++++++ខេត្តកណ្តាល៖ ថ្លែងនៅក្នុងសិក្ខាសាលា សមាហរណកម្ម កម្មវិធីវិនិយោគ ៣ឆ្នាំរំកិលថ្នាក់ក្រុង-សង្កាត់ នៃរដ្ឋបាលក្រុងតាខ្មៅ នាព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២នេះ លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្តាល បានជំរុញដល់គ្រប់មន្ទីរអង្គភាពជុំវិញខេត្ត ត្រូវត្រួតពិនិត្យមើលយន្តការ ក្នុងការធ្វើផែនការ និងការអនុវត្តគម្រោងឱ្យមានភាពរលូន ត្រូវពិនិត្យមើលប្រភពថវិការបស់មន្ទីរអង្គភាព ដើម្បីធ្វើការគាំទ្រគម្រោង របស់សង្កាត់់ដែលជាតម្រូវការ និងសំណូមពររបស់ប្រជាពលរដ្ឋ ទន្ទឹមនេះត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យ លើលក្ខណៈបច្ចេកទេសរបស់គម្រោងនីមួយៗផងដែរ ។បន្ថែមពីលើនេះ លោកជំទាវបានបញ្ជាក់ថា នៅពេលបញ្ចប់សិក្ខាសាលា មន្ទីរអង្គភាពជុំវិញខេត្ត តំណាងអង្គការសង្គមស៊ីវិល និងសប្បុរសជននានា ដែលបានចុះកិច្ចសន្យាជួយគាំទ្រ ត្រូវយកចិត្តទុកដាក់ យកកិច្ចសន្យានេះ បញ្ចូលទៅក្នុងផែនការសកម្មភាព ប្រចាំឆ្នាំ ២០២៣ របស់ខ្លួន និងខិតខំអនុវត្តឱ្យមានប្រសិទ្ធភាព រាល់គម្រោងដែលមិនបានអនុវត្ត ត្រូវផ្តល់ព័ត៌មាន និងទំនាក់ទំនងគ្នាទៅវិញទៅមករវាងអ្នកគាំទ្រ និងក្រុមប្រឹក្សាសង្កាត់ បញ្ហាសំខាន់គឺចំពោះគម្រោងដែលគ្រប់សង្កាត់បានស្នើឡើង ប្រសិនបើសិក្ខាសាលាថ្ងៃនេះ មិនទាន់ទទួលបានការគាំទ្រនោះទេ គឺត្រូវបន្តការពិភាក្សា ឬសម្របសម្រួលគ្នាសម្រាប់ ទទួលបានការគាំទ្រនៅពេលក្រោយទៀត។ លោក ឃឹម សំភារ អភិបាលក្រុងតាខ្មៅ បានឱ្យដឹងថា គម្រោងដែលបានស្នើឡើង ក្នុងឆ្នាំ២០២២ មាន៖ ៤១៧ គម្រោង ដែល ចែកចេញជា ៧ វិស័យមាន៖ វិស័យកសិកម្ម ១១ វិស័យអាជីវកម្ម ៣៧ គម្រោង វិស័យវិស័យអប់រំ ៤៤ គម្រោង វិស័យសុខភាព ១១០ គម្រោង វិស័យភាពងាយរងគ្រោះ ១១ គម្រោង វិស័យបរិស្ថាន ៧០ គម្រោង និងវិស័យរដ្ឋបាល និងសន្តិសុខ ១១៤ គម្រោង ។ជាលទ្ធផលនៃសិក្ខាសាលានេះគំរោងរបស់សង្កាត់ ដែលទទួលការគាំទ្រ សរុបមានចំនួន ១៣៦ លើ៤១៧ ដោយឡែកគម្រោងរបស់ក្រុង ទទួលបានការគាំទ្រ ៣៥ លើ ៥៩គម្រោង ។