រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្តមអភិបាលខេត្តកណ្តាល អញ្ជើញជាអធិបតី ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២១-២០២២ និងលើកទិសដៅសិក្សា២០២២-២០២៣

ខេត្តកណ្តាល៖ ថ្លែងនៅក្នុង ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២១-២០២២ និងលើកទិសដៅសិក្សា២០២២-២០២៣ នៅព្រឹកថ្ងៃទី២ ខែមិនា ឆ្នាំ២០២៣ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលរបស់វិស័យអប់រំ យុវជន និងកីឡាខេត្ត ក្នុងរយៈពេល១០ឆ្នាំកន្លងមក ដែលមន្ទីរ និងដៃគូរអភិវឌ្ឍន៍ បានរួមគ្នា សម្រេចបានកិច្ចការធំៗ គួរឱ្យកត់សម្គាល់ ដូចជា បន្តបង្កើនការចូលរៀនប្រកបដោយសមធម៌នៅគ្រប់កម្រិត។ ការអប់រំមូលដ្ឋាន រយៈពេល៩ឆ្នាំ តាមរយៈការបង្កលក្ខណៈសម្បត្តិអនុគ្រោះនានា ដើម្បីឱ្យកូនចៅប្រជាពលរដ្ឋដែលជួបការលំបាក មានលទ្ធភាពចូលសិក្សា ការពង្រឹង និងពង្រីកអភិបាលកិច្ចគ្រឹះស្ថានសិក្សាសាធារណៈ និងការដោះស្រាយតម្រូវការបន្ទាន់ភ្លាមៗ និងការបង្កើនអាហាររូបករណ៍សម្រាប់សិស្សក្រីក្រជាដើម។ ជាការលើកទឹកចិត្ត និងគាំទ្រលើវិស័យអប់រំក្នុងខេត្ត ឯកឧត្តមអភិបាលខេត្តបានប្រកាសផ្ដល់ កុំព្យូទ័រ laplop ម្នាក់១គ្រឿង ដល់នាយក នាយិការនៅគ្រប់សាលារៀនទាំងអស់ក្នុងខេត្តកណ្ដាល ដើម្បីបំពេញការងារឲ្យកាន់តែមានប្រសិទ្ធភាពតាមបែបឌីជីថល និងបានប្រកាសផ្តល់អំពូល sola ចំនួន ១៥ដើម ដល់គ្រប់សាលារៀនក្នុងខេត្តសម្រាប់បំភ្លឺនៅពេលយប់ផងដែរ។ពាក់ព័ន្ធនឹងវិស័យអប់រំកាយ និងកីឡា ឯកឧត្តមអភិបាលខេត្ត បានស្នើឱ្យ មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ត្រូវធ្វើឱ្យវិស័យនេះ ប្រែក្លាយ ទៅជាវិស័យឈានមុខ និងទទួលការសាទរ គឺមហាជន តាមរយៈការធ្វើកំណែទម្រង់វិស័យអប់រំកាយ និងកីឡា ដើម្បីឆ្ពោះទៅស៊ីហ្គេមលើកទី៣២ នាឆ្នាំ២០២៣ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ។ ជាពិសេសត្រូវបន្តខិតខំធ្វើកំណែទម្រង់ គ្រប់ទិដ្ឋភាព ទាំងក្នុងក្របខ័ណ្ឌគោលនយោបាយទាំងក្នុងក្របខ័ណ្ឌបច្ចេកទេស ព្រមទាំងការអនុវត្តជាក់ស្តែង បានធ្វើឱ្យមាតាបិតា អាណាព្យាបាល សាធារណៈជន និងប្រជាជនមានជំនឿទុកចិត្តគាំទ្រ និងចូលរួមលេង កីឡា កាន់តែច្រើន ស្របនឹងទិសស្លោក "ប្រជាជនមួយនាក់ កីឡាមួយប្រភេទ” ។ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា សន្និបាតអប់រំឆ្នាំនេះ គឺបានលើកឡើងនូវបទបង្ហាញ និងប្រធានបទពិភាក្សាដែល សុទ្ធតែឆ្លើយតបទៅនឹងខ្លឹមសារនៃយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដោយផ្ដល់អាទិភាពជាចម្បងទៅ លើវិស័យអប់រំ ជាពិសេសទៅលើការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីធានាលើកកម្ពស់កម្រិតជំនាញរបស់ យុវជនយើងឱ្យឆ្លើយតបតាមទីផ្សារពលកម្មក្នុងប្រទេស និងក្នុងតំបន់ ដូច្នេះសូមអង្គសន្និបាតទាំងមូល ធ្វើការពិចារណា និងពិភាក្សាបន្ថែមទៅ លើប្រធានបទ ដែលបានត្រៀមរួចជាស្រេច ដើម្បីធ្វើឱ្យអង្គសន្និបាត ដំណើរការដោយ រលូន និងប្រមូលបាននូវធាតុចូលល្អៗ បង្កើតបានជាទិសដៅ សម្រាប់អនុវត្តក្នុងបណ្តាឆ្នាំ ខាងមុខបន្តបន្ទាបទៀត។ លោក ចេង សំអ៊ុល ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល បានឱ្យដឹងថា វិស័យអប់រំក្មានុងខេត្តកណ្តាល មានការរីកចម្រើន ខ្លាំងជាក់ស្ដែងឆ្នាំនេះសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បានកើនឡើងជាងឆ្នាំមុនពី ៦៨,២២% ទៅ ៧៥,៩៥% (កើន៧,៧៣%) ។ លោកបានបញ្ជាក់ថា លទ្ធផលផ្លែផ្កានេះ កើតចេញពីការចូលរួមយ៉ាង សកម្មរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងក្រុមការងារចុះជួយមូលដ្ឋាន បានយកចិត្តទុកដាក់ជាមួយ មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ដើម្បីជំរុញសិស្សឲ្យខិតខំរៀនសូត្រតាមរយៈការបំប៉ន នេះគឺជាមោទនភាពរបស់ខេត្ត និងរបស់ក្រុង ស្រុក នីមួយៗ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ដែលបានលើកឡើងថា ៖ «កុំទុក ឲ្យអប់រំនៅឯកោ អាជ្ញាធរត្រូវនាំគ្នាជួយអប់រំ ដើម្បីអភិវឌ្ឍធនធានមនុស្សយកមកកសាង ភូមិ ឃុំ ស្រុក ខេត្ត និងប្រទេសជាតិរបស់យើង»។

អត្ថបទទាក់ទង