រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីប្រកាសជ័យលាភី ពានរង្វាន់សេវាសង្គម សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ២០២០-២០២១ ជូនដល់រដ្ឋបាលស្រុក និងរដ្ឋបាលឃុំ នៃស្រុកខ្សាច់កណ្តាល

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្តាល បានអញ្ជើញជាអធិបតីភាពក្នុង ពិធីប្រកាសជ័យលាភីពានរង្វាន់សេវាសង្គម សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ២០២០-២០២១ ជូនដល់រដ្ឋបាលស្រុក និងរដ្ឋបាលឃុំ នៃស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្ត បានមានប្រសាសន៍ថា ការផ្តល់សេវា​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​គឺជា​គោលការណ៍​មួយ​ដ៏​ល្អ និង​មានការ​គាំទ្រ​យ៉ាង​ច្រើ​ន​ពី​ប្រជាពលរដ្ឋ ដូច្នេះអាជ្ញាធរគ្រប់ថ្នាក់ ត្រូវតែ​​ខិតខំ​ប្រឹងប្រែង​បន្តទៀត ក្នុងការ​​ពង្រីក​សេវា​នេះ​ឱ្យបាន​កាន់តែច្រើន​ និងល្អប្រសើរ ​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ផ្សេងៗ​របស់​ប្រជាពលរដ្ឋ និង​ការ​​ឆ្លើយតបបាន​យ៉ាង​ឆាប់រហ័ស​ចំពោះ​តម្រូវការ​ជា​អាទិភាព​នានា​របស់​មូលដ្ឋាន​នីមួយ​ៗ​​។ រដ្ឋបាលក្រុងស្រុក និងឃុំសង្កាត់ សុទ្ធតែបានទទួលនូវការផ្សព្វផ្សាយ និងការបណ្ដុះបណ្ដាលទៅលើបច្ចេកទេស នៃការអនុវត្តកម្មវិធីនេះរួចហើយដែរ ដូចជាការបំពេញនៅតារាង និងទម្រង់នានានៅសូចនាករសម្រាប់វាស់វែងនៃកម្រិតផ្កាយដែលទទួលបាន ជាពិសេសកម្មវិធីនេះ គឺជាដំណើរការនៃការវាយតម្លៃអំពីការផ្ដល់សេវាលើវិស័យសង្គមរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។ឯកឧត្តមបន្តទៀតថា ការងារសេវាសង្គម បានចូល​រួមចំណែកក្នុង​ការកាត់​បន្ថយភាព​ក្រីក្ររបស់​ប្រជា​ពល​រដ្ឋ​យ៉ាងច្រើន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាយ៉ាងពិតប្រាកដ ដោយ​​បញ្ហាសេវា​សង្គម​​មួយ​ចំនួនរួមមាន បញ្ហាសុខភាពមាតានិងទារក បញ្ហាអាហារូបត្ថម្ភ បញ្ហា​អនាម័យ បញ្ហា​ទឹកស្អាត បញ្ហាកិច្ចការពារកុមារ បញ្ហាការអប់រំកុមារតូច និងបញ្ហាភាព​ងាយ​រង​គ្រោះ​នានាជាដើម ដែល​រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ​ ត្រូវចូលរួមឆ្លើយតប និងដោះស្រាយ ដោយមិនត្រូវ​ពឹងផ្អែក​លើ​រាជរដ្ឋាភិបាល ឬរដ្ឋបាលថ្នាក់ជាតិ តែមួយមុខបានឡើយ បញ្ហាទាំង​អស់​នេះ សុទ្ធសឹងតែជា​អាទិ​ភាព​​​តម្រូវ​ឱ្យស្ថា​ប័ន​ពាក់ព័ន្ធ បង្កើនការយកចិត្តទុកដាក់ក្នុងការផ្តល់សេវា​ឱ្យកាន់​តែមានប្រសិទ្ធភាព តម្លាភាព បរិយាប័ន្ន ប្រកបដោយ​សមធម៌​ ។សូមជម្រាបថា ៖ ខេត្តកណ្តាល ទទួលបានជ័យលាភីពាន​រង្វាន់ជើង​ឯកសេវា​សង្គម​រដ្ឋបាល​ខេត្ត ប្រចាំ​​ឆ្នាំ​២០២០-២០២១ ជាប់ចំណាត់ថ្នាក់លេខ២ ទូទាំងប្រទេស ។ រដ្ឋបាលក្រុងតាខ្មៅ ខេត្តកណ្តាល ជាក្រុងដែលទទួលបានពាន​រង្វាន់ជើង​ឯកសេវា​សង្គម​​រដ្ឋបាល​ក្រុង ជាប់ចំណាត់ថ្នាក់លេខ១ ទូទាំងប្រទេស។ ដោយឡែកសម្រាប់រដ្ឋបាលស្រុកខ្សាច់កណ្តាល គឺទទួលបានចំណាត់ថ្នាក់ផ្កាយ០៣។ រដ្ឋបាលឃុំទទួលបានចំណាត់ថ្នាក់ផ្កាយ ០៣មានចំនួន ០៩ឃុំ រួមមាន ឃុំព្រះប្រសប់ ឃុំព្រែកលួង ឃុំកោះឧកញ៉ាតី ឃុំពុកឬស្សី ឃុំព្រែកតាកូវ ឃុំស្វាយរមៀត ឃុំស្វាយជ្រំ ឃុំព្រែកអំពិល និងឃុំបាក់ដាវ។ រដ្ឋបាលឃុំទទួលបានចំណាត់ថ្នាក់ផ្កាយ ០២ មានចំនួន ០២ឃុំ រួមមានឃុំសុីធរ និងឃុំជ័យធំ។រដ្ឋបាលឃុំទទួលបានចំណាត់ថ្នាក់ផ្កាយ ០១មានចំនួន ០២ឃុំ រួមមានឃុំព្រែកតាមាក់ និងឃុំតាឯក។

អត្ថបទទាក់ទង