++++++++ខេត្តកណ្តាល៖ ថ្លែងនៅក្នុងពិធីបើកវគ្គបំប៉ន រយៈពេល១ថ្ងៃ ស្តីពីការងារចុះបញ្ជីដីធ្លីជូនដល់ក្រុមចុះបញ្ជីដីធ្លីមកពីបណ្តាក្រុង-ស្រុកទាំង១១ក្នុងខេត្តកណ្តាលជាង ៦០០នាក់ នាព្រឹកថ្ងៃទី២៦ ខែ មករា ឆ្នាំ ២០២៣ នៅសាលាខេត្តកណ្តាល ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្ត បានបញ្ជាក់ថា៖ វគ្គបំប៉នស្តីពីការងារចុះបញ្ជីដីធ្លីជូនដល់ក្រុមចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធខេត្ត នាពេលនេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ពន្លឿនដល់ការចុះបញ្ជីដីធ្លីជាប្រពន្ធ័ និងចេញបណ្ណ័កម្មសិទ្ធជូនប្រជាពលរដ្ឋតាមផែនការដែលបានគ្រោងទុកសម្រាប់ឆ្នាំ២០២៣ ត្រូវជុំរុញអនុវត្ត អោយបាន ១៦០,០០០ក្បាលដី និងឈានដល់ការចេញប័ណ្ណអោយចប់សព្វគ្រប់ក្នុងខេត្តកណ្តាលនាពេលឆាប់ៗខាងមុខនេះ។ ឯកឧត្តមបន្តថា៖ វគ្គបណ្តុះបណ្ដាលនេះ អាចដំណើរការនៅបានដោយសារតែមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបាន ផ្តល់គ្រូឧទ្ទេសដែលមានសមត្ថភាពខ្ពស់ និងមានបទពិសោធន៍ល្អៗ ដើម្បីចែករំលែកជូនដល់សិក្ខាកាមទាំងអស់ សំដៅជំរុញការចុះបញ្ជីដីធ្លីនៅក្នុងខេត្តកណ្តាល ឱ្យចប់តាមផែនការដែលបានដាក់ចេញ។ ឯកឧត្តមបានបានជំរុញ ដល់ក្រុមចុះបញ្ជីដីធ្លីមកពីបណ្តាក្រុង-ស្រុកទាំង១១ក្នុងខេត្តកណ្តាល ត្រូវបន្តខិតខំអនុវត្តការងារ និងផ្តល់ការសហការ ដើម្បីវាស់វែងចេញប័ណ្ណជូនប្រជាពលរដ្ឋឲ្យបានកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ពិសេសប័ណ្ណ ដែលនៅសេសសល់ ត្រូវពន្លឿនដើម្បីចែកជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។ នាឱកាសនោះដែរ លោក វុឌ្ឍី វណ្ណារ៉ា អគ្គនាយករង នៃអគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្ត្រ ក៏បានជំរុញ និងលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ចូលរួមត្រងត្រាប់ស្តាប់ និងកត់ត្រា ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងទទួលយកនូវចំណេះដឹងថ្មីៗ រួមជាមួយនឹងបទពិសោធន៍ល្អៗ ពីវាគ្មិន ដែលនឹងធ្វើការណែនាំ បណ្តុះបណ្តាល បង្ហាត់បង្រៀន ចែករំលែកជូនក្នុងវគ្គបំប៉ននេះ ដើម្បីពង្រឹងសមត្ថភាពជំនាញក្នុងការអនុវត្តជាក់ស្ដែងទទួលបានលទ្ធផលកាន់តែល្អប្រសើរឡើង ប្រកបដោយប្រសិទ្ធផល និងប្រសិទ្ធភាពខ្ពស់។ លោកបានបញ្ជាក់ថា ក្នុងវគ្គបំប៉នរយៈពេល១ថ្ងៃនេះ សិក្ខាកាមទាំងអស់និងទទួលបាននូវចំណេះដឹងដូចជា៖ ១-ក្រុមសីលធម៌វិជ្ជាជីវៈ និងការរៀបចំផែនការ ២-លក្ខណៈទូទៅ នៃការចុះបញ្ជីលក្ខណៈជាប្រព័ន្ធ៕