+++++++++ខេត្តកណ្ដាល ៖ រសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលប្រគល់ និងទទួលអំណោយមនុស្សធម៌ពី លោកឧកញ៉ា ភឺន ផល្លា និងលោកជំទាវ សាយ សោភា ដែលបានឧបត្ថម្ភថវិកា ចំនួន ៥០ ០០០ ដុល្លារ ដល់សាខាកាកបាទក្រហមខេត្តកណ្ដាល ដើម្បីចូលរួមចំណែក ក្នុងកិច្ចការមនុស្សធម៌ ក្នុងខេត្តកណ្តាល។ក្នុងនាមគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ឯកឧត្ដមបានថ្លែងអំណរគុណ និងសម្តែងនូវការកោតសរសើរពីសន្តានចិត្ត សប្បុរសធម៌ ដ៏ថ្លៃថ្លាជូន ចំពោះលោកឧកញ៉ា និងលោកជំទាវ ដែលបានចំណាយទ្រព្យធនផ្ទាល់ខ្លួន ជួយឧបត្ថម្ភដល់សាខាកាកបាទក្រហមកម្ពុជាខេត្ត ដើម្បីឲ្យសាខាកាកបាទក្រហមខេត្តមានលទ្ធភាព ក្នុងការចូលរួមឆ្លើយតបជូនដល់ជនរងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗ និងជនងាយរងគ្រោះបំផុត នៅក្នុងខេត្តឱ្យបានទាន់ពេលវេលា ។ ឯកឧត្តមប្រធាន បានលើកហត្ថប្រណម្យបួងសួងដល់គុណព្រះរតនត្រ័យទាំងបី សូមព្រះអង្គជួយប្រោះព្រំប្រសិទ្ធពរជ័យ បវរសួស្តីមហាប្រសើរ ជូនចំពោះលោក លោកស្រីជាសប្បុរសជនទាំងអស់ សូមទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។ ឯកឧត្តមបានសន្យាថានឹងនាំយកអំណោយមនុស្សធម៌នេះទៅធ្វេីសកម្មភាពអោយចំគោលដៅនៃការងារមនុស្សធម៌តាមគោលការណ៏គ្រឹះរបស់កាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៌ុនសែនជាប្រធាន។