ខេត្តកណ្តាល៖ព្រឹកថ្ងៃទី១៧ ខែកុម្ភះ ឆ្នាំ២០២៣ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានអញ្ជើញចូលរួមក្នុងកិច្ចសហប្រតិបត្តិការបោសសំអាតគ្រាប់មិនទាន់ផ្ទុះ និងស្រង់នាវានៅបាតទន្លេ (ការដ្ឋានកោះពាមរាំង)ក្នុងភូមិសាស្ត្រ ឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការពារជាតិ និងជាប្រធានក្រុមការងារអន្តរក្រសួង ដើម្បីចុះសិក្សា និងដោះស្រាយករណីរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ។កិច្ចសហប្រតិបត្តិការនេះបានដឹកនាំក្រុមការងារប្រតិបត្តិការបោសសំអាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាចម្បាំង ដែលលិចក្នុងទន្លេ បើកការដ្ឋានប្រតិបត្តិការបោសសំអាតគ្រាប់ក្រោមទឹក ស្ថិតនៅឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្ដាល។នាឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាត បានក្រើនរំឮកដល់កងកម្លាំងបោសម្អាតគ្រាប់មីន នៅមូលដ្ឋានក្នុងភូមិសាស្ត្រ ស្រុកលើកដែក ត្រូវបង្កើនការយកចិត្តទុកដាក់ឱ្យបានខ្ពស់ និងអនុវត្តឱ្យបានល្អចំពោះភារកិច្ចទៅតាមស្តង់ដារបច្ចេកទេស និងមិនត្រូវមើលស្រាលជាដាច់ខាតចំពោះគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាដាច់ខាត៕