រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

អភិបាលខេត្តកណ្តាល បានជួបសំណេះសំណាល និងផ្តល់កុំព្យូទ័រ (Laptop) ជូននាយកសាលា ចំនួន៨៥ សាលា និងប្រគល់ Tablet ជូនក្រុមការងាដឹកនាំសម្របសម្រួលសន្តិសុខស្បៀង និងអាហារូបត្ថម្ភ

ខេត្តកណ្តាល៖ ពិធីសំណេះសំណាល និងប្រគល់កុំព្យូទ័រជូនដល់រសាលារៀនចំនួន ៨៥សាលា នាឱកាសនេះ គឺធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការសន្យា តាមការស្នើសុំ របស់នាយក នាយិកា សាលារៀនដែលបានចូលរួមក្នុងពិធីបើក សន្និបាតបូកសរុបលទ្ធផល ការងារអប់រំ យុវជន និងកីឡាខេត្តកណ្តាល ឆ្នាំសិក្សា២០២០ -២០២១ និងលើកទិសដៅ ឆ្នាំសិក្សា ២០២១-២០២២ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ នៅសាលាគរុកោសល្យ និងវិក្រឹតការខេត្ត ។ នេះជាការបញ្ជាក់ពី ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ក្នុងពិធីជួបសំណេះសំណាល និងផ្តល់កុំព្យូទ័រ (Laptop) ជូននាយកសាលា ចំនួន៨៥ សាលា និងប្រគល់ Tablet ជូនក្រុមការងាដឹកនាំសម្របសម្រួលសន្តិសុខស្បៀង និងអាហារូបត្ថម្ភ នៅសាលាខេត្តកណ្តាល នារសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២។មានប្រសាសន៍ទៅកាន់លោកគ្រូ-អ្នកគ្រូ ឯកឧត្តមអភិបាលខេត្ត បានលើកឡើងថា ក្នុងយុគសម័យកាល ឌីជីថល លោក លោកស្រី ត្រូវអភិវឌ្ឍន៍សមត្ថភាព ឱ្យចេះប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដើម្បីជួយសម្រួលដល់ការងារក្នុងសាលារៀន ឱ្យដំណើរការបានឆាប់រហ័ស មានប្រសិទ្ធភាព និងទាន់ពេលវេលា ហើយទន្ទឹមនឹងការទទួលបាននូវកុំព្យូទ័រនេះ សូមលោក លោកស្រីត្រូវមានវិធានការការពារ និងថែទាំសម្ភារៈដែលបានផ្តល់ជូននេះទុកជាទ្រព្យសម្បត្តិរដ្ឋ នឹងប្រើប្រាស់ឱ្យបានរង្វែងផងដែរ។ឯកឧត្តមបានបន្ថែមថា ចំពោះវិស័យអប់រំកាយ និងកីឡា រដ្ឋបាលខេត្ត បានយកចិត្តទុកដាក់ ដោយបានធ្វើឱ្យវិស័យនេះ ប្រែក្លាយទៅជាវិស័យឈានមុខ និងទទួលការសាទរ ពីមហាជន តាមរយៈកំណែទម្រង់វិស័យអប់រំកាយ និងកីឡា ដើម្បីឆ្ពោះទៅស៊ីហ្គេមលើកទី៣២ នាឆ្នាំ២០២៣ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ។ ការខិតខំធ្វើកំណែទម្រង់ គ្រប់ទិដ្ឋភាព ទាំងក្នុងក្របខ័ណ្ឌគោលនយោបាយ ទាំងក្នុងក្របខ័ណ្ឌបច្ចេកទេស ព្រមទាំងការអនុវត្តជាក់ស្ដែង បានធ្វើឱ្យមាតាបិតា អាណាព្យាបាល សាធារណៈជន និងប្រជាជន មានជំនឿទុកចិត្តគាំទ្រ និងចូលរួមលេង កីឡា កាន់តែច្រើន ស្របនឹងទិសស្លោក "ប្រជាជនមួយនាក់ លេងកីឡាមួយប្រភេទ" ។ទន្ទឹមនឹងការប្រគល់កុំព្យូទ័រជូនដល់សាលារៀនចំនួន ៨៥សាលា ដោយក្នុងមួយសាលាទទួលបាន កុំព្យូទ័រ (Laptop) មួយគ្រឿង រដ្ឋបាលខេត្តក៏បានបែងចែក Tablet ជូនដល់ក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភខេត្ត និងស្រុកគោលដៅចំនួន០៧ផងដែរ ដោយក្នុងនោះ រដ្ឋបាលខេត្ត ទទួលបាន៣ គ្រឿង ស្រុកលើកដែក កៀនស្វាយ ល្វាឯម អង្គស្នួល ពញាឮ មុខកំពូល និងស្រុកខ្សាច់កណ្តាលទទួលបានមួយស្រុក ១គ្រឿង។

អត្ថបទទាក់ទង