រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីបើកអង្គសន្និបាតបូកសរុបលទ្ឋផលការងារឆ្នាំទី១ ឆ្នាំទី២ និងលើកទិសដៅការងារសម្រាប់ឆ្នាំទី៣ អាណត្តិទី៦ របស់សមាគមមិត្តដើម្បីមិត្ត

+++++++++++++++++ខេត្តកណ្ដាល៖ សមាគមមិត្តដើម្បីមិត្ត បានរៀចំពិធីបើកអង្គសន្និបាតបូកសរុបលទ្ឋផលការងារឆ្នាំទី១ ឆ្នាំទី២ និងលើកទិសដៅការងារសម្រាប់ឆ្នាំទី៣ អាណត្តិទី៦ ក្រោមអធិបតីភាពឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នៅសាលប្រជុំសាលាគរុកោសល្យ និងវិក្រឹត្យការខេត្តកណ្ដាល នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២។ មានប្រសាសន៍ក្នុងពិធីសន្និបាត ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានវាយតម្លៃខ្ពស់ និងកោតសរសើរដោយស្មោះចំពោះការផ្តួចផ្ដើមគំនិតបង្កើតឡើងនូវសមាគមននៅក្នុងខេត្តកណ្តាល។ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់បន្ថែមថា រដ្ឋបាលខេត្តកណ្តាលសូមគាំទ្រ និងទទួលស្គាល់ថា សមាគម មិត្តដើម្បីមិត្ត គឺជាសមាគមមួយដែលអនុវត្តបានល្អប្រសើររាល់ការងាររបស់ខ្លួនស្របតាមលក្ខន្តិកៈរបស់សមាគមដែលមានការទទួលស្គាល់ជាផ្លូវការពីក្រសួងមហាផ្ទៃ។

ឯកឧត្តមអភិបាលខេត្តកណ្ដាល បានកោតសរសើរផងដែរចំពោះសកម្មភាពរបស់សមាគមដែលបានចូលរួមជួយឧបត្ថម្ភនូវ សម្ភារៈ ថវិកា ដល់កងទ័ពជាតិឈរជើងនៅតំបន់ប្រាសាទព្រះវិហារដើម្បីទប់ស្កាត់ប្រឆាំងនឹងសត្រូវឈ្លានពានបូរណភាពទឹកដីនៃមាតុភូមិរបស់យើងក្នុងរយៈពេលកន្លងទៅ និងគាំទ្រដល់សកម្មភាពមួយចំនួនទៀតរបស់សមាគមដែលបានចូលរួមជាបន្តបន្ទាប់ក្នុងការងារមនុស្សធម៌ជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្ត ក៏ដូចសកម្មភាពចូលរួមជាមួយរដ្ឋបាលខេត្ត ប្រយុទ្ធប្រឆាំងការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ។

ឯកឧត្តមអភិបាលខេត្តកណ្ដាល សូមស្នើសុំឱ្យសមាគមមិត្តដើម្បីមិត្តអនុវត្តនូវកិច្ចការខាងលើនេះជាបន្តទៀត។ លោក រស់ លន់ ប្រធានសមាគមមិត្តដើម្បីមិត្ត ត្រូវបានបង្កើតឡើងនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០០៦ ដោយគិតមកទល់ឆ្នាំ ២០២២នេះ សមាគមបានដំណើរការ អស់រយៈពេល ១៦ ឆ្នាំកន្លងមកហើយ។ ពេលបច្ចុប្បន្ននេះ សមាគមមិត្តដើម្បីមិត្តមានសមាជិកសរុបចំនួន ៤៧០ នាក់ក្នុងនោះស្ត្រី ១០១ នាក់។ លោកប្រធានសមាគម បន្តថា សមាគមមិត្តដើម្បីមិត្តបានកំណត់គោលដៅច្បាស់លាស់របស់ខ្លួនគឺចូលរួមពង្រឹងពង្រីកសាមគ្គីភាពឱ្យទូលំទូលាយនៅក្នុងសង្គមជាតិ និងចូលរួមថែរក្សាការពារសន្តិភាពនៃប្រទេសជាតិដែលជាបំណងប្រាថ្នានៃមនុស្សគ្រប់រូប ដោយមិនបម្រើផលប្រយោជន៍ឱ្យគណបក្សនយោបាយណាមួយឡើយ។ សមាគមមិត្តដើម្បីមិត្ត ក្នុងរយៈពេលកន្លងមក សមាគមមិនត្រឹមតែបានអនុវត្តគោលនយោបាយជួយដោះស្រាយការលំបាកជូនសមាជិករបស់ខ្លួនប៉ុណ្ណោះទេ សមាគមថែមទាំងបានរួមចំណែកក្នុងការងារសង្គមទៀតផង ដូចជាការចូលរួមចំណែកជួយឧបត្ថម្ភនូវ សម្ភារថវិកាមួយចំនួនដល់កងទ័ពជាតិឈរជើងការពារបូរណភាពទឹកដីនៅតំបន់ប្រាសាទព្រះវិហារក្នុងរយៈពេលកន្លង មក បានចូលរួមចំណែកជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តនៅក្នុងវិស័យមនុស្សធម៌ ជួយសម្រាលការលំបាកនៃគ្រួសារងាយរងគ្រោះ គ្រួសាររងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ និងការចូលរួមចំណែកជាមួយរដ្ឋបាលខេត្តក្នុងការប្រយុទ្ធប្រឆាំងការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ជាដើមផងដែរ។

អត្ថបទទាក់ទង