រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីបើកការដ្ឋាន ជួសជុលផ្លូវចាក់បេតុងអាម ប្រវែង ១០០០ម៉ែត្រ ទទឹង ៦ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ ស្ថិតនៅភូបិនបោរ ឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល

++++++++++++++++++++ខេត្តកណ្ដាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានណែនាំដល់មន្ត្រីរាជការ កងកម្លាំងទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋ ដោយត្រូវធ្វើជាមន្ត្រីជើងពីរ មិនត្រូវធ្វើជាមន្ត្រីជើងដប់ឡើយ និងត្រូវលើកកម្ពស់ការផ្តល់សេវាសាធារណៈនានា ជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និង គណនេយ្យភាព ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ដែលកាន់តែមានការកើនឡើងផងដែរ។

ឯកឧត្តមអភិបាលខេត្តកណ្ដាល បានណែនាំបែបនេះក្នុងឱកាសដែលឯកឧត្តមអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋាន ជួសជុលផ្លូវចាក់បេតុងអាម ប្រវែង ១០០០ម៉ែត្រ ទទឹង ៦ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ ស្ថិតនៅភូបិនបោរ ឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ដោយមានការចូលរួមពីកងកម្លាំងទាំងបី មន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរស្រុកកណ្ដាលស្ទឹង និងប្រជាពលរដ្ឋជាច្រើននាក់។ ឯកឧត្តមអភិបាលខេត្ត បន្តថា មន្ត្រីរាជការទាំងអស់ ត្រូវធ្វើជាមន្ត្រីជើងពីរ ដោយត្រូវខិតខំយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋ ដោយចុះដល់មូលដ្ឋានផ្ទាល់របស់គាត់ ដើម្បីស្វែងយល់ពីបញ្ហាប្រឈម តម្រូវការ និងសំណូមពរ របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីដោះស្រាយរាល់បញ្ហាប្រឈម និងសំណូមពរទាំងនេះ អោយបានឆាប់រហ័ស និងទាន់ពេលវេលា ហើយក្នុងករណីដែលមិនអាចដោះស្រាយបាន ត្រូវរាយការណ៍សុំយោបល់ទៅថ្នាក់លើបន្តទៀត។ ពិសេសជាងនេះ កងកម្លាំងមានសមត្ថកិច្ច ត្រូវចុះល្បាតនៅតាមមូលដ្ឋានជាប្រចាំ សំដៅថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីបង្ការ និងទប់ស្កាត់ឱ្យបានទាន់ពេលវេលារាល់បទល្មើសនានាដែលកើតមានឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន បង្ក្រាបឱ្យបាននូវល្បែងស៊ីសងគ្រប់ប្រភេទ បទល្មើសគ្រឿងញៀន និងភាពអសកម្មនៅក្នុងមូលដ្ឋានរបស់ខ្លួនផងដែរ។

ឯកឧត្តមអភិបាលខេត្ត បន្ថែមថា ការបើកការដ្ឋានជួសជុលផ្លូវបេតុងអាមេ ប្រវែង១០០០ម៉ែត្រ ទទឹង ៦ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ ស្ថិតនៅភូបិនបោរ ឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល នាពេលនេះ គឺជាសមិទ្ធផលថ្មីបន្ថែមទៀត ជាមួយនឹងសមិទ្ធផលជាច្រើនផ្សេងទៀត របស់ស្រុកកណ្ដាលស្ទឹង ក្នុងវិស័យសេដ្ឋកិច្ច-សង្គម មានសោភ័ណ្ឌភាព ប្រកបដោយ សមធម៌ និងបរិយាប័ន្ន ស្របតាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ដែលបានកំណត់យក "មនុស្ស ទឹក ផ្លូវ ភ្លើង” ជាអាទិភាព ដើម្បីលើកកម្ពស់ផាសុខភាព និងជីវភាពរស់នៅជូនប្រជាពលរដ្ឋ "មានផ្លូវ មានស្ពាន មានក្តីសង្ឃឹម និងមានការអភិវឌ្ឍលើគ្រប់វិស័យ និងមានសន្តិភាព ទើបមានអ្វីៗ ដូចថ្ងៃនេះ” ។ ឯកឧត្តមអភិបាកខេត្ត បានផ្ដាំផ្ញើដល់អាជ្ញាធរស្រុកកណ្ដាលស្ទឹង ត្រូវពង្រឹងអភិបាលកិច្ចល្អ និង អនុវត្តឱ្យបានជាប់ជានិច្ច នូវបាវចនា ២ និង អភិក្រម ៥ ដែល ត្រូវបានដាក់ចេញដោយ សម្ដេចតេជោនាយករដ្ឋមន្ត្រី គឺ៖, បាវចនា ២ “ កែទម្រង់ខាងក្នុង និង បង្កើន មិត្ត ខាងក្រៅ ក្នុងស្មារតីឯករាជ្យ “ និង អភិក្រម ៥ “ ឆ្លុះកញ្ចក់, ងូតទឹក, ដុះក្អែល, ព្យាបាល និង វះកាត់ “ ។ ត្រូវបន្តចុះមូលដ្ឋានឱ្យបានទៀងទាត់ជាប់ជាប្រចាំ និងត្រូវសហការគ្នារៀបចំវេទិកាសាធារណៈតាមឃុំ ជាពិសេសត្រូវបើកយុទ្ធនាការ ប្រយុទ្ធប្រឆាំង និងបង្ក្រាបឧក្រិដ្ឋកម្មគ្រឿងញៀន ការជួញដូរ និងរត់ពន្ធមនុស្ស ការបង្ខិតបង្ខំ ពលកម្ម និងអាជីវកម្មផ្លូវភេទ ឱ្យមានប្រសិទ្ធភាព ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ។ ត្រូវបើកយុទ្ធនាការបង្ក្រាបលែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅគ្រប់ទីកន្លែងដូចភ្លៀងរលឹម ធ្វើយ៉ាងណាឲ្យប្រាកដប្រជា ធ្វើឲ្យជាប់លាប់ កុំធ្វើម្តងកាលឲ្យវារស់ឡើងវិញជាដាច់ខាច ជាពិសេស អាជ្ញ ធរនៅមូលដ្ឋាន មិនត្រូវឃុបឃិតផ្ដល់ព័ត៌មានដល់អ្នកលែងល្បែងស៊ីសង បើមិនបញ្ឈប់ទេ នឹងត្រូវទទួលវិធានការផ្លូវច្បាប់ជាធរមាន។ ជាមួយគ្នានេះដែរ ឯកឧត្តមក៏បានសំណូមពរដល់ប្រជាពលរដ្ឋ ដែលរស់នៅជាប់ផ្លូវដែលកំពុងសាងសង់ សូមចូលរួមសហការជាមួយអាជ្ញាធរ សម្រួលដល់ការសាងសង់ផ្លូវបេតុងមួយនេះ ឱ្យសម្រេចបានតាមការគ្រោងទុក្ខ។ ទន្ទឹមនឹងនោះក្រុមហ៊ុនដែលទទួលបានការសាងសង់ ត្រូវអនុវត្តតាមកិច្ចសន្យា សាងសង់ប្រកបដោយបច្ចេកទេស ធានាបាននូវការប្រើប្រាស់បានយូរអង្វែងផងដែរ។

អត្ថបទទាក់ទង