រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការងារគ្រប់គ្រងអាជីវកម្មកំពង់ចម្លង ក្នុងខេត្តកណា្តល

+++++ខេត្តកណ្ដាល៖ ចំពោះម្ចាស់អាជីវកម្មកំពង់ចម្លង ដែលកំពុងប្រើប្រាស់ទូកឱប ត្រូវតែការផ្លាស់ប្ដូរមកប្រើប្រាស់ទូកដែក ដែលមានទំហំ និងខ្នាត ស្របតាមលក្ខណៈបច្ចេកទូកចម្លង ក្នុងរយៈ ពេល ៣០ថ្ងៃ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ពោលគឺត្រូវផ្លាស់ប្ដូរឲ្យបានមុនបំណាច់ខែមករានេះ ក្នុងករណីមិនអនុវត្តតាមការណែនាំខាងលើ រដ្ឋបាលខេត្តកណ្តាល នឹងមិនអនុញ្ញាតឲ្យបន្តធ្វើអាជីវកម្មកំពង់ចម្លងជាដាច់ខាត។ លោក ជី ស៉ីវុត្ថា នាយករដ្ឋបាលសាលាខេត្ត បញ្ជាក់ដូច្នេះ នៅក្នុងកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការងារគ្រប់គ្រងអាជីវកម្មកំពង់ចម្លង ក្នុងខេត្តកណា្តល នៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ ដោយមានការអញ្ចើញចូលរួមពីបណ្ដាម្ចាស់អាជីវកម្មកំពង់ចម្លងក្នុងខេត្តកណ្ដាល អាជ្ញាធរពាក់ព័ន្ធ និងមន្ទីរជំនាញ។ក្នុងកិច្ចប្រជុំនេះ លោកបានធ្វើការផ្សព្វផ្សាយ សេចក្តីជូនដំណឹង ដល់ម្ចាស់កំពង់ចម្លងទាំងអស់ក្នុងខេត្តកណ្ដាលថា៖ ដើម្បីអាចប្រកបអាជីវកម្មកំពង់ចម្លងបាន ត្រូវមានការឯកភាពពីរដ្ឋបាលខេត្ត និងមានការវាយតម្លៃផ្នែកហិរញ្ញវត្ថុ ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សំដៅធ្វើឲ្យអាជីវកម្មនេះប្រព្រឹត្តិទៅស្របច្បាប់ មានលក្ខណៈបច្ចេកទេសត្រឹមត្រូវ ធានាបាននូវសុខសុវត្ថិភាពជូនអ្នកដំណើរ ។លោកបានបញ្ជាក់ថា យោងតាមសចក្ដីជូនដំណឹងនេះ គឺតំរូវឲ្យម្ចាស់អាជីវកម្មកំពង់ចម្លងទាំងអស់ ត្រូវបញ្ឈប់ការប្រើប្រាស់ទូកឱប ត្រូវប្រើប្រាស់ទូកដែក ដែលមានទំហំ និងខ្នាត ស្របតាមលក្ខណៈបច្ចេកទេស។ ត្រូវមានប្រជាការពារម្នាក់ប្រចាំការតាមកំពង់ចម្លង ដើម្បីជួយសម្រួលសុវត្ថិភាពអ្នកដំណើរ ។ ត្រូវដាក់ស្លាកណែនាំសុវត្ថិភាពជូនអ្នកដំណើរឲ្យយល់ដឹងនៅពេលធ្វើដំណើរ។ ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសទូក លើទូកត្រូវមានអាវពោង ពោងសុវត្ថិភាព ភ្លើងបំភ្លឺ ខ្សែពួរជាដើម។ អ្នកបើកទូកចម្លង ត្រូវប័ណ្ណបើកបរទូត ត្រូវរៀបចំផ្លូវឡើងចុះ និងផែ ឲ្យស្របតាមលក្ខណៈបញ្ចេកទេស។លោកស្រី ខុន លក្ខិណា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកណ្ដាល បានអំពាវនាវ ដល់គ្រប់ស្ថាប័ន មន្ទីរ អង្គភាពពាក់ព័ន្ធរដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ ជាពិសេសម្ចាស់អាជីវកម្ម កំពង់ចម្លងទាំងអស់ សូមជួយចូលរួមសហការគ្នាដើម្បីអនុវត្តតាមសេចក្ដីជូនដំណឹងនេះឲ្យមានប្រសិទ្ធភាព ធ្វើឲ្យអាជីវកម្មនេះប្រព្រឹត្តិទៅស្របច្បាប់ មានលក្ខណៈបច្ចេកទេសត្រឹមត្រូវ ធានាបាននូវសុខសុវត្ថិភាពជូនអ្នកដំណើរ។

អត្ថបទទាក់ទង