រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធី​​ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលស្រុកពញាឮ

++++++++++++++++ខេត្តកណ្ដាល៖ អាជ្ញាធរស្រុកពញាឮ ត្រូវខិតខំយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈនានាជូនប្រជាពលរដ្ឋ ឱ្យបានល្អត្រឹមត្រូវ ស្របតា​ម គោលការណ៍ នីតិវិធី និងស្តង់​ដារសេវាដែល​បានកំណត់ សំដៅឆ្លើយត​ប​នឹងតម្រូវការរបស់​ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព តម្លាភាព គណ​នេយ្យ​​ភាព និងសមធម៌សង្គម។ នេះជាការលើកឡើងរបស់ឯកឧត្តម នូវប៉េង ច័ន្ទតារ៉ា អភិបាលរងខេត្តកណ្ដាល ក្នុងឱកាសដែលឯកឧត្ដមអញ្ជើញជាអធិបតីក្នុងពិធី​​ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលស្រុកពញាឮ នៅសាលប្រជុំសាលាស្រុកពញាឮ នារសៀលថ្ងៃទី០១ ខែ​​សីហា ឆ្នាំ២០២២។

ឯកឧត្តមអភិបាលរងខេត្ត បន្តថា ផ្តល់សេវាសាធារណៈនានាជូនប្រជាពលរដ្ឋ ឱ្យបានល្អត្រឹមត្រូវ ស្របតា​ម គោលការណ៍ នីតិវិធី និងស្តង់​ដារសេវា គឺជាតួនាទី និងការទទួលខុសត្រូវដ៏​សំខាន់​​មួយ​ ក្នុងចំណោមតួនាទី និងការទទួលខុសត្រូវសំខាន់ៗនានារបស់រដ្ឋបាលស្រុក និង​រដ្ឋបាលឃុំ​ ដើម្បីឆ្លើយតប និងការដោះស្រាយនូវសំណើ សំណូមពរ និងតម្រូវការចាំបាច់នានា​​​​​​របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន។

ទន្ទឹមនឹងនោះក្រៅពីការខិតខំផ្ដល់សេវាជូនប្រជាពលរដ្ឋ ឯកឧត្ដមអភិបាលរងខេត្ត បានជំរុញដល់អាជ្ញាធរស្រុកពញាឮ និងកងកម្លាំងមានសមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់ បន្តរួម​សាមគ្គី​សហការគ្នា ខិតខំ​ប្រឹងប្រែង​​​យ៉ាងសកម្មក្នុងការដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍ​មូមូលដ្ឋានឱ្យមាន​ការរីកចម្រើនលើ​គ្រប់វិស័យ រួមមាន​​​ការអភិវឌ្ឍមូលដ្ឋាន ការជួយ​សង្គ្រោះ​ប្រជាពលរដ្ឋពីគ្រោះធម្មជាតិនានា ការ​ថែ​​រ​ក្សា​​​សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង​សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេស​យកចិត្តទុកដាក់ចូលរួមយ៉ាង​សកម្ម និងប្រកបដោយភាពម្ចាស់ការ ក្នុងការអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល និងក្រសួង​សុខាភិបាល​​​ក្នុងការបង្ការ និង​ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ព្រមទាំងជំរុញ និងអនុវត្ត​យុទ្ធសាស្រ្ត​ចាក់​វ៉ាក់សាំងរបស់​រាជរដ្ឋាភិបាលឱ្យទទួលបានជោគជ័យទាំងក្នុងកម្រិតជាតិ និងកម្រិត​ខេត្ត ពិសេសនៅ​ក្នុងភូមិសាស្រ្ត​ស្រុកពញាឮ។ សូមបញ្ជាក់ផងដែរថា លោកស្រី សូត គីរីកញ្ចនា នាយិការងទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្តកណ្តាល ត្រូវបានតែងតាំងជាអភិបាលរង នៃគណៈអភិបាលស្រុកពញាឮ ជំនួសលោកស្រី ហង្ស ចន្ថា បានដល់អាណត្តិការងារ០៤ ឆ្នាំលើកទី២ ត្រូវបានផ្ទេរភារកិច្ចទៅ​កាន់​មុខ​តំណែង​​ជាអភិបាលរងនៃគណៈអភិបាលស្រុកកៀនស្វាយ។

អត្ថបទទាក់ទង