++++++++++++++++++ខេត្តកណ្ដាល៖ បញ្ហាទឹក ភ្លើង ផ្លូវ និងការចេញប័ណ្ណកម្មសិទ្ធិដីធ្លីមានការយឺតយ៉ាវ នៅតែជាបញ្ហាប្រឈម និងតម្រូវការចាំបាច់របស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ក្នុងស្រុកពញាឮ ដែលបានលើកឡើងជាសំណូមពរជូនដល់ក្រុមប្រឹក្សាខេត្ត និងអាជ្ញាធរខេត្តកណ្ដាល ដើម្បីជួយសម្របសម្រួល និងផ្ដល់ជូនពួកគាត់ងាយស្រួលក្នុងការធ្វើដំណើរប្រចាំថ្ងៃ។ ការលើកឡើងនៅសំណូមពរនេះ ត្រូវបានធ្វើឡើងក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកណ្ដាល លើកទី៤ អាណត្តិទី៣ ឆ្នាំ២០២២ នៅបរិវេណសាលបុណ្យភ្នំព្រះរាជទ្រព្យ ក្នុងស្រុកពញាឮ ខេត្តកណ្ដាល នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម ឈឹម កន សមាជិកក្រុមប្រឹក្សាខេត្ត និងឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្ដាល។ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះដែរ ប្រជាពលរដ្ឋ និងអាជ្ញាធរស្រុកពញាឮ បានលើកឡើងនៅសំណូមពរចំនួន ៣៨ សំណូមពរ ក្នុងនោះស្នើសុំសាងសង់ផ្លូវបេតុង បញ្ហាបង្គូលចាស់ទ្រុឌទ្រោង ខ្សែភ្លើងរញ៉េរញ៉ៃ និងការកាត់លុយនៅពេលប្រជាពលរដ្ឋទៅបង់ថ្លៃភ្លើង បញ្ហាទឹកស្អាតប្រើប្រាស់មិនគ្រប់គ្រាន់ និងការចេញបានកម្មសិទ្ធិជូនពួកគាត់មានការយឺតយ៉ាវ ដោយការទេកម្មសិទ្ធិពីឪពុកម្ដាយទៅកូន និងសំណូមពរមួយចំនួនទៀត ត្រូវបានគណៈអធិបតី មន្ទីរជំនាញ និងអង្គភាពពាក់ព័ន្ធ ធ្វើការដោះស្រាយបានមួយចំនួន និងមួយចំនួនទៀតត្រូវបានលើកជូនក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្តដើម្បីពិនិត្យ និងសម្រេច។
ឯកឧត្តម ឈឹម កន សមាជិកក្រុមប្រឹក្សាខេត្ត បានលើកឡើងថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គឺបានផ្ដល់ឱកាសជូនប្រជាពលរដ្ឋបាន ប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមករវាងរដ្ឋបាលខេត្ត ជាមួយរដ្ឋបាលក្រុង ស្រុក រដ្ឋបាលឃុំ សង្កាត់ ប្រជាពលរដ្ឋ តំណាងអង្គការសង្គមស៊ីវិល វិស័យឯកជន និងក្រុមប្រឹក្សាប្រភេទផ្សេងៗគ្នា ដើម្បីផ្លាស់ប្ដូរ នូវបទពិសោធន៍ និងផ្តល់ប្រឹក្សាអំពីអាទិភាពនៃការអភិវឌ្ឍខេត្តប្រកបដោយចីរភាព និងប្រសិទ្ធភាព ។
ដូច្នេះហើយ រាល់បញ្ហាអាទិភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ត្រូវបានពិនិត្យ និងដោះស្រាយ និងឆ្លើយតប (បាន ឬ មិនបាន) ប្រកបដោយហេតុផលច្បាស់លាស់។ គ្រប់អ្នកពាក់ព័ន្ធទាំងអស់ក្នុងមូលដ្ឋាន ត្រូវបានរួមបញ្ចូលក្នុងដំណើរការអភិវឌ្ឍតាមបែបប្រជា ធិបតេយ្យ ទន្ទឹមនឹងនេះ ក្រុមប្រឹក្សាខេត្តនឹងបង្កើតបាននូវវប្បធម៌នៃការពិភាក្សា និង លើកកម្ពស់គណនេយ្យភាពសង្គមតាមបែបប្រជាធិបតេយ្យ ក្នុងការផ្ដល់ព័ត៌មានជូនប្រជាពលរដ្ឋ អំពីសមិទ្ធផលដែលក្រុមប្រឹក្សាសម្រេចបានកន្លងមក និងបញ្ហាប្រឈមនានាក្នុងការអនុវត្ត។ ផ្ដល់ឱកាសជូនប្រជាពលរដ្ឋលើកឡើងអំពីបញ្ហាសំណើ សំណូមពរ ដែលជួបប្រទះក្នុង ជីវភាពរស់នៅ និងការអនុវត្តតួនាទី ភារកិច្ចរបស់មូលដ្ឋាន ទទួលយកអនុសាសន៍ និងសំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីពិភាក្សា និងឆ្លើយតប ។ ឯកឧត្តម ចាន់ សុភ័ក្រ សមាជិកក្រុមប្រឹក្សាខេត្ត បានអាននៅរបាយការណ៍ឆ្លើយតបនៅសំណើរ សំណូមពរ និងបញ្ហាប្រឈមនានា របស់ប្រជាពលរដ្ឋនៅស្រុកអង្គស្នួល ដែលបានលើកឡើងកាលពីវេទិកាក្រុមប្រឹក្សាខេត្តក្នុងឆ្នាំ២០២១ កន្លងមកនេះ មានចំនួន២២ បញ្ហាប្រឈម និងសំណូមពរ បានធ្វើការដោះស្រាយរួចរាល់ និងកំពុងដោះស្រាយបន្តចំនួន១៥ បញ្ចូលក្នុងគម្រោងឆ្នាំ២០២៣ ចំនួន១ ដោយឡែកសំណើ សំណូមពរមួយចំនួនដែលនៅសេសសល់ និងបន្តចាត់វិធានការដោះស្រាយចំនួន៦។