រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

អបអរសាទរ រដ្ឋបាលស្រុកអង្គស្នួល ទទួលបានចំណាប់ថ្នាក់ពានរង្វាន់ “ផ្កាយ៣” ក្នុងការផ្ដល់សេវាសង្គមសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ

ខេត្តកណ្ដាល៖ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល បានសម្ដែងនូវការអបអរសាទរដល់រដ្ឋបាលស្រុកអង្គស្នួល ក៏ដូចជារដ្ឋបាលឃុំមួយចំនួនទៀត ដែលទទួលបានពានរង្វាន់សេវាសង្គមសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិចំណាត់ថ្នាក់ "ផ្កាយ៣"។ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល បានសម្ដែងនូវការអបអរសាទរបែបនេះ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញជាអធិបតីក្នុងពិធីប្រកាសជ័យលាភី ពានរង្វាន់សេវាសង្គម សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ២០២០-២០២១ ជូនដល់រដ្ឋបាល​ និងរដ្ឋបាលឃុំទាំង១០ ក្នុងស្រុកអង្គស្នួល នាព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ នៅសល់ប្រជុំសាលាស្រុកអង្គស្នួល។ ឯកឧត្តមអភិបាលរងខេត្តកណ្ដាល បន្តថា ការផ្តល់សេវា​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ គឺជា​គោលការណ៍​មួយ​ដ៏​ល្អ និង​មានការ​គាំទ្រ​យ៉ាងពេញទំហឹងពី​ប្រជាពលរដ្ឋ ដូច្នេះអាជ្ញាធរគ្រប់ជាន់ថ្នាក់ ត្រូវតែ​​ខិតខំ​ប្រឹងប្រែង​បន្តទៀត ក្នុងការ​​ពង្រីក​សេវា​នេះ​ឱ្យបាន​កាន់តែច្រើន​ និងល្អប្រសើរ ​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ផ្សេងៗ​របស់​ប្រជាពលរដ្ឋ និង​ការ​​ឆ្លើយតបបាន​យ៉ាង​ឆាប់រហ័ស​ចំពោះ​តម្រូវការ​ជា​អាទិភាព​នានា​របស់​មូលដ្ឋាន​នីមួយ​ៗ​​។ ឯកឧត្តមអភិបាលរងខេត្ត បានស្នើដល់លោក លោកស្រី យកចិត្តទុកដាក់ចំពោះការងារសេវាសង្គមនេះ ជាពិសេស គឺការអនុវត្តកម្មវិធីពានរង្វាន់សេវាសង្គមនេះតែម្តង ព្រោះជាកញ្ចក់ឆ្លុះបញ្ចាំងពីស្នាដៃ ការខិតខំប្រឹងប្រែងធ្វើការងារ និងជាមុខមាត់របស់យើងដែរ ពិសេសត្រូវរក្សាឱ្យបាននូវចំណាត់ថ្នាក់ ផ្កាយ៣នេះ នៅឆ្នាំបន្តបន្ទាប់ខាងមុខទៀត។ ឯកឧត្តមក៏បានឱ្យដឹងដែរថា ការផ្តល់​សេវា​លើវិស័យសង្គម​របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដោយផ្អែកតាម​សូចនាករសេវាសង្គម​ដែលបាន​កំណត់​​ដោយថ្នាក់ជាតិ ហើយលទ្ធផលដែលទទួលបាន គឺមានការទទួល​ស្គាល់ និងផ្ត​ល់​រង្វាន់ដល់​រដ្ឋបាល​​ថ្នាក់ក្រោមជាតិដែលមានស្នាដៃល្អ ហើយកម្រិតផ្កាយ​មានចំនួន ៣៖• កម្រិតផ្កាយ៣ មានន័យថា «ស្នាដៃឆ្នើម» • កម្រិតផ្កាយ២ មានន័យថា «ស្នាដៃល្អ»• កម្រិតផ្កាយ១ មានន័យថា «សម្រេចបានតាមស្តង់ដារកំណត់» • កម្រិតផ្កាយ០(សូមន្យ) មានន័យថា «មិនសម្រេចបានតាមស្តង់ដារកំណត់» ហើយក៏មិនទទួលបានវិញ្ញាបនបត្រដែរ។ ឯកឧត្តមរងខេត្ត បន្ថែមថា ការងារសេវាសង្គម វាបានចូលរួមចំណែកក្នុងការកាត់បន្ថយភាព ក្រីក្រ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាយ៉ាងពិតប្រាកដ។ ដោយបញ្ហាសេវាសង្គម មួយចំនួនដែលរួមមាន ដូចជាបញ្ហាសុខភាពមាតា និងទារក បញ្ហាអាហារូបត្ថម្ភ បញ្ហាអនាម័យ បញ្ហាទឹកស្អាត បញ្ហាកិច្ចការពារកុមារ បញ្ជាការអប់រំកុមារតូច និងបញ្ហាភាពងាយរងគ្រោះនានាជាដើម ដែលរដ្ឋបាល ថ្នាក់ក្រោមជាតិនីមួយៗត្រូវចូលរួមឆ្លើយតប និងដោះស្រាយ ដោយមិនត្រូវពឹងផ្អែកលើរាជរដ្ឋាភិបាល ឬរដ្ឋបាលថ្នាក់ជាតិ តែមួយមុខបានឡើយ។ ហើយបញ្ហាទាំងអស់នេះ សុទ្ធសឹងតែជាអាទិភាពតម្រូវឱ្យស្ថាប័ន ពាក់ព័ន្ធ បង្កើនការយកចិត្តទុកដាក់ក្នុងការផ្តល់សេវាឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព បរិយាបន្ន និងប្រកបដោយសមធម៌។ លោកស្រី ឈន ស៊ីថា អភិបាលរងស្រុកអង្គស្នួល តំណាងលោក ខុន សេរីរដ្ឋា អភិបាលស្រុកអង្គស្នួល បានឱ្យដឹងដែរថា រដ្ឋបាលស្រុកអង្គស្នួល នៃខេត្តកណ្តាលទទួលបានពាន​រង្វាន់សេវា​សង្គម​​ចំណាត់ថ្នាក់ផ្កាយ៣ ទទួលបានចំនួន ៦ឃុំ , ចំណាត់ថ្នាក់ផ្កាយ២ ទទួលបានចំនួន ៣ឃុំ ចំណាត់ថ្នាក់ផ្កាយ១ ទទួលបានចំនួន ១ឃុំ៕

អត្ថបទទាក់ទង