រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

សិក្ខាសាលា សមាហរណកម្ម កម្មវិធីវិនិយោគ ឃុំ ស្រុក នៅថ្នាក់ស្រុកខ្សាច់កណ្ដាល

ខេត្តកណ្តាល៖ រដ្ឋបាលស្រុកខ្សាច់កណ្ដាល រួមជាមួយក្រុមប្រឹក្សាឃុំគ្រប់ឃុំ ត្រូវសហការជាមួយមន្ទីរអង្គភាពពាក់ព័ន្ធ អង្គការមិនមែនរដ្ឋាភិបាល ដែលបានចុះកិច្ចសន្យាជួយគាំទ្រគម្រោងអភិវឌ្ឍន៍របស់ខ្លួន ដោយបញ្ចូលក្នុងផែនការសកម្មភាពប្រចាំឆ្នាំ ២០២៣ និងត្រូវអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់។ ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្ដាល បានថ្លែងដូចនេះនៅក្នុងពិធីបិទសិក្ខាសាលា សមាហរណកម្ម កម្មវិធីវិនិយោគ ឃុំ ស្រុក នៅថ្នាក់ស្រុកខ្សាច់កណ្ដាល នាព្រឹកថ្ងៃទី០៥ ខែធ្នូឆ្នាំ២០២២ នៅសាលាស្រុកខ្សាច់កណ្ដាល។ ឯកឧត្តមអភិបាលរងខេត្ត បន្តថា ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធផលនានានៅក្នុងឃុំ សុទ្ធតែមានការចូលរួមពីប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល និងសប្បុរសជននានា ដូច្នេះរាល់គម្រោងដែលទទួលបានការគាំទ្រ និងបានចុះចុះកិច្ចសន្យានៅពេលនេះ គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់រដ្ឋបាលស្រុកខ្សាច់កណ្ដាល ក៏ដូចជាក្រុមប្រឹក្សាឃុំគ្រប់ឃុំ ដែលទទួលបាននូវគម្រោងអភិវឌ្ឍន៍នៅក្នុងមូលដ្ឋានរបស់ខ្លួន។ លោក ចេង ឌីណា អភិបាលស្រុកខ្សាច់កណ្ដាល លើកឡើងថា សិក្ខាសាលាសមាហរណកម្ម ផែនការអភិវឌ្ឍន៍ឃុំ-ស្រុក នៅថ្នាក់ ស្រុក នាឱកាសនេះ មានគោលបំណង ដើម្បីផ្សព្វផ្សាយគម្រោងវិនិយោគអាទិភាពបីឆ្នាំរំកិល (២០២៣- ២០២៥) របស់រដ្ឋបាលស្រុក។ ផ្សព្វផ្សាយគម្រោងវិនិយោគអាទិភាពរបស់រដ្ឋបាលឃុំ ទាំង១៨ សម្រាប់អនុវត្តនៅឆ្នាំ២០២៣។ សម្របសម្រួល និងធ្វើឱ្យមានការសហការគ្នារវាងគម្រោងនានា នៃកម្មវិធីវិនិយោគរបស់ស្រុក ជាមួយនឹងគម្រោង នៃកម្មវិធីវិនិយោគរបស់ឃុំ និងដើម្បីស្នើសុំការ គាំទ្រពីមន្ទីរអង្គភាព អង្គការដៃគូរអភិវឌ្ឍន៍នានា ផ្នែកឯកជន និងសប្បុរសជន ដើម្បីគាំទ្រគម្រោងនានារបស់រដ្ឋបាលឃុំ-ស្រុក។ លោកអភិបាលស្រុក បានឱ្យដឹងថា គម្រោងដែលបានស្នើឡើង ពីសកម្មភាពអាទិភាពរបស់រដ្ឋបាលស្រុកខ្សាច់កណ្ដាលឆ្នាំ២០២៣-២០២៥ ដែលបានលើកឡើង ក្នុងឆ្នាំ២០២២ មាន៖ ៤៣៩ គម្រោង ដែល ចែកចេញជា ៧ វិស័យមាន៖ វិស័យកសិកម្ម ៤៣ វិស័យអាជីវកម្ម ៤៣ គម្រោង វិស័យវិស័យអប់រំ ២៣ គម្រោង វិស័យសុខភាព ១២៧ គម្រោង វិស័យភាពងាយរងគ្រោះ ១២ គម្រោង វិស័យបរិស្ថាន ៨០ គម្រោង និងវិស័យរដ្ឋបាល និងសន្តិសុខ ១១ គម្រោង ។ ជាលទ្ធផលនៃសិក្ខាសាលានេះគម្រោងរបស់ស្រុកខ្សាច់កណ្ដាល ដែលទទួលការគាំទ្រ សរុបមានចំនួន ៤០៦ លើ៤៣៩ ស្មើនឹង៩២,៤៨%។

អត្ថបទទាក់ទង