++++++++ខេត្តកណ្តាល៖ ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្តាល និងឯកឧត្តម ស សាមឌី អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ នៅព្រឹកថ្ងៃទី១០ ខែតុលាឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុទ្ធនានា ពាក់ព័ន្ធនឹងការគ្រប់គ្រងបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ ឱ្យមានការអញ្ជើញចូលរួមពី លោក-លោកស្រីអភិបាលរងក្រុង-ស្រុក នាយករដ្ឋបាលក្រុង-ស្រុក និងមន្ទីរពាក់ព័ន្ធ។ថ្លែងក្នុងពិធីនេះ ឯកឧត្តម នូវប៉េង ច័ន្ទតារា បានបញ្ជាក់ថា ក្នុងស្មារតីធានាគាំទ្រអោយគោលនយោបាយ និងយុទ្ធសាស្ត្រនានារបស់រាជរដ្ឋាភិបាលទទួលបានជោគជ័យ រដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ មានតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកទទួលខុសត្រូវអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ របស់រាជរដ្ឋាភិបាល តាមរយះច្បាប់គ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាល ឃុំ សង្កាត់ និងលិខិតបទដ្ឋានគតិយុត្តនានាជាធរមាន។
ឯកឧត្តមបញ្ជាក់បន្ថែមថា ក្នុងដំណើរឆ្ពោះទៅកាន់គោលដៅនេះ រដ្ឋបាលខេត្តកណ្ដាលបានគ្រប់គ្រង ដឹកនាំ ចាត់ចែង និងសម្របសម្រួលយន្តការ ដែលមានលក្ខណៈជាពហុវិស័យអោយប្រព្រឹត្តទៅស៊ីសង្វាក់ ប្រទាក់ក្រឡា រហូតសម្រេចបាននូវសមិទ្ធផលជាច្រើនលើវិស័យកំណែទម្រង់នានា ធ្វើអោយប្រជាពលរដ្ឋទទួលបាននូវអត្ថប្រយោជន៍ ប្រកបដោយសមធ៌មលើការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ចសង្គម មានជាអាទិ៍ សន្តិសុខ សណ្ដាប់ធ្នាប់ ការលើកកម្ពស់សុខភាព អនាម័យ បរិស្ថាន ការកែលម្អសោភ័ណភាពខេត្ត ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត អរូបវ័ន្ត និងកំណែទម្រង់សេវាសាធារណៈ ព្រមទាំងសមិទ្ធផល ផ្សេងៗជាច្រើនទៀតផងដែរ។ ឯកឧត្តមអភិបាលរងខេត្ត បានផ្តាំផ្ញើដល់ សមាជិកក្នុងអង្គប្រជុំទាំងអស់ ត្រូវខិតខំត្រងត្រាប់ស្តាប់នូវបទបង្ហាញរបស់វាគ្មិនដែលជាគ្រូឧទ្ទេស ទៅលើខ្លឹមសារនៃលិខិតបទដ្ឋាននានា ដោយយកចិត្តទុកដាក់បំផុត ដើម្បីទទួលបាននូវចំណេះដឹងថ្មីៗបន្ថែមទៀត ក្នុងការបម្រើការងារជំនាញរបស់ខ្លួននៅមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព ជាពិសេសនៅពេលដែលមានបញ្ហាចម្ងល់ សូមលើកជាសំណួរមកកាន់វាគ្មិន ដើម្បីធ្វើការបកស្រាយបំភ្លឺកាន់តែច្បាស់លាស់បន្ថែមទៀត។ថ្លែងក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម ស សាមឌី បានមានប្រសាសន៍ថា តាមរយៈកិច្ចប្រជុំផ្សព្វផ្សាយនាព្រឹកនេះ រដ្ឋបាលថ្នាក់ក្រោមជាតិ នឹងបានយល់កាន់តែច្បាស់អំពីកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ ដែលមានចក្ខុវិស័យប្រែក្លាយរដ្ឋបាលសាធារណៈអោយទៅជាអ្នកផ្ដល់សេវាដ៏មានប្រសិទ្ធភាព និងជាដៃគូអភិវឌ្ឍដែលអាចជឿទុកចិត្តបាន សំដៅបម្រើប្រជាពលរដ្ឋអោយកាន់តែល្អប្រសើរឡើង។ឯកឧត្តមបានបន្តថា កិច្ចប្រជុំផ្សព្វផ្សាយនេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ដោយបានផ្តល់នូវចំណេះដឹងថ្មីៗពីការចូលរួមមតិយោបល់របស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា នៃអង្គពិធីទាំងមូល សម្រាប់ជាមូលដ្ឋានតាក់តែងគោលនយោបាយថ្មីៗបន្ថែមទៀតក្នុងវិស័យកំណែទម្រង់រដ្ឋបាលសាធារណៈរបស់រដ្ឋ អោយសមស្របទៅនិងសភាពការណ៍វិវត្តន៍ជាក់ស្ដែង របស់ប្រទេសជាតិយើងក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាប្រមុខដឹកនាំប្រកបដោយគតិបណ្ឌិត។