+++++++ខេត្តកណ្តាល៖ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល បានបញ្ជាក់ថា ចំពោះការលើកស្លាកផ្សព្វផ្សាយពាណិជ្ជកម្មផ្សេងៗដែលមានទំហំធំ ក្រុមហ៊ុនទាំងអស់ ត្រូវជួបជាមួយមន្ទីរព័ត៌មានដែលជាមន្ទីរជំនាញ និងស្ថាប័នពាក់ព័ន្ធនានា ដើម្បីជួយពិនិត្យមើលលើនិតិវិធីច្បាប់ លក្ខណៈបច្ចេកទេស ទាំងខ្លឹមសារ និងរូបភាព នៃការផ្សព្វផ្សាយ ពីព្រោះរាល់ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មដែលមានខ្លឹមសារមិនត្រឹមត្រូវ និងរូបភាពមិនសមរម្យ វាធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់សណ្ដាលធ្នាប់សាធារណៈ និងសតិអារម្មណ៍របស់ប្រជាពលរដ្ឋ។ឯកឧត្តមបានបញ្ជាក់ និងណែនាំដូច្នេះ នៅក្នុងកិច្ចប្រជុំស្ដីពី ការត្រួតពិនិត្យលើការគ្រប់គ្រងទីតាំងផ្សព្វផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុន ស៊ូសេយ ខបភើរ៉េសិន អិលធីឌី ក្នុងភូមិសាស្ត្រខេត្តកណ្ដាល ដែលបានរៀបចំឡើងនៅសាលាខេត្តកណ្តាល នៅរសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ ដោយមានការចូលរួមពី មន្ទីរព័ត៌មានខេត្ត អភិបាលក្រុង-ស្រុក មន្ត្រីជំនាញ និងក្រុមហ៊ុនពាក់ព័ន្ធផងដែរ។ឯកឧត្តមអភិបាលរងខេត្ត បានស្នើដល់ក្រុមហ៊ុនទាំងអស់មុននឹងដំឡើង និងរៀបចំការផ្សាយពាណិជ្ជកម្មផ្សេងៗ ចាំបាច់ត្រូវរៀបចំបែបបទស្នើសុំ មកមន្ទីរជំនាញ មកខេត្ត ឬស្ថាប័នពាក់ព័ន្ធតាមទំហំនៃការផ្សព្វផ្សាយដែលបានកំណត់តាមនីតិវិធីច្បាប់ និងត្រូវគោរពតាមបទដ្ឋានបច្ចេកទេសដែលបានកំណត់ ជាពិសេសត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋានឱ្យបានជាប់ជាប្រចាំ ដើម្បីជៀសវាង កុំឱ្យមានការខុសឆ្គងដោយប្រការណាមួយ ទាំងទីតាំង ខ្លឹមសារ រូបភាព និងបង្គំនៃសំណង់ សំដៅធ្វើយ៉ាងណាកុំឱ្យរងផលប៉ះពាល់អវិជ្ជមានពីការដំឡើងផ្ទាំងផ្សាយពាណិជ្ជកម្មទាំងអស់នោះ។បន្ថែមពីលើនេះ ឯកឧត្តម បានជំរុញដល់អភិបាលក្រុង-ស្រុកទាំងអស់ ត្រូវសហការជាមួយមន្ទីរព័ត៌មាន ដើម្បីធ្វើការពិនិត្យ និងផ្តល់ព័ត៌មានចំពោះផ្ទាំងផ្សាយពាណិជ្ជកម្មទាំងឡាយណាដែលមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ឬគ្មានច្បាប់អនុញ្ញាតជាដើម ដើម្បីរួមគ្នាពិនិត្យកែតម្រូវឱ្យបានត្រឹមត្រូវឡើងវិញ។