ខេត្តកណ្ដាល៖ អគ្គលេខាធិការកាកបាទក្រហមកម្ពុជា លោកជំទាវ ពុំ ចន្ទីនី ស្នើដល់សាខាកាកបាទក្រហមខេត្តកណ្ដាល ត្រូវត្រៀមថវិកា ស្បៀង និងគ្រឿងឧបភោគសម្រាប់ការងារឆ្លើយតបឱ្យបានទាន់ពេលវេលាជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយក្នុងសហគមន៍នៅទូទាំងខេត្តកណ្ដាល។ លោកជំទាវ អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានស្នើបែបនេះក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារ ឆ្នាំ២០២២ និងលើកទិសដៅសកម្មភាពការងារ ឆ្នាំ២០២៣ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តណ្ដាល នៅសាខាកាកបាទក្រហមកម្ពុជាខេត្តណ្ដាល នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២។ លោកជំទាវ អគ្គលេខាធិការ បន្តថា ករណីគ្រោះមហន្តរាយ ដែលបង្កឡើងដោយធម្មជាតិ ឬគ្រោះមហន្តរាយផ្សេងៗ គឺមិនបានធ្វើឱ្យយើងដឹងមុនទេ ដូច្នេះការត្រៀមថវិកា ស្បៀង និងគ្រឿងឧបភោគ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការជួយប្រជាពលរដ្ឋបានទាន់ពេលវេលា ក្នុងករណីមានគ្រោះមហន្តរាយកើតឡើងនៅក្នុងភូមិសាស្ត្រខេត្តរបស់ខ្លួន។ ទន្ទឹមនឹងនោះ សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ត្រូវខិតខំស្វែងរកជនរងគ្រោះដែលត្រូវការជំនួយចាំបាច់ពីសាខា ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ ដែលកំពុងត្រូវការជំនួយ ក្នុងភូមិសាស្ត្ររបស់ខ្លួន ខ្វះការជួយ ឬយកចិត្តទុកដាក់ពីសាខា ឬអនុសាខាក្រុង-ស្រុកទាំង១១ នៅក្នុងខេត្តកណ្ដាលឡើយ។ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះថា សាខាកាកបាទក្រហមកម្ពុជាខេត្ត បានអនុវត្តសកម្មភាពការងារវិស័យអាទិភាពទាំង៤ របស់កាកបាទក្រហមកម្ពុជា ក្នុងនោះរួមមាន៖ ការងារគ្រប់គ្រងគ្រោះមហន្តរាយ សុខភាព និងការថែទាំសុខភាពក្នុងសហគមន័ ការលើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌ និងការអភិវឌ្ឍស្ថាប័ន និងអភិវឌ្ឍធនធាន។ ឯកឧត្តម បន្ថែមថា ក្នុងរយៈពេល១០ខែ ឆ្នាំ២០២នេះ សាខាខេត្ត និងអនុសាខា ក្រុង-ស្រុក បានចុះសួរសុខទុក្ខ និងចែកជំនួយសង្គ្រោះជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗនៅតាមបណ្តាក្រុង-ស្រុកទូទាំងខេត្ត ចំនួន៩៣៧គ្រួសារ។ សាខាបានជួយឧបត្ថម្ភថវិកាជួសជុលផ្ទះជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយ សរុបចំនួន ២៩១ខ្នង ស្មើនឹង ២៩១គ្រួសារ។ សាខាបានដឹកនាំកម្លាំងយុវជនកាកបាទក្រហមកម្ពុជា ជួយសម្រួលចរាចរណ៍នៅចំណុចផ្លូវកែងស្តុបចំនួន ២ ក្នុងក្រុងតាខ្មៅ បានចំនួន ១២លើក។ សាខា បានចុះសួរសុខទុក្ខស្ត្រីសម្រាលកូនចំនួន ១៦នាក់ ដោយមានការផ្តល់កញ្ចប់ជំនួយសម្រាប់កុមារ និងទារក នៅមន្ទីរពេទ្យបង្អែកជ័យជំនះខេត្ត ។