ខេត្តកណ្ដាល ៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានអនុញ្ញាតឲ្យមន្ត្រីកម្មសិក្សាការី ដែលត្រូវបំពេញការងារនៅរដ្ឋបាលខេត្តកណ្ដាល ចូលជួបសំដែងការគួរសម និងស្ដាប់អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ នៅសាលប្រជុំសាលាខេត្តកណ្តាល។ក្នុងជំនួបសំដែងការគួរសមនេះ ឯកឧត្តម អភិបាលខេត្ត បានមានប្រសាសន៍ណែនាំដល់មន្ត្រីកម្មសិក្សាការី ដែលត្រូវបម្រើការងារនៅរដ្ឋបាលខេត្តកណ្ដាល ត្រូវអនុវត្តការងារ តួនាទី និងភារកិច្ច ឲ្យស្របតាមច្បាប់ និងលិខិតបទដ្ឋាននានាជាធរមាន ជាពិសេសត្រូវអនុលោមតាមនីតិវិធី ព្រមទាំងការប្រគល់ភារកិច្ច តាមការជាក់ស្ដែងរបស់រដ្ឋបាលខេត្ត ម្យ៉ាងវិញទៀត ត្រូវមានការទទួលខុសត្រូវ និងខិតខំយកចិត្តទុកដាក់បំពេញការ ក៏ដូចជាការត្រង់ត្រាប់ស្ដាប់នូវឱវាទ ព្រមទាំងបទពិសោធរបស់ ថ្នាក់ដឹកនាំខេត្ត។ ឯកឧត្តម ក៏បានបន្តថា រាល់ការងារទាំងអស់ ត្រូវតែមានគណនេយ្យភាព និងការឆ្លើយតប ទៅនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋ ព្រមទាំងយកចិត្តទុកដាក់ក្នុងការបំពេញការងារ ដែលជាការងារត្រូវតែមានភាពឆន្ទះ ម្ចាស់ការ ម៉ោះមុត អង់អាចក្លាហាន ទន់ភ្លន់ ប៉ុន្តែម៉ឺងម៉ាត់។