++++++++(ខេត្តកណ្តាល)៖ អគ្គាធិការដ្ឋាន នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២នេះ បានបើកសិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យ ស្ដីពីក្របខ័ណ្ឌមុខងារ ភារកិច្ចរបស់សវនកម្មផ្ទៃក្នុង និងអធិការកិច្ច ព្រមទាំងអនុក្រឹត្យស្ដីពីវិធាន និងនីតិវិធីនៃការធ្វើអធិការកិច្ចហិរញ្ញវត្ថុ ដល់តំណាងអង្គភាពថវិការដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក និងមន្ទីរ អង្គភាពជុំវិញខេត្តកណ្តាល។ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ថា៖ ការបើកសិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យស្តីពីក្របខណ្ឌមុខងារ ភារកិច្ច របស់សវនកម្មផ្ទៃក្នុង និងអធិការកិច្ច និងអនុក្រឹត្យស្តីពីវិធានការ និងនីតិវិធីនៃការធ្វើអធិការកិច្ចហិរញ្ញវត្ថុ គឺដើម្បីលើកកម្ពស់ការយល់ដឹងដល់មន្ត្រីពាក់ព័ន្ធ យកទៅអនុវត្តក្នុងការបំពេញភារកិច្ចប្រចាំថ្ងៃ និងទទួលបាននូវចំណេះដឹងអំពីកាតព្វកិច្ច និងសិទ្ធិរបស់អង្គភាពអធិការកិច្ចហិរញ្ញវត្ថុ ព្រមទាំងទទួលបាននូវចំណេះដឹងបន្ថែម អំពីសិទ្ធិ អំណាច និងភារកិច្ចរបស់អធិការកិច្ចហិរញ្ញវត្ថុក្នុងការបំពេញភារកិច្ច។ ឯកឧត្តមបានបន្តថា៖សិក្ខាកាមនឹងទទួលបានចំណេះដឹងអំពីសមត្ថកិច្ច នៃអង្គភាពត្រួតពិនិត្យ ដែលមានសិទ្ធិក្នុងការត្រួតពិនិត្យ កម្មវត្ថុដែលត្រួតពិនិត្យ និងដែនសមត្ថកិច្ចនៃការអង្គភាពត្រួតពិនិត្យ។
ឯកឧត្តមបានបន្ថែមថា៖តាមរយៈកម្មវិធីកែទម្រង់ប្រព័ន្ធគ្រប់គ្រងរដ្ឋបាល ការកែទម្រង់ហិរញ្ញវត្ថុសាធារណៈ និងកម្មវិធីកែទម្រង់ផ្សេងៗ រួមទាំងគោលនយោបាយវិមជ្ឍការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាល រដ្ឋបាលថ្នាក់ក្រោមជាតិ និងបណ្តាមន្ទីរ-អង្គភាពពាក់ព័ន្ធទាំងអស់ កាន់តែមានសិទ្ធិអំណាចក្នុងអនុវត្ត ចាត់ចែង និងទទួលខុសត្រូវលើការបំពេញមុខងារ និងភារកិច្ចរបស់ខ្លួន រួមបញ្ចូលទាំងការគៀងគររកប្រភពចំណូលថ្មីៗបន្ថែមទៀត ការបញ្ជាចំណាយ និងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋជាដើម។លោក គង់ វឌ្ឍនៈ អគ្គាធិការរង នៃអគ្គាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា៖ ក្នុងបរិការណ៍នៃការដ្ឋានកែទម្រង់ របស់រាជរដ្ឋាភិបាល ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការកែទម្រង់រដ្ឋបាលសាធារណៈ ការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងការកែទម្រង់ច្បាប់ ប្រព័ន្ធយុត្តិធម៌តម្រូវឱ្យតួអង្គពាក់ព័ន្ធចូលរួមយ៉ាងសកម្ម ដើម្បីឱ្យដំណើរការនៃការកែទម្រង់នេះបានទទួលជោគជ័យ។ លោកបានឱ្យដឹងថា៖ រាជរដ្ឋាភិបាលដែលមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាសេនាធិការបានដាក់ចេញនូវយុទ្ធសាស្ត្រនានា ដើម្បីផ្លាស់ប្តូរពីប្រព័ន្ធថវិកាផ្អែកលើធាតុចូល និងមជ្ឈការឆ្ពោះទៅប្រព័ន្ធថវិកាផ្អែកលើលទ្ធផលសមិទ្ធកម្ម និងវិមជ្ឈការ។ ក្នុងន័យនេះដែរ ការកំណត់ក្របខ័ណ្ឌ មុខងារ ភារកិច្ចរបស់សវនកម្មផ្ទៃក្នុង និងអធិការកិច្ច និងអង្គភាពមានសមត្ថកិច្ចត្រួតពិនិត្យនៃបណ្តាក្រសួង ស្ថាប័ន ក៏ត្រូវបានបង្កើតឡើង និងព្រមទាំងលើកកម្ពស់មុខងារអធិការកិច្ចហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាការរួមចំណែកយ៉ាងសំខាន់នៅក្នុងការដ្ឋាននៃការកែទម្រង់របស់រាជរដ្ឋាភិបាលផងដែរ។
លោក បានបន្តថា៖ ការបើកសិក្ខាសាលានេះ គឺបានបញ្ជ្រាបការយល់ដឹងជូនថ្នាក់ដឹកនាំ មន្ត្រីជំនាញ នៅរដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក សាលាដំបូង និងមន្ទីរជំនាញជុំវិញខេត្ត ពាក់ព័ន្ធអំពីក្របខ័ណ្ឌមុខងារ ភារកិច្ចរបស់សវនកម្មផ្ទៃក្នុង បណ្តាក្រសួង ស្ថាប័ន និងសហគ្រាសសាធារណៈ អធិការកិច្ចជំនាញរបស់ក្រសួង ស្ថាប័ន អធិការកិច្ចហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អធិការកិច្ចមុខងារសាធារណៈរបស់ក្រសួងមុខងារសាធារណៈ និងអធិការកិច្ច របស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ច ដើម្បីលើកកម្ពស់ប្រសិទ្ធភាព ស័ក្ដិសិទ្ធភាព ដោយកំណត់ជៀសវាងការអនុវត្តមុខងារស្ទួនគ្នា។ ជាមួយនេះដែរ លោកបានបញ្ជាក់ថា ដើម្បីចូលរួមធានាការគ្រប់គ្រងប្រព័ន្ធ ហិរញ្ញវត្ថុសាធារណៈប្រកបដោយនីត្យានុកូលភាព ប្រសិទ្ធភាព ស័ក្ដិសិទ្ធភាព បូរណភាព តម្លាភាព និងគណនេយ្យភាព អគ្គាធិការដ្ឋានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងត្រូវអនុវត្តមុខងារ ភារកិច្ចស្របតាមខ្លឹមសារនៃអនុក្រឹត្យស្តីពីវិធាន និងនីតិវិធីការធ្វើអធិការកិច្ចហិរញ្ញវត្ថុក្រោយពីការផ្សព្វផ្សាយនេះផងដែរ៕