++++++++++ខេត្តកណ្ដាល៖ សមត្ថកិច្ចប៉ុស្តិ៍នគរបាលឃុំ-សង្កាត់ទាំងអស់ក្នុងខេត្តកណ្ដាល ត្រូវចុះល្បាតនៅក្នុងភូមិសាស្ត្ររបស់ខ្លួនជាប្រចាំ សំដៅបង្ការ បង្ក្រាបរាល់បទល្មើសនានាដែលកើតមានឡើងនៅក្នុងភូមិសាស្ត្ររបស់ខ្លួន។ ថ្លៃនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកណ្តាល នៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានស្នើដល់កងកម្លាំងមានសមត្ថកិច្ច អភិបាលក្រុង-ស្រុកទាំង១១ ទូទាំងខេត្តកណ្ដាល ត្រូវជំរុញឱ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលឃុំ-សង្កាត់ទាំងអស់ ត្រូវចុះល្បាតនៅក្នុងភូមិសាស្ត្ររបស់ខ្លួនជាប្រចាំ សំដៅបង្ការ បង្ក្រាបរាល់បទល្មើសនានាដែលកើតមានឡើងនៅក្នុងភូមិសាស្ត្ររបស់ខ្លួន។
ឯកឧត្តមអភិបាលខេត្ត បន្ថែមថា ការចុះល្បាតជាប្រចាំរបស់កម្លាំងមានសមត្ថកិច្ច បានធ្វើឱ្យប្រជាពលរដ្ឋមានភាពកក់ក្ដៅ ហើយបទល្មើសមួយចំនួន ក៏ដូចជាល្បែងស៊ីសងខុសច្បាប់ មិនហ៊ានប្រព្រឹត្តឡើយ ក៏ព្រោះតែកងកម្លាំងមានសមត្ថកិច្ចមានការចុះល្បាតជាប្រចាំដូច្នេះ។ ឯកឧត្តមបានបន្ថែមទៀតថា ការចុះល្បាតជាប្រចាំនៅក្នុងមូលដ្ឋានរបស់ខ្លួន គឺរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ លុបបំបាត់បានជាអតិបរមានូវ បទល្មើសគ្រប់ប្រភេទ ជាពិសេសបញ្ហាល្បែងស៊ីសង បទល្មើសនេសាទ និងបញ្ហាគ្រឿងញៀន ក្មេងទំនើង និងអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវលក្ខណៈសម្បត្តិទាំង ៧ យ៉ាង របស់គោលនយោបាយ "ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព”ផងដែរ ។
ទន្ទឹមនឹងនោះបញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅក្នុងខេត្តកណ្ដាលក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ ពាក់ព័ន្ធបញ្ហាគ្រោះថ្នាក់ចរាចរណ៍នេះ ឯកឧត្តមអភិបាលខេត្តកណ្ដាល បានស្នើដល់អ្នកពាក់ព័ន្ធទាំងអស់ ត្រូវផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋ និងអ្នកដែលកំពុងប្រើប្រាស់ផ្លូវសាធារណៈ សូមចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានគ្រប់ៗគ្នា ដោយបើកបរត្រូវចេះយល់អធ្យាស្រ័យឱ្យគ្នា ដើម្បីកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍ឱ្យបានខ្ពស់បំផុត។ បើតាមរបាយការណ៍របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបានអោយដឹងថា បទល្មើសមានការកើតឡើងចំនួន ១០៤ លើ ៣៥២ករណី ថយចុះចំនួន២៤៨ករណី ក្នុងនោះបទល្មើសឧក្រិដ្ឋចំនួន២១ករណី បទល្មើសមជ្ឈឹមចំនួន៧៧ករណី បទល្មើសគ្រឿងញៀនបង្ក្រាបបាន ១៧៥ករណី បង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទបានចំនួន ៣៧ករណី គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ១៣២ លើ ៩១លើក មានការកើនឡើង ៤១លើក បើតាមរបាយការណ៍បានបញ្ជាក់ផងដែរថាមូលហេតុបណ្ដាលឱ្យមានការកើនឡើងនូវគ្រោះថ្នាក់ចរាចរណ៍នោះបណ្ដាលមកពី រថយន្តដឹកជញ្ជូនមានការកើនឡើង ពិសេសរថយន្តបែនដឹកដី ថ្ម និងខ្សាច់ ដែលបម្រើដល់ ការអភិវឌ្ឍន៍ក្នុងភូមិសាស្ត្រ។ អ្នកប្រើប្រាស់ផ្លូវ មិនយកចិត្តទុកដាក់ក្នុងការគោរពច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក ដូចជា ការបើកលើសល្បឿនកំណត់ បើកបរមិនគោរពសិទ្ធិអាទិភាព បំពានគំនូសសញ្ញា និងស្លាកសញ្ញ ក្នុងពេល កំពុងបើកបរជាដើម ។