រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីប្រកាសជ័យលាភី ពានរង្វាន់សេវាសង្គម សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ២០២០-២០២១ របស់រដ្ឋបាលស្រុក និងរដ្ឋបាលឃុំ ក្នុងស្រុកស្អាង នៃខេត្តកណ្តាល

ខេត្តកណ្តាល៖ថ្លែងក្នុងពិធីប្រកាសជ័យលាភី ពានរង្វាន់សេវាសង្គម សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ២០២០-២០២១ របស់រដ្ឋបាលស្រុក និងរដ្ឋបាលឃុំ ក្នុងស្រុកស្អាង នៃខេត្តកណ្តាល នាព្រឹកថ្ងៃទី២ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ថា ការផ្តល់សេវា​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​គឺជា​គោលការណ៍​មួយ​ដ៏​ល្អ និង​មានការ​គាំទ្រ​យ៉ាង​ច្រើ​ន​ពី​ប្រជាពលរដ្ឋ ដូច្នេះអាជ្ញាធរគ្រប់ជាន់ថ្នាក់ ត្រូវតែ​​ខិតខំ​ប្រឹងប្រែង​បន្តទៀត ក្នុងការ​​ពង្រីក​សេវា​នេះ​ឱ្យបាន​កាន់តែច្រើន​ និងល្អប្រសើរ ​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ផ្សេងៗ​របស់​ប្រជាពលរដ្ឋ និង​ការ​​ឆ្លើយតបបាន​យ៉ាង​ឆាប់រហ័ស​ចំពោះ​តម្រូវការ​ជា​អាទិភាព​នានា​របស់​មូលដ្ឋាន​របស់ខ្លួន។ ឯកឧត្តម បានបន្តថា លោក លោកស្រី ដែលជាមេឃុំ មេភូមិ ស្មៀនឃុំ ត្រូវយកចិត្តទុកដាក់ចំពោះការងារសេវាសង្គមនេះ ជាពិសេស គឺការអនុវត្តកម្មវិធីពានរង្វាន់សេវាសង្គមនេះតែម្តង ព្រោះជាកញ្ចក់ឆ្លុះបញ្ចាំងពីស្នាដៃ ការខិតខំប្រឹងប្រែងធ្វើការងារ និងជាមុខមាត់របស់យើងសម្រាប់ឆ្នាំក្រោយៗ ខេត្តកណ្តាលរបស់យើងទាំងមូល នឹងទទួលបានស្នាដៃល្អជាងនេះ ព្រមទាំងបាននូវជ័យលាភីជើងឯក និងពានរង្វាន់កម្រិតផ្កាយគ្រប់ថ្នាក់រដ្ឋបាលទាំងអស់។ ឯកឧត្តមបានបន្ថែមថា ការងារសេវាសង្គម វាបានចូលរួមចំណែកក្នុងការកាត់បន្ថយភាព ក្រីក្រ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាយ៉ាងពិតប្រាកដដោយបញ្ហាសេវាសង្គម មួយចំនួនដែលរួមមាន ដូចជាបញ្ហាសុខភាពមាតា និងទារក បញ្ហាអាហារូបត្ថម្ភ បញ្ហាអនាម័យ បញ្ហាទឹកស្អាត បញ្ហាកិច្ចការពារកុមារ បញ្ហាការអប់រំកុមារតូច និងបញ្ហាភាពងាយរងគ្រោះនានាជាដើម ដែលរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗត្រូវចូលរួមឆ្លើយតប និងដោះស្រាយ ដោយមិនត្រូវពឹងផ្អែកលើរាជរដ្ឋាភិបាល ឬរដ្ឋបាលថ្នាក់ជាតិ តែមួយមុខបានឡើយ។ ហើយបញ្ហាទាំងអស់នេះ សុទ្ធសឹងតែជាអាទិភាពតម្រូវឱ្យស្ថាប័ន ពាក់ព័ន្ធ បង្កើនការយកចិត្តទុកដាក់ក្នុងការផ្តល់សេវាឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព បរិយាបន្ន និងប្រកបដោយសមធម៌។ សូមជម្រាបថា ៖ យោងតាមរបាយការណ៍របស់រដ្ឋបាលស្រុកស្អាង លទ្ធផលដែលថ្នាក់ស្រុក និងថ្នាក់ឃុំទទួលបានផ្កាយចំនួន១៣ ក្នុងនោះរួមមាន៖ថ្នាក់រដ្ឋបាលស្រុកគឺទទួលបានចំណាត់ថ្នាក់ផ្កាយ២ រដ្ឋបាលថ្នាក់ឃុំ៖-ផ្កាយ៣ ទទួលបានចំនួន០៥ឃុំ រួមមាន៖ ឃុំខ្ពប ឃុំកោះខ្សាច់ទន្លា ឃុំស្អាងភ្នំ ឃុំទឹកវិល និងឃុំ ប្រាសាទ-ផ្កាយ២ ទទួលបានចំនួន០៦ឃុំ រួមមាន៖ ឃុំតាលន់ ឃុំព្រែកគយ ឃុំកោះខែល ឃុំត្រើយស្លា ឃុំ ក្រាំងយ៉ូវ និងឃុំព្រែកអំបិល-ផ្កាយ១ ទទួលបានចំនួន០១ឃុំ គឺឃុំស្វាយប្រទាល៕

អត្ថបទទាក់ទង