+++++++ខេត្តកណ្តាល៖ ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្ដាលបានមានប្រសាសន៍ថា ដើម្បីធ្វើឱ្យខេត្តកណ្ដាលក្លាយជាខេត្ត ODF មានន័យថាប្រជាពលរដ្ឋក្នុងខេត្តទាំងទូទាំងខេត្តកណ្ដាល គឺមានបង្គន់អនាម័យប្រើប្រាស់បានត្រឹមត្រូវ បញ្ឈប់បានទាំងស្រុងនូវការបន្ទោបង់ពាសវាលពាសកាល គឺចាំបាច់ទាមទារឱ្យអាជ្ញាធរ ភូមិ-ឃុំ-ស្រុក ត្រូវតែខិតខំចុះផ្សព្វផ្សាយអប់រំ ណែនាំ ដល់ប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យមានការយល់ដឹងខ្ពស់អំពីសុខភាព ភាពស្អាត និងអនាម័យ ត្រូវធ្វើយ៉ាងណាជំរុញឱ្យប្រជាពលរដ្ឋមានបង្គន់អនាម័យប្រើប្រាស់បានត្រឹមត្រូវ។
ឯកឧត្តមបានមានប្រសាសន៏ដូច្នេះ នៅក្នុងការចុះផ្ទៀងផ្ទាត់ អំពីស្ថានភាពបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល ODF ថ្នាក់ស្រុក នៅស្រុកមុខកំពូល ក្នុងឃុំគោលដៅចំនួន៧ឃុំ គឺ សំបួរមាស ស្វាយអំពារ រកាកោងទី ១ រកាកោងទី ២ ព្រែកអញ្ចាញ ឫស្សីជ្រោយ និងឃុំព្រែកដំបង កាលពីព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ ដោយមានការចូលរួមពី លោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល លោក យី យ៉េន អភិបាលស្រុកមុខកំពូល អាជ្ញាធរភូមិ-ឃុំ និងមន្ត្រីជំនាញជាច្រើនរូបទៀត។ឯកឧត្តមអភិបាលរងខេត្ត បានបន្តថា ការបន្ទោបងពាសវាលពាសកាលគឺមានផលប៉ះពាល់ខ្លាំងណាស់ទៅដល់សុខភាពសាធារណៈ និងបរិស្ថាន វាអាចបង្កជាជំងឺឆ្លងនានានៅក្នុងសហគមន៍ ហើយការបន្ទោបង់ពាសវាលពាសកាល នៅតាមព្រៃ កន្លែងស្ងាត់ឆ្ងាយពីផ្ទះសំបែង គឺវាមិនមានសុវត្ថិភាពនោះទេ អាចប្រឈមនឹងសត្វអសិរពិស ពិសេសអាចប្រឈមនឹងការចាប់រំលោភជាដើមចំពោះស្ត្រី ជាងនេះទៅទៀតការបន្ទោសបងបែបនេះគឺធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងទៅដល់បរិស្ថាន ធ្វើឱ្យការរស់នៅមិនមានផាសុខភាព ។
ឯកឧត្តមអភិបាលរងខេត្ត បានបញ្ជាក់ថា ការចុះផ្ទៀងផ្ទាត់ ODF នៅស្រុកមុខកំពូលនាពេលនេះ គឺជាការចុះវាយតម្លៃដោយថ្នាក់ខេត្ត ហើយនៅពេលបន្តិចទៀតនេះខាងក្រសួងអភិវឌ្ឍន៍ជនបទនឹងចុះមកវាយតម្លៃខេត្តវិញម្ដង នៅក្នុងការចុះនោះក្រសួងមិនបានឱ្យយើងបានដឹងមុនថាត្រូវចុះនៅទីតាំង ភូមិ ឃុំ ស្រុក ណាមួយនោះទេ ដូច្នេះអាជ្ញាធរ ភូមិ ឃុំ ស្រុក ត្រូវត្រៀមខ្លួនឱ្យរួចរាល់ ត្រូវប្រាកដថាក្នុងមូលដ្ឋានរបស់ខ្លួនគឺនៅតាមក្នុងផ្ទះរបស់ប្រជាពលរដ្ឋ សាលារៀន សាលាឃុំ ត្រូវមានបង្គន់អនាម័យប្រើប្រាស់បានត្រឹមត្រូវ មានភាពស្អាត មិនមានក្លិន មានទឹក និងសាប៊ូ សំដៅធ្វើឱ្យការចុះវាតម្លៃ ODF ក្នុងខេត្តកណ្ដាលទទួលបានលទ្ធផលល្អប្រសើរ។លោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល បានឱ្យដឹងថា ខេត្តកណ្តាលទទួលបាន ODF ចំនួន ៤ស្រុករួមហើយដែលបានប្រកាសទទួលស្គាល់ជាផ្លូវការដោយក្រសួងអភិវឌ្ឍន៍ គឺមាន៖ ស្រុកអង្គស្នួល កណ្តាលស្ទឹង លើកដែក និងស្រុកខ្សាច់កណ្តាល ហើយនាពេលថ្មីៗនេះ ស្រុកល្វាឯម និងស្រុកកោះធំត្រូវបានជាប់ជាស្រុក ODF ផងដែរក្នុងក្របខ័ណ្ឌផ្ទៃក្នុងរបស់ខេត្ត ដែលមិនទាន់ធ្វើលិខិតបញ្ជូនទៅក្រសួងធ្វើការប្រកាសជាផ្លូវការ ជំហ៊ានបន្ទាប់ ក្រុមការងារនឹងបញ្ចប់ផ្ទៀងផ្ទាត់បញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល ODFថ្នាក់ស្រុកដ៏ទៃទៀតរួមមាន ស្រុកកៀនស្វាយ ពញាឮ និងក្រុងតាខ្មៅ។នាឱកាសនោះដែរ លោក យី យ៉េន អភិបាលស្រុកមុខកំពូល បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អាជ្ញាធរខេត្ត និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ដែលបានចុះមកចុះផ្ទៀងផ្ទាត់ វិនិច្ឆ័យអំពីស្ថានភាពបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល ODF នៅស្រុកមុខកំពូល រដ្ឋបាលស្រុកនឹងផ្ដល់កិច្ចសហការយ៉ាងពេញទំហឹងជាមួយមន្ទីរ ពីព្រោះតាមរយៈការចុះនាពេលនេះ បានជួយបង្ហាត់បង្ហាញបន្ថែមទៀតទៅដល់រដ្ឋបាលស្រុក ក្នុងការបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល ជំរុញឱ្យស្រុកមុខកំពូលក្លាយជាស្រុក ODF ។