ខេត្តកណ្តាល ៖ នៅព្រឹកថ្ងៃទី០៤ ខែវិខ្ឆិកា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខា បានចាត់ឲ្យលោក ទៀង សុគន្ធ នាយកសាខា ដឹកនាំក្រុមប្រតិបត្តិសាខា ចុះសួរសុខទុក្ខ និងនាំយកជំនួយមនុស្សធម៌ទៅឧបត្ថម្ភជូនដល់លោក សឿ សឿន អាយុ ៦៧ឆ្នាំ ជាមន្ត្រីប្រចាំការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកណ្តាលស្ទឹង ដែលមានជំងឺលើសឈាម និងទឹកនោមផ្អែម ដែលកំពុងតែបន្តសម្រាកព្យាបាលនៅគេហដ្ឋានក្នុងភូមិលៀក ឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ មានមតិសំណេះសំណាលនាឱកាសនោះ លោក ទៀង សុគន្ធ ក្នុងនាមឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខា បាននាំមកនូវការផ្តាំផ្ញើសួរសុខទក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្តីនឹករឭកបំផុត ។ លោកនាយកបានបន្តថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា តែងតែមានការគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅ ពិសេសគ្រួសាររងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ និងអ្នកងាយរងគ្រោះបំផុតដូចជាៈ ចាស់ជរាឥតទីពឹង ជនទីទ័លក្រ ជនពិការក្រីក្រ កុមារកំព្រា អ្នកមានជំងឺរ៉ាំរ៉ៃជាដើម ដោយគ្មានការរើសអើងពូជសាសន៍ សាសនា ប្រពៃណី ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ។ ជំនួយមនុស្សធម៌បានផ្តល់ជូនរួមមាន ៖ អង្ករ ៥០គឡូក្រាម ,មី ១កេស ,ត្រីខកំប៉ុង ៥យួរ ,ទឹកត្រី ១យួរ ,ទឹកស៊ីអុីវ ១យួរ ,ទឹកសុទ្ធ ១កេស ,ម៉ាស ១ប្រអប់ ,ជែលលាងដៃ ១ដប និងថវិកាចំនួន ១លានរៀល ៕