រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកណ្ដាល

+++++++++++++++ខេត្តកណ្ដាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការគ្នាបានយ៉ាងល្អប្រសើរ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកណ្ដាល គ្រប់លំដាប់ថ្នាក់ ក្នុងការរក្សាការពារ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ របៀបរៀបរយ ជូនប្រជាពលរដ្ឋនៅក្នុងខេត្ត ពិសេសការជួយសង្គ្រោះប្រជាពលរដ្ឋក្នុងគ្រោះមហន្តរាយដោយជំនន់ទឹកភ្លៀង ដែលកើតមាននៅក្នុងខេត្តកណ្ដាល។ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានកោតសរសើរ និងវាយតម្លៃខ្ពស់ បែបនេះក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកណ្ដាល នារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត កងកម្លាំងទាំងបី អភិបាលក្រុង-ស្រុកទាំង១១ មន្ទីរអង្គភាពជុំវិញខេត្ត និងអ្នកពាក់ព័ន្ធផងដែរ។ ឯកឧត្តមអភិបាលខេត្ត បន្តថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ខេត្តកណ្ដាល បានទទួលរងឥទ្ធិពលទឹកហូរចេញពីខេត្តកំពង់ស្ពឺ និងការបើកទ្វារទឹកបង្ហូរចូលតាមដងស្ទឹងព្រែកត្នោត ដែលបង្កមកពីភ្លៀងបានធ្លាក់ប៉ុន្មានថ្ងៃជាប់ៗគ្នា ធ្វើឱ្យស្ថានភាពទឹក ស្ថិតនៅភូមិសាស្ត្រខេត្តកណ្ដាល មានការកើនឡើងខ្លាំង បណ្ដាលឱ្យក្រុង-ស្រុកចំនួន៤ រួមមាន៖ ក្រុងតាខ្មៅ ស្រុកកណ្ដាលស្ទឹង ស្រុកអង្គស្នួល និងស្រុកពញាឮ រងផលប៉ះពាល់ផ្ទះប្រជាពលរដ្ឋ និងផលដំណាំផ្សេងៗទៀត។ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់ កងកម្លាំងមាសម្ថកិច្ច និងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុកទាំងអស់ត្រូវយកចិត្តទុកដាក់ ពន្លឿនការងារធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋដែលគ្រប់អាយុ ពិសេសអត្តសញ្ញាណប័ណ្ណដែលហួសសុពលភាព ជូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលា និងអនុវត្តនូវផែនការសកម្មភាពការងាររបស់ខ្លួនជាបន្តបន្ទាប់ទៀតធ្វើយ៉ាងណាដើម្បីធានាដល់ការបម្រើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួនឲ្យបានល្អប្រសើរឡើងបន្ថែមទៀត។ ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមអភិបាលខេត្ត បានស្នាដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់ បង្ក្រាបឱ្យបាននូវបទល្មើសនានា ដោយមិនឱ្យមានបទល្មើសដូចជាចោរកម្ម គ្រឿងញៀន ល្បែងស៊ីសង ក្មេងទំនើង បន្តអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព គោរពច្បាប់ចរាចរណ៍ ចូលរួមថែរក្សាហេដ្ឋារចនាស័ម្ពន្ធ និងសមិទ្ធផលនានានៅក្នុងមូលដ្ឋាន៕

អត្ថបទទាក់ទង