++++++++ខេត្តកណ្តាល ៖ មន្ទីររៀបចំដែនដី នគររូបនីយកម្មសំណង់ និងសុរិយោដីខេត្តកណ្តាលបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ក្បាលដីក្នុងភូមិសំរោង ភូមិទឹកឃ្លាំង ភូមិជ្រោយពិសី ឃុំទឹកឃ្លាំង ស្រុកល្វាឯម ខេត្តកណ្តាល សូមចូលរួមសហការជាមួយក្រុមការងារចុះវាស់វែងដីធ្លី ដោយត្រូវកំណត់ព្រំដីអោយបានច្បាស់លាស់ដើម្បីមានភាពងាយស្រួលដល់ក្រុមការងារចុះបញ្ជី និងសូមផ្សព្វផ្សាយបន្តដល់បងប្អូនប្រជាពលរដ្ឋដែលមានក្បាលដីក្នុងភូមិខាងលើអោយបានគ្រប់ៗគ្នា និងត្រូវត្រៀមឯកសារពាក់ព័ន្ធរួមមាន៖លិខិតទិញលក់ សំបុត្រកំណើត សៀវភៅគ្រួសារអត្តសញ្ញាណប័ណ្ណ សំបុត្រអាពាហ៍ពិពាហ៍ និងឯកសារផ្សេងៗជាដើមដើម្បីងាយស្រួលដល់ក្រុមការងារចុះវាស់វែង និងងាយស្រួលចេញប្លង់កម្មសិទ្ធជូនបងប្អូនដោយស្របច្បាប់។ នេះជាការអំពាវនាវរបស់ លោក ទៀង កុស្យារៈ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តកណ្តាល នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ ដែលមានទីតាំងស្ថិតក្នុងវត្តជ្រោយពិសី ។
លោក ទៀង កុស្យារៈ បានបន្តថា គោលបំណងនៃការប្រជុំផ្សព្វផ្សាយថ្ងៃនេះគឺដើម្បីផ្សព្វផ្សាយជាសាធារណៈនូវដំណើរការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធរួមមានការកំណត់ព្រំដីការវាស់វែង និងការវិនិច្ឆ័យ ដែលអនុវត្តផ្ទាល់ដោយមន្ត្រីជំនាញ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តសហការជាមួយអាជ្ញាធរដែនដី និងមន្ទីរអង្គភាពគ្រប់គ្រងដីរដ្ឋដែលពាក់ព័ន្ធ។ លោកបានបន្ថែមថា៖ ការចុះបញ្ជីដីធ្លីនេះគឺ ត្រូវចុះបញ្ជីទាំងដីឯកជនទាំងដីរដ្ឋដែលអនុវត្តទៅតាមនីតិវិធី និងបច្ចេកវិទ្យាទំនើបមានតម្លាភាព និងការទទួលខុសត្រូវ ដែលប្រទេសជឿនលឿនលើពិភពលោកកំពុងអនុវត្ត ហើយមានប្រសិទ្ធិភាពលើការគ្រប់គ្រងដីធ្លីនេះជាប្រការសមស្របបំផុតដែលបានកំណត់នៅក្នុងគោល នយោបាយដីធ្លីរបស់រាជរដ្ឋាភិបាលដើម្បីកាត់ បន្ថយភាពក្រីក្រ ទំនាស់ដីធ្លីនៅក្នុងសង្គម និងការអភិវឌ្ឍប្រទេសជាតិ ។
លោក បានបន្ថែមថាក្រោយពីការចុះបញ្ជីដីធ្លីនេះរួច ប្រជាពលរដ្ឋដែលជាម្ចាស់ក្បាលដីអ្នកកាន់កាប់ទទួលបានប័ណ្ណកម្មសិទ្ធិហើយតាមរយៈ នៃប័ណ្ណកម្មសិទ្ធិនេះបងប្អូនប្រជាពលរដ្ឋ និងក្លាយជាម្ចាស់ដីពិតប្រាកដ មានសិទ្ធិស្របច្បាប់ក្នុងការកាន់កាប់ប្រើប្រាស់អាស្រ័យផល និងចាត់ចែងមិនត្រឹមតែប៉ុណ្ណោះបណ្ណ័កម្មសិទ្ធិនេះ គឺជាឯកសារគតិយុត្តសំរាប់ជាសំអាងនៅពេលមានជំលោះកើតឡើងបញ្ជាក់ថាខ្លួនជាម្ចាស់ដីធ្លីពិតប្រាកដ។ លោក កន សុខកាយ អភិបាលស្រុកល្វាឯម បានមានប្រសាសន៍ថា ក្រោយពីការចុះបញ្ជីដីធ្លីនេះរួច ប្រជាពលរដ្ឋដែលជាម្ចាស់ក្បាលដីអ្នកកាន់កាប់ទទួលបានប័ណ្ណកម្មសិទ្ធិហើយតាមរយៈ នៃប័ណ្ណកម្មសិទ្ធិនេះបងប្អូនប្រជាពលរដ្ឋ នឹងក្លាយជាម្ចាស់ដីពិតប្រាកដ មានសិទ្ធិស្របច្បាប់ក្នុងការកាន់កាប់ប្រើប្រាស់អាស្រ័យផល និងចាត់ចែងមិនត្រឹមតែប៉ុណ្ណោះបណ្ណ័កម្មសិទ្ធិនេះ គឺជាឯកសារគតិយុត្តសំរាប់ជាសំអាងនៅពេលមានជំលោះកើតឡើងបញ្ជាក់ថាខ្លួនជាម្ចាស់ដីធ្លីពិតប្រាកដ។ លោកអភិបាលស្រុកក៏បានកោតសរសើរដល់មន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោងដីខេត្តកណ្តាលដែលបានខិតខំប្រឹងប្រែងសម្រេចលទ្ធផលក្នុងការចុះបញ្ជីប្រមូលទិន្នន័យក្បាលដី និងអ្នកកាន់កាប់ដី ដែលកំពុងអនុវត្តចុះកំណត់ព្រំ វាស់វែង ផ្សព្វផ្សាយកំណត់តំបន់វិនិច្ឆ័យ ក្នុងភូមិទាំង០៣ នៃឃុំទឹកឃ្លាំងដើម្បីចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ ។ ជាមួយគ្នានេះ លោកអភិបាលស្រុក ក៏បានស្នើដល់ប្រជាពលរដ្ឋត្រូវកំណត់ព្រំដីអោយបានច្បាស់លាស់ដើម្បីមានភាពងាយស្រួលដល់ក្រុមការងារចុះបញ្ជី និងសូមផ្សព្វផ្សាយបន្តដល់បងប្អូនប្រជាពលរដ្ឋដែលមានក្បាលដីក្នុងភូមិខាងលើអោយបានគ្រប់ៗគ្នា និងផ្តល់ការគាំទ្រ យោគយល់ និងផ្តល់កិច្ចសហការជាមួយក្រុមការងារមន្ត្រីជំនាញ ក្នុងដំណើរការចុះបញ្ជីដីធីមានលក្ខណៈជាប្រព័ន្ធនេះ អោយបានជោគជ័យ៕