រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំស្ដីពីការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃលើការងារគ្រប់គ្រងសំរាម សំណល់រឹង ក្នុងភូមិសាស្ត្រខេត្តកណ្ដាល

ខេត្តកណ្តាល៖ ថ្លែងនៅក្នុងកិច្ចប្រជុំស្ដីពីការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃលើការងារគ្រប់គ្រងសំរាម សំណល់រឹង ក្នុងភូមិសាស្ត្រខេត្តកណ្ដាល នារសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាលាខេត្តកណ្តាល ឯកឧត្តម តាំង ម៉េងលានអភិបាលរងខេត្តកណ្ដាល បានណែនាំដល់រដ្ឋបាលក្រុង-ស្រុកទាំង១១ មន្ទីរបរិស្ថានខេត្ត ត្រូវសហការរួមគ្នាជាមួយរដ្ឋបាលឃុំ-សង្កាត់ ដើម្បីផ្សព្វផ្សាយ ណែនាំប្រជាពលរដ្ឋ កម្មករនិយោជិក អាជីករ អ្នកលក់ដូរតាមចិញ្ចើមផ្លូវ អ្នកលក់ដូរតាមរោងចក្រ ឱ្យទុកដាក់សំរាម សំណល់រឹងរបស់ខ្លួនបានត្រឹមត្រូវ ដើម្បីលើកកម្ពស់បរិស្ថាន ការរស់នៅស្អាត និងភាពបៃតង។ឯកឧត្តមបានបញ្ជាក់ថា មានតែការផ្សព្វផ្សាយបំផុសចលនាអប់រំ និងបញ្ជ្រាបការយល់ដឹងឱ្យបានខ្លាំងក្លាដល់មហាជន ឱ្យពួកគាត់ផ្លាស់ប្តូរឥរិយាបទ ចេះស្រលាញ់ថែរក្សា និងសំអាតអនាម័យបរិស្ថាន ទើបអាចធ្វើឱ្យបរិស្ថានស្អាត និងមានអនាម័យបាន បើយើងទាំងអស់គ្នាចេះទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងញែកសំរាមតាមប្រភេទនិមួយៗ និងចូលរួមសំអាតបរិស្ថានតាមផ្ទះសម្បែងរាងៗខ្លួន ចូលរួមដាំដើមឈើនៅតាមមូលដ្ឋាននោះ ខេត្តកណ្តាលទាំងមូលនឹងមានបរិស្ថានស្អាត ប្រកបដោយព័ណ៌បៃតង និងមានសោភ័ណភាពជាក់ជាមិនខានឡើយ។ឯកឧត្តមអភិបាលរងខេត្ត បានបញ្ជាក់បន្ថែមថា បច្ចុប្បន្ននេះការងារបរិស្ថានគឺជាការងារអទិភាព ដែលការងារនេះគឺទាមទារឱ្យពួកយើងទាំងអស់គ្នា ត្រូវតែចូលរួមចំណែក ក្នុងការធ្វើអនាម័យបរិស្ថានទាំងនៅតាមលំនៅឋានរាងខ្លួន កន្លែងបម្រើការងារ សាលារៀន និងនៅតាមទីសាធារណៈនានា ពីព្រោះការងារសម្អាតបរិស្ថាន គឺជាកិច្ចការដ៏សំខាន់របស់យើងទាំងអស់គ្នា មិនមែនជាការងារផ្ដាច់មុខរបស់អាជ្ញាធរ ឬអង្គភាពជំនាញនោះទេ ពោលគឺយើងត្រូវចាត់ទុកការងារសម្អាតបរិស្ថានជាកាតព្វកិច្ចរបស់ពួកយើងទាំងអស់គ្នា ដើម្បីធ្វើឱ្យភូមិឋានយើង ខេត្តយើងមានបរិស្ថានល្អ រស់នៅប្រកបដោយផាសុខភាព និងភាពរីកចម្រើន។ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមក៏បានជំរុញ ដល់រដ្ឋបាលក្រុង-ស្រុក ត្រូវសហការជាមួយ មន្ទីរបរិស្ថាន និងអង្គភាពជំនាញដើម្បីសិក្សាពីស្ថានភាពទីលានទុកដាក់ សំរាម សំណល់រឹងទីប្រជុំជនដែលមានស្រាប់ និងសិក្សាស្វែងរកទីតាំងសម្រាប់រៀបចំទីលានថ្មី ដើម្បីស្នើសុំការពិនិត្យ សម្រេចពីរដ្ឋបាលខេត្ត និងក្រសួងបរិស្ថានឱ្យ បានឆាប់រហ័ស សំដៅឆ្លើយតបបានទៅនឹងការកើនឡើងនៃសំរាម សំណល់រឹង ពីមួយថ្ងៃទៅមួយថ្ងៃ។

អត្ថបទទាក់ទង