រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ច្រកទ្វារព្រំដែនផ្លូវគោកវិញសឿង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រកាសដាក់អោយដំណើរការជាផ្លូវការច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោកវិញសឿង ដើម្បីឱ្យស្របទៅនឹងច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ ក្នុងស្រុកលើកដែក ខេត្តកណ្តាល

ខេត្តកណ្ដាល៖ នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម នូ សាខន សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តមបណ្ឌិតម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល តំណាងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានដឹកនាំប្រតិភូខេត្តកណ្ដាល អញ្ជើញចូលរួមក្នុងពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ ច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោកវិញសឿង និងបញ្ចូលតែមួយជាមួយច្រកទ្វារព្រំដែនអន្តរជាតិផ្លូវទឹក វិញសឿង ទៅជាច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោក និងផ្លូវទឹកវិញសឿង នៅច្រកទ្វារព្រំដែនអន្តរជាតិ ក្អមសំណ-វិញសឿង នៃប្រទេសទាំងពីរ។ មានប្រសាសន៍ក្នុងពិធីប្រកាសដាក់ឱ្យដំណើរការនេះដែរ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បានសម្ដែងនូវការអបអរសាទរ និងកោតសរសើរដល់រដ្ឋបាលខេត្តអានយ៉ាង ដែលបានខិតខំការស្នើសុំរដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បង្កើតច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោកវិញសឿង ដើម្បីឱ្យស្របទៅនឹងច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ ក្នុងស្រុកលើកដែក ខេត្តកណ្តាល ដែលរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានបង្កើត និងដាក់ឱ្យដំណើរការជាផ្លូវការនាឆ្នាំ២០០១ កន្លងមក។ ឯកឧត្តមអភិបាលរងខេត្តកណ្ដាល បន្តថា ច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ និងច្រកទ្វារព្រំដែនអន្តរជាតិវិញសឿង គឺជាចំណុចតភ្ជាប់ដ៏មានសារៈសំខាន់រវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម ក៏ដូចជារវាងខេត្តកណ្តាល និងខេត្តអានយ៉ាង ហើយច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ-វិញសឿង បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងពង្រីកនូវ ទំនាក់ទំនងសហប្រតិបត្តិការ អភិវឌ្ឍលើវិស័យសេដ្ឋកិច្ច, ពាណិជ្ជកម្ម, វិនិយោគ, ការផ្លាស់ប្តូរទំនិញធុនធ្ងន់ និងធុនស្រាល និងកសិផលរវាងប្រទេសទាំងពីរ សំដៅពង្រីកកំណើនសេដ្ឋកិច្ចដល់ប្រជាជននៃប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនឡើងថែមទៀត។ ឆ្លៀតខ្នងឱកាសនោះដែរ ឯកឧត្តមអភិបាលរងខេត្ត បានស្នើដល់កងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរខេត្តទាំងពីរ(កណ្តាល-អានយ៉ាង) សូមបន្តរួមគ្នាសហការឱ្យបានល្អក្នុងការផ្លាស់ប្ដូរបទពិសោធន៍ និងផ្ដល់ព័ត៌មានគ្នាទៅវិញទៅមក ដើម្បីទប់ស្កាត់ការចេញ-ចូលឆ្លងដែនខុសច្បាប់ និងរាល់បទល្មើសគ្រប់ប្រភេទ ព្រមទាំងបកស្រាយរាល់ការផ្សព្វផ្សាយនូវព័ត៌មានមិនពិត ដើម្បីធានាភាពស្អាតស្អំដល់សមត្ថកិច្ច និងមន្ត្រីពាក់ព័ន្ធនៃប្រទេសទាំងពីរដែលឈរជើងនៅទីនេះ។ ព្រមទាំងបង្កលក្ខណៈងាយស្រួលដល់សកម្មភាពផ្លាស់ប្តូរទំនិញ កសិផលរបស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរផងដែរ។ ឯកឧត្តមក៏បានសង្ឃឹមយ៉ាងមុតមាំថា ច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ និងច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោក និងផ្លូវទឹកវិញសឿង នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាង អភិវឌ្ឍសេដ្ឋកិច្ច និងសង្គម នៃប្រទេសទាំងពីរ (កម្ពុជា-វៀតណាម ) ហើយជាពិសេស គឺខេត្តកណ្តាល និងខេត្តអានយ៉ាង។ ឯកឧត្តម ង្វៀន ថាញ់ប៊ិញ ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះបណ្ដាអាជ្ញាធរ សមត្ថកិច្ច មន្ទីរ-អង្គភាពពាក់ព័ន្ធទាំងអស់របស់ខេត្តកណ្តាល និងខេត្តអានយ៉ាង ដែលកន្លងមកបានខិតខំបំពេញ តួនាទី ភារកិច្ចរបស់ខ្លួន ក្នុងក្របខណ្ឌសហប្រតិបត្តិការខេត្តជាប់ព្រំដែន ដែលទទួលបានលទ្ធផលយ៉ាងល្អ ជាពិសេស ក្នុងការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ និងបានរួមសហការគ្នារក្សា សន្តិសុខ សណ្តាប់ធ្នាប់ និងទប់ស្កាត់រាល់បទល្មើសផ្សេងៗ ធ្វើឱ្យសភាពការណ៍តាមខ្សែបន្ទាត់ព្រំដែន ប្រទេសទាំងពីរមានភាពល្អប្រសើរគួរជាទីមោទនៈ ហើយសូមឱ្យចំណងមិត្តភាព សាមគ្គីភាព សហប្រតិបត្តិការ រវាងប្រទេស ទាំងពីរ កម្ពុជា-វៀតណាម ជាពិសេសរវាងខេត្តកណ្តាល និងខេត្តអានយ៉ាង រឹងមាំ ឋិតថេរចីរកាល យូរអង្វែងតទៅ។

អត្ថបទទាក់ទង