+++++++++++++++++++ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត បានបើកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តផែនការកិច្ចការពារកុមារ ប្រចាំត្រីមាសទី៤ ឆ្នាំ២០២២ ក្រោមអធិបតីភាពលោកជំទាវ នួន នារតី ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តកណ្ដាល និងលោកជំទាវ ហ៊ុន កូសនី អភិបាលរងខេត្ត និងជាប្រធានក្រុមការងារកិច្ចការពារកុមារខេត្តកណ្ដាល។លោកជំទាវ នួន នារតី ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តមានប្រសាសន៍ថា៖ ក្រុមការងារកិច្ចការពារកុមារខេត្ត និងមន្ទីរសង្គមកិច្ចខេត្ត ត្រូវធ្វើការសម្របសម្រួលនិងសហការក្នុងការរៀបចំសៀវភៅផែនការថ្នាក់ខេត្ត ស្ដីពីកិច្ចការពារកុមារឆ្នាំ២០២៣-២០២៥ ដើម្បីដាក់ជូនឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តចុះហត្ថលេខា និងជំរុញការអនុវត្តផែនការការងារស្ដីពីកិច្ចការពារឱ្យបានល្អ ទប់ស្កាត់ការបញ្ជូនកុមារចូលក្នុងមណ្ឌលថែទាំកុមារ បន្តចុះតាមដានសួរសុខទុក្ខផ្ដល់សេវាគាំទ្រដល់កុមារ ដែលបានសមាហរណកម្មនៅជួបការលំបាក គ្រួសារកុមារងាយរងគ្រោះ និងការបំបែកចេញពីគ្រួសារដោយមិនចាំបាច់។លោកជំទាវបានបន្តទៀតថា៖ បន្តសហការជាមួយអាជ្ញាធរក្រុង-ស្រុកឃុំ-សង្កាត់ អង្គការដៃគូផ្ដល់អាហារូបត្ថម្ភដល់កុមាររងគ្រោះ និងងាយរងគ្រោះក្នុងខេត្ត។លោកជំទាវ នួន នារតី ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត បានបញ្ជាក់បន្ថែមទៀតថា៖ គណៈកម្មាធិការត្រូវបន្តរៀបចំវេទិកាផ្សព្វផ្សាយដល់ប្រជាពលរដ្ឋតាមសហគមន៍ "អំពីគ្រួសាររឹងមាំ" ដែលផ្ដោតលើការលុបបំបាត់អំពើហិង្សាលើកុមារ និងទប់ស្កាត់ការបំបែកកុមារចេញពីគ្រួសារដោយមិនចាំបាច់។