...................... បើយោងតាមការបញ្ជាក់លើផេក Facebook ផ្លូវការរបស់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលនៅថ្ងៃទី ២៩ ខែតុលានេះ បានបញ្ជាក់ថា ខ្ញុំបាទ និងសហការី បានចូលរួមក្នុងពិធីចែកស្រូវពូជជូនប្រជាកសិករ ចំនួន ៩៣៤ គ្រួសារ នៅស្រុកខ្សាច់កណ្ដាល និងស្រុកពញាឮ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្ដាល ស្ថិតនៅភូមិជ័យធំ ឃុំជ័យធំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ នៅក្នុងឆ្នាំនេះ ខេត្តកណ្ដាល បានរងផលប៉ះពាល់ជំនន់ទឹកភ្លៀង និងជំនន់ទឹកទន្លេមេគង្គ រួមមាន ស្រុកកណ្ដាលស្ទឹង ស្រុកខ្សាច់កណ្ដាល ស្រុកពញាឮ និងស្រុកស្អាង។ ផលប៉ះពាល់សរុប ៩៣ភូមិ ស្ថិតក្នុងឃុំចំនួន១៩ គ្រួសារទទួលរង ផលប៉ះពាល់ សរុប១,៦៥៥ គ្រួសារ ផ្ទៃដីប៉ះពាល់សរុប ចំនួន១៣១៩គ្រួសារ ផ្ទៃដីខូចខាត អាច មានលទ្ធភាពស្តារឡើងវិញសរុបចំនួន ៩៣៦ហិកតា។ ដើម្បីឆ្លើយតប និងដោះស្រាយបន្ទាន់ រដ្ឋបាលខេត្ត ក្រុង ស្រុក មន្ទីរ-អង្គភាព កងកម្លាំង ប្រដាប់អាវុធ បានត្រៀមប្រចាំការ និងចុះពិនិត្យមើលទីតាំងដែលកំពុងតែប្រឈមនឹងគ្រោះទឹកជំនន់ ជាប្រចាំ និងបន្តចែកពូជស្រូវដល់ប្រជាពលរដ្ឋ ដែលកំពុងរងផលប៉ះពាល់ បានបង្កបង្កើនផលឡើងវិញនៅពេលទឹកស្រកខាងមុខនេះ។