++++++++++++ខេត្តកណ្តាល៖ សមាជិកក្រុមប្រឹក្សាឃុំមកពីស្រុកចំនួន ១១ ក្រុង ស្រុក ស្មើនិង១២៧ ឃុំ សង្កាត់ ក្នុងខេត្តកណ្ដាល ដែលទើបជាប់ឆ្នោតថ្មី សម្រាប់អាណត្តិទី ៥ ទទួលបានវគ្គបណ្តុះបណ្តាលតម្រង់ទិសស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ រយៈពេល ២ ថ្ងៃចាប់ពីថ្ងៃទី០៦ និង០៧ ខែតុលា ឆ្នាំ២០២២ នៅសាលាខេត្តកណ្តាល។ លោក គង់ ឆេង ប្រធានសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកណ្តាល បានមានប្រសាសន៍ថា វគ្គបណ្ដុះបណ្ដាលតម្រង់ទិសនេះ ពិតជាមានសារៈសំខាន់ណាស់ ដែលបានផ្ដល់នូវចំណេះដឹង ជំនាញ និងបទពិសោធថ្មីៗបន្ថែមទៀតដល់សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលទើបជាប់ឆ្នោតក្នុងអាណត្តិថ្មី ហើយមិនទាន់មានបទពិសោធក្នុងការងារ។ វគ្គបណ្តុះបណ្តាលនេះសំដៅជួយពង្រឹងសមត្ថភាពដល់ក្រុមប្រឹក្សាឃុំ សង្កាត់ថ្មី អាចអនុវត្តតួនាទី និងភារកិច្ចក្នុងការឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ប្រកបដោយសមធម៌ បរិយាប័ន្ន និងមានចីរភាព ដើម្បីឈានឆ្ពោះទៅរួមចំណែកក្នុងការកាត់បន្ថយ ភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
លោកបន្តថា៖ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានៅថ្នាក់ឃុំ សង្កាត់ គឺជាការជំរុញកិច្ចដំណើរការអនុវត្តកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលកំណែទម្រង់នេះបានដើរ តួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់អភិបាលកិច្ចនៅថ្នាក់ឃុំ សង្កាត់ តាមគោលការណ៍អភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋាន។ ក្នុងឱកាសនោះដែរ លោកក៏បានផ្តាំផ្ញើដល់ក្រុមប្រឹក្សាឃុំ នៅពេលត្រឡប់ទៅបំពេញការងារនៅតាមរដ្ឋបាលឃុំវិញសូមយកចំណេះដឹងដែលទទួលបាននៅក្នុងវគ្គបណ្តុះបណ្តាលនេះទៅឆ្លុះបញ្ចាំងប្រើប្រាស់ និងកែច្នៃនៅក្នុងការបំពេញការងាររបស់ខ្លួន ដើម្បីដុសខាត់ចំណេះដឹង និងសមត្ថភាពឱ្យកាន់តែប្រសើរថែមទៀត។ សូមបញ្ជាក់ថា៖វគ្គបណ្តុះបណ្តាលស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់រយៈពេល ០២ ថ្ងៃនេះមានក្រុមប្រឹក្សាឃុំមកពីស្រុកចំនួន ១១ ក្នុងខេត្តកណ្តាល ។ សម្រាប់អាណត្តិទី ៥ នេះក្រុមប្រឹក្សាឃុំ សង្កាត់ទូទាំងខេត្តកណ្តាលមានចំនួនសរុប ៩១៥ នាក់ ស្រីចំនួន ១៨៨ នាក់ ក្នុងនោះក្រុមប្រឹក្សាឃុំ សង្កាត់ដែលជាប់ឆ្នោតថ្មី (អ្នកមិនធ្លាប់ជាសមាជិកក្រុមប្រឹក្សាពីមុនមក) មានចំនួន ៤៤៩ នាក់ ស្រី ១០៤ នាក់ ហើយមេឃុំ ចៅសង្កាត់ មិនទាន់បានទទួលវគ្គបណ្តុះបណ្តាលនេះមានចំនួន៧១រូប និងមេឃុំ ចៅសង្កាត់ ក្នុងតំណែងថ្មី នៃអាណត្តិទី៥ មានចំនួន៤១រូប ស្មើនិង១០៣នាក់៕