រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំ​ផ្សព្វផ្សាយ​សេចក្តីប្រកាស​កំណត់​តំបន់​វិនិច្ឆ័យ សម្រាប់​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ប្រព័ន្ធចំនួន១២ភូមិ ក្នុងគគីរ ស្រុកកៀនស្វាយ

++++++++++ខេត្តកណ្តាល៖មន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាលបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ក្បាលដីក្នុងភូមិទួលត្នោត ភូមិតារាបដូនស ភូមិស្លាបតាអោន ភូមិចន្លក់ ភូមិទួលក្របៅ ភូមិគគីរ ភូមិដូនស ភូមិទួលដូង ភូមិកោះបៀ ភូមិចិនកោះ ភូមិជ្រោយតាប៉ា និងភូមិចន្លក់ក្រៅ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល សូមចូលរួមសហការជាមួយក្រុមការងារចុះវាស់វែងដីធ្លី ដោយត្រូវកំណត់ព្រំដីអោយបានច្បាស់លាស់ដើម្បីមានភាពងាយស្រួលដល់ក្រុមការងារចុះបញ្ជី និងសូមផ្សព្វផ្សាយបន្តដល់បងប្អូនប្រជាពលរដ្ឋដែលមានក្បាលដីក្នុងភូមិខាងលើអោយបានគ្រប់ៗគ្នា និងត្រូវត្រៀមឯកសារពាក់ព័ន្ធរួមមាន៖លិខិតទិញលក់ សំបុត្រកំណើត សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ សំបុត្រអាពាហ៍ពិពាហ៍ និងឯកសារផ្សេងៗជាដើមដើម្បីងាយស្រួលដល់ក្រុមការងារចុះវាស់វែង និងងាយស្រួលចេញប្លង់កម្មសិទ្ធជូនបងប្អូនដោយស្របច្បាប់នេះជាការអំពាវនាវរបស់ លោក ព្រំ ឆាត អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល នាព្រឹកថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ ២០២២ ដែលមានទីតាំងស្ថិតក្នុងវត្តបទុមសត្ថា។

លោក ព្រំ ឆាត បានបន្តថា៖ គោលបំណង​នៃ​ការប្រជុំ​ផ្សព្វផ្សាយ​ថ្ងៃនេះ​គឺ​ដើម្បី​ផ្សព្វផ្សាយ​ជា​សាធារណៈ នូវ​ដំណើរការ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​រួមមាន​ការកំណត់​ព្រំដី ការវាស់វែង និង​ការវិនិច្ឆ័យ ដែល​អនុវត្ត​ផ្ទាល់​ដោយ​មន្ត្រី​ជំនាញ នៃ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត សហការ​ជាមួយ​អាជ្ញាធរ​ដែនដី និង​មន្ទីរអង្គភាព​គ្រប់គ្រង​ដី​រដ្ឋ​ដែល​ពាក់ព័ន្ធ។ លោកបានបន្ថែមថា៖ការចុះបញ្ជី​ដីធ្លី​នេះ​គឺត្រូវ​ចុះបញ្ជី​ទាំង​ដីឯកជន ទាំង​ដី​រដ្ឋ ដែល​អនុវត្ត​ទៅតាម​នីតិវិធី និង​បច្ចេកវិទ្យា​ទំនើប មាន​តម្លាភាព និង​ការ​ទទួលខុសត្រូវ ដែល​ប្រទេស​ជឿនលឿន​លើ​ពិភពលោកកំពុង​អនុវត្ត ហើយ​មាន​ប្រសិទ្ធិភាព​លើ​ការគ្រប់គ្រង​ដីធ្លីនេះ​ជា​ប្រការ​សមស្រប​បំផុត ដែល​បានកំណត់​នៅក្នុង​គោល នយោបាយ​ដីធ្លី​របស់​រាជរដ្ឋាភិបាល ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ ទំនាស់​ដីធ្លី​នៅក្នុង​សង្គម និង​ការអភិវឌ្ឍ​ប្រទេសជាតិ។

