++++++++ខេត្តកណ្ដាល៖ កិច្ចប្រជុំក្រុមប្រឹក្សាខេត្ត ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យ ពិភាក្សា និងអនុម័តលើរបៀវារៈសំខាន់ៗដែលបានគ្រោងទុក ហើយក៏ជាការជួបជុំគ្នាជាមួយគ្រប់បណ្តាមន្ទីរ អង្គភាពជំនាញក្នុងខេត្ត ដើម្បីធ្វើការផ្សព្វផ្សាយ អំពីលទ្ធផលការងារ ដែលបានអនុវត្តន៍កន្លងមក និងកំណត់ទិសដៅអនុវត្តន៍បន្តអោយទទួលបានលទ្ធផលកាន់តែប្រសើរឡើងថែមទៀត។ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល បានលើកឡើងដូច្នេះ នៅក្នុងកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្ត លើកទី៤២ អាណិត្តទី៣ នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ ២០២២ ដោយមានការចូលរួមពីឯកឧត្តម នូវ ប៉ែងច័ន្ទតារា អភិបាលរងខេត្តកណ្ដាល ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ទៅលើកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ទីរជុំវិញខេត្ត ដែលបានខិតខំបំពេញការងារតាមតួនាទី ភារកិច្ចទទួលបានលទ្ធផលល្អ និងមានការទទួលខុសត្រូវខ្ពស់។ទន្ទឹមនឹងនេះដែរ ឯកឧត្តមក៏បាន ជំរុញ និងលើកទឹកចិត្តដល់ បណ្តាមន្ទីរ អង្គភាពនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តខិតខំបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនបន្ថែមទៀត ដើម្បីជួយលើកកម្ពស់ប្រសិទ្ធភាពការងារ និងអនុវត្តន៍សេចក្តីសម្រេចផ្សេងៗ ប្រកបដោយអភិបាលកិច្ចល្អរវាងក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្តសំដៅឆ្លើយតបបានតាមតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ ជាពិសេសត្រូវបន្តដោះស្រាយបញ្ហាប្រឈមនានាដែលនៅសេសសល់ ឱ្យទទួលបានជោគជ័យបន្ថែមទៀតផងដែរ។ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានក្រើនរម្លឹកដល់អង្គភាពច្រកចេញចូលតែមួយខេត្ត និងការិយាល័យប្រជាពលរដ្ឋ ត្រូវបន្តខិតខំផ្ដល់សេវាជូនប្រជាពលរដ្ឋ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ តម្លាភាព និងឆាប់រហ័ស តាមរយៈការបង្កើនសមត្ថភាពដល់មន្ត្រីជាប្រចាំ ដើម្បីធ្វើឱ្យការបំរើសេវានានាជូនប្រជាពលរដ្ឋកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។សូមជម្រាបផងដែរថា ក្នុងខែតុលាកន្លងទៅនេះ អង្គភាពច្រកចេញចូលតែមួយរដ្ឋបាលខេត្តបានផ្ដល់សេវាជូនប្រជាពលរដ្ឋសរុបចំនួន ៣២៦៩ នាក់។ សម្រាប់ការិយាល័យប្រជាពលរដ្ឋ បានទទួលពាក្យបណ្ដឹង និងព័ត៌មានផ្សេងៗចំនួន ២៦ ករណី បានសម្រស់សម្រួលដោះស្រាយបញ្ចប់បាន ៥ ករណី និងបញ្ជូនទៅស្ថាប័នមានសមត្ថកិច្ចចំនួន ១៥ ករណី ព្រមទាំងបានផ្ដល់ព័ត៌មានត្រឡប់តាមរយៈសារអេឡិចត្រូនិច ចំនួន ៥ ករណី។