ខេត្តកណ្តាល៖ រសៀលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ឈិន កេតនា អនុប្រធានអចិន្រ្តៃយ៍ និងជាប្រធានអគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិអន្តរជាតិ និងឯកឧត្ដម ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល តំណាងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល អញ្ជើញដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យស្ដីពីកិច្ចការត្រៀមសម្រាប់ពិធីបុណ្យមាឃបូជា នៅភ្នំព្រះរាជទ្រព្យ ក្រោមអធិបតីភាពលោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច។ មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះដែរឯកឧត្តម ឈិន កេតនា អនុប្រធានអចិន្ត្រៃយ៍ និងជាប្រធានអគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិអន្តរជាតិ បានក្រើនរំលឹក ដល់អាជ្ញាធរខេត្ត ត្រូវអនុវត្តតាមការណែនាំ និងការចាត់តាំប្រកបដោយការទទួលខុសត្រូវខ្ពស់ សំដៅធានាបាននូវការរៀបចំពិធីបុណ្យមាឃបូជា អោយទទួលបានជោគជ័យ។ មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្ដម ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល បានស្នើដល់ អាជ្ញាធរស្រុក កងកម្លាំងមានសមត្ថកិច្ច និងមន្ទីរអង្គភាពពាក់ព័ន្ធនានា ត្រូវអនុវត្តតាមតួនាទី ភារកិច្ចរបស់ខ្លួនឱ្យបានល្អ សំដៅ ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព និងរបៀបរៀបរយ ធ្វើ យ៉ាងណាឱ្យពិធីនេះប្រព្រឹត្តទៅប្រកបដោយជោគជ័យ។ សូមបញ្ជាក់ផងដែរថា ពិធីបុណ្យមាឃបូជាឆ្នាំនេះនឹងប្រារព្ធធ្វើ នៅថ្ងៃអាទិត្យ ១៥កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅបរិវេណ ព្រះមហាសត្យមុនី ចេតិយ ភ្នំព្រះរាជទ្រព្យ (ឧត្តុង) ក្នុងស្រុកពញាឮ ខេត្តកណ្ដាល ក្រោមអធិបតីភាពលោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច។