលើការងារចងក្រងសមាជិកចលនាភូមិ១ ផលិតផល១ សម្រាប់ឆ្នំា២០២២

+++++++++ខេត្តកណ្តាល៖ ថ្លែងនៅក្នុងកិច្ចប្រជុំពិនិត្យលើការងារចងក្រងសមាជិកចលនាភូមិ១ ផលិតផល១ សម្រាប់ឆ្នំា២០២២ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២នេះ ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល បានស្នើឱ្យគ្រប់មន្ទីរជំនាញជុំវិញខេត្តរួមមាន មន្ទីរពាណិជ្ជកម្ម មន្ទីរទេសចរណ៍ មន្ទីរឧស្សាហកម្ម មន្ទីរកសិកម្ម មន្ទីរកិច្ចការនារី មន្ទីរវប្បធម៌ មន្ទីរអភិវឌ្ឍន៍ជនបទ និងមន្ទីរផែនការ ពិនិត្យលទ្ធភាព តាមវិស័យរបស់ខ្លួន ដើម្បីស្វែងរកផលិតផលសក្តានុពល ដើម្បីដាក់ បញ្ចូលក្នុងចលនាប្រឡង ប្រណាំង ភូមិ១ ផលិតផល១ ឱ្យទទួលបានលទ្ធផលល្អ ពីព្រោះខេត្តកណ្តាលជាខេត្តមួយ ដែលមានសក្តានុពលពហុវិស័យ ។

ឯកឧត្តមបានបន្តថា តាមរយៈវគ្គបំពាក់បំប៉នស្តីពីកាងារជំរុញចលនាភូមិ១ ផលិតផល១ ដែលបានរៀបចំកន្លងមក ដល់មន្ត្រីជំនាញលើការងារចងក្រងសមាជិកចលនាភូមិ១ ផលិតផល១ សូមឱ្យអ្នកពាក់ព័ន្ធទាំងអស់ ខិតខំជំរុញ និងផ្សព្វផ្សាយបន្តឱ្យទូលំទូលាយ ដល់កសិករ ផលិតករ វិស័យឯកជននានា ដើម្បីចូលរួមឱ្យបានផុលផុស សំដៅឱ្យខេត្តកណ្តាល ក៏ដូចជាភូមិនីមួយៗ ជ្រើសយកផលិតរបស់ខ្លួន ពីមួយមុខឡើងទៅ ដើម្បីចូលរួមប្រកួតប្រជែង ដណ្តើមយកវិញ្ញាបនប័ត្រទទួលជាផលិតផលល្អ ដែលទទួលម៉ាកឬ Logo ជារបស់ខ្លួន និងបានជាមោទនភាពខេត្ត ក៏ដូចជាលើកកម្ពស់ផលិតផលខេត្ត ដើម្បីឱ្យមានទីផ្សារកាន់តែទូលំទូលាយ ជាពិសេសមន្ទីរពាក់ព័ន្ធសូមខិតខំប្រមូលផលិតផលទាំងអស់ដែលគិតថាល្អ ដើម្បីយកមកប្រជុំវាយតម្លៃយកជាផលិតផលរបស់ខេត្ត សម្រាប់ការប្រឡងប្រណាំងនាពេលឆាប់ៗនេះផងដែរ។ឯកឧត្តមអភិបាលរងខេត្តបានគូសបញ្ជាក់ដែរថា គោលបំណងនៃកិច្ចប្រជុំគឺ ដើម្បីពិភាក្សាលើឯកសារគោលការណ៍ណែនាំស្ដីពីការចងក្រងសមាជិកចលនាភូមិ១ ផលិតផល១រៀបចំបញ្ជីផលិតផលភូមិ១ ផលិតផល១ សំខាន់ៗក្នុងខេត្ត និងស្វែងយល់ពីបទពិសោធន៍ បញ្ហាប្រឈមនានានៃខ្សែសង្វាក់ផលិតកម្មទីផ្សារ និងកម្លាំងពលកម្ម ។នាឱកាសនោះដែរ ឯកឧត្តមក៏បានអំពាវនាវដល់ប្រជាជនយើងសូមជួយគាំទ្រ និងជួយប្រើប្រាស់ នូវផលិតផលខ្មែរ ដើម្បីជួយលើកទឹកចិត្តដល់ការផលិតនៅក្នុងស្រុក និងឱកាសក្នុងការស្វែងរកដៃគូនិយោគនិងឆ្ពោះទៅកាន់ទីផ្សារ ក្នុងការនាំចេញផលិតផលខ្មែរយើង សំដៅជួយលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ គ្រប់ប្រភេទឱ្យបានកាន់តែទូលំទូលាយ ដើម្បីរួមគ្នា ក្នុងការរួមចំណែកកាត់បន្ថយនូវភាពក្រីក្ររបស់ប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស។សូមជម្រាបផងដែរថា គណៈកម្មាធិការជាតិជំរុញចលនា ភូមិ១ ផលិតផល១ បាន ណែនាំឱ្យរដ្ឋបាលខេត្ត ត្រូវត្រៀមលក្ខណៈឱ្យបានគ្រប់ជ្រុងជ្រោយលើ ការចុះសម្ភាសន៍ ជាក់ស្តែងលើមូលដ្ឋានផលិតកម្ម និងសេវាកម្ម ដោយត្រូវធ្វើការជ្រើសរើសផលិតផលក្នុងខេត្តរបស់ខ្លួនឱ្យបានយ៉ាងតិច ២០មុខ ឬច្រើនជាងនេះ ក្នុងការចូលរួមប្រកួតប្រជែង និងត្រូវផ្ញើមកថ្នាក់ជាតិឱ្យបានមុនថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២២ ។

អត្ថបទទាក់ទង