រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

សិក្ខាសាលា សមាហរណកម្ម នៃកម្មវិធីនិយោគបីឆ្នាំរំកិលឃុំ ស្រុក ២០២៣_២០២៥ នៅថ្នាក់ស្រុកពញាឮ

++++++ខេត្តកណ្តាល៖ រដ្ឋបាលស្រុកពញាឮ រួមជាមួយក្រុមប្រឹក្សាឃុំគ្រប់ឃុំ ត្រូវសហការជាមួយមន្ទីរអង្គភាពពាក់ព័ន្ធ អង្គការមិនមែនរដ្ឋាភិបាល ដែលបានចុះកិច្ចសន្យាជួយគាំទ្រគម្រោងអភិវឌ្ឍន៍របស់ខ្លួន ដោយបញ្ចូលក្នុងផែនការសកម្មភាពប្រចាំឆ្នាំ ២០២៣ និងត្រូវអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់។ ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្ដាល បានថ្លែងដូចនេះនៅក្នុងពិធីបិទសិក្ខាសាលា សមាហរណកម្ម នៃកម្មវិធីនិយោគបីឆ្នាំរំកិលឃុំ ស្រុក ២០២៣_២០២៥ នៅថ្នាក់ស្រុកពញាឮ នាព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ នៅសាលាស្រុកពញាឮ។ ឯកឧត្តមអភិបាលរងខេត្ត បន្តថា ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធផលនានានៅក្នុងឃុំ សុទ្ធតែមានការចូលរួមពីប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល និងសប្បុរសជននានា ដូច្នេះរាល់គម្រោងដែលទទួលបានការគាំទ្រ និងបានចុះចុះកិច្ចសន្យានៅពេលនេះ គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់រដ្ឋបាលស្រុកពញាឮ ក៏ដូចជាក្រុមប្រឹក្សាឃុំគ្រប់ឃុំ ដែលទទួលបាននូវគម្រោងអភិវឌ្ឍន៍នៅក្នុងមូលដ្ឋានរបស់ខ្លួន។ លោក ថន សុវណ្ណា អភិបាលស្រុកពញាឮ លើកឡើងថា សិក្ខាសាលាសមាហរណកម្ម ផែនការអភិវឌ្ឍន៍ឃុំ-ស្រុក នៅថ្នាក់ ស្រុក នាឱកាសនេះ មានគោលបំណង ដើម្បីផ្សព្វផ្សាយគម្រោងវិនិយោគអាទិភាពបីឆ្នាំរំកិល (២០២៣- ២០២៥) របស់រដ្ឋបាលស្រុក។ ផ្សព្វផ្សាយគម្រោងវិនិយោគអាទិភាពរបស់រដ្ឋបាលឃុំ ទាំង១១ សម្រាប់អនុវត្តនៅឆ្នាំ២០២៣។ សម្របសម្រួល និងធ្វើឱ្យមានការសហការគ្នារវាងគម្រោងនានា នៃកម្មវិធីវិនិយោគរបស់ស្រុក ជាមួយនឹងគម្រោង នៃកម្មវិធីវិនិយោគរបស់ឃុំ និងដើម្បីស្នើសុំការ គាំទ្រពីមន្ទីរអង្គភាព អង្គការដៃគូរអភិវឌ្ឍន៍នានា ផ្នែកឯកជន និងសប្បុរសជន ដើម្បីគាំទ្រគម្រោងនានារបស់រដ្ឋបាលឃុំ-ស្រុក។ លោកអភិបាលស្រុក បានឱ្យដឹងថា គម្រោងដែលបានស្នើឡើង ពីសកម្មភាពអាទិភាពរបស់រដ្ឋបាលស្រុកពញាឮឆ្នាំ២០២៣-២០២៥ ដែលបានលើកឡើង ក្នុងឆ្នាំ២០២២ មាន៖ ២៧៤ គម្រោង ដែល ចែកចេញជា ៧ វិស័យមាន៖ វិស័យកសិកម្ម ២៩ វិស័យអាជីវកម្ម ៤១ គម្រោង វិស័យវិស័យអប់រំ ២៨ គម្រោង វិស័យសុខភាព ៥៤ គម្រោង វិស័យភាពងាយរងគ្រោះ ០៩ គម្រោង វិស័យបរិស្ថាន ៥១ គម្រោង និងវិស័យរដ្ឋបាល និងសន្តិសុខ ៦២ គម្រោង ។ ជាលទ្ធផលនៃសិក្ខាសាលានេះគម្រោងរបស់ស្រុកពញាឮ ដែលទទួលការគាំទ្រ សរុបមានចំនួន ២១២ លើ២៧៤ ស្មើនឹង៧៨%។

អត្ថបទទាក់ទង