​លោក បានបន្ថែមថា៖ក្រោយពី​ការចុះបញ្ជី​ដីធ្លី​នេះ​រួច ប្រជាពលរដ្ឋ​ដែលជា​ម្ចាស់​ក្បាលដី អ្នកកាន់កាប់​ទទួលបាន​ប័ណ្ណកម្មសិទ្ធិ ហើយ​តាមរយៈ នៃ​ប័ណ្ណកម្មសិទ្ធិ​នេះ​បងប្អូន​ប្រជាពលរដ្ឋ និង​ក្លាយជា​ម្ចាស់​ដី​ពិតប្រាកដ មាន​សិទ្ធិ​ស្របច្បាប់​ក្នុងការ​កាន់កាប់​ប្រើប្រាស់អាស្រ័យ​ផល និង​ចាត់ចែងមិន​ត្រឹមតែ​ប៉ុណ្ណោះ​ប​ណ្ណ័​កម្មសិទ្ធិ​នេះ គឺជា​ឯកសារ​គតិយុត្ត​សំរាប់​ជា​សំអាងនៅពេល​មាន​ជំលោះ​កើតឡើងបញ្ជាក់ថា​ខ្លួន​ជា​ម្ចាស់​ដីធ្លី​ពិតប្រាកដ​។ ក្នុងឱកាសនោះ លោក ពៅ គឹមលី អភិបាលរងស្រុក​កៀនស្វាយ បានកោតសរសើរ​ដល់មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់ និង​សុរិយោ​ង​ដី​ខេត្ត បាន​ខិតខំ​ប្រឹងប្រែង​សម្រេច​លទ្ធផល​ក្នុង​ការចុះបញ្ជី​ប្រមូល​ទិន្នន័យ​ក្បាលដី និង​អ្នកកាន់កាប់​ដីដែល​កំពុង​អនុវត្ត​ចុះ​កំណត់​ព្រំ វាស់វែង និងផ្សព្វផ្សាយ​កំណត់​តំបន់​វិ​និច្ឆ័​យ ក្នុងភូមិ​ខាងលើ ដើម្បី​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ និងចេញ​ប័ណ្ណកម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋអោយបានឆាប់រហ័ស ។ ជាមួយគ្នានេះ លោកអភិបាលរងស្រុក ក៏បាន​ស្នើ​ដល់​ប្រជាពលរដ្ឋ​ត្រូវកំណត់ព្រំដីអោយបានច្បាស់លាស់ដើម្បីមានភាពងាយស្រួលដល់ក្រុមការងារចុះបញ្ជី និងសូមផ្សព្វផ្សាយបន្តដល់បងប្អូនប្រជាពលរដ្ឋដែលមានក្បាលដីក្នុងភូមិខាងលើអោយបានគ្រប់ៗគ្នា និងផ្តល់​ការគាំទ្រ យោគយល់ និង​ផ្តល់​កិច្ចសហការ​ជាមួយ​ក្រុមការងារ​មន្ត្រី​ជំនាញ ក្នុង​ដំណើរការ​ចុះបញ្ជី​ដី​ធី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​នេះ អោយបាន​ជោគជ័យ​។ ឆ្លៀតក្នុងឱកាសនោះ លោកអភិបាលរងស្រុកក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានត្រូវប្រុងប្រយ័ត្នអោយបានខ្ពស់ចំពោះជំងឺប្រភេទថ្មី(ជំងឺអុតស្វា)ដោយត្រូវធ្វើអនាម័យខ្លួនប្រាណអោយបានជាប្រចាំ ត្រូវហូបស្អាត ផឹកស្អាត និងរស់នៅស្អាត និងត្រូវធ្វើអនាម័យជុំវិញលំនៅឋានរបស់បងប្អូនដើម្បីចៀសផុតពីជំងឺឆ្លងផ្សេងៗ៕

អត្ថបទទាក់ទង