ខេត្តកណ្តាល៖ព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល និងឯកឧត្តម ស៊ឹង សុខគង់ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំជាមួយអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ដើម្បីសហការជាមួយជំនាញ ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC) ចុះពិនិត្យ ខ្សែផ្លូវល្បឿនលឿនភ្នំពេញ-បាវីត ដែលស្ថិតក្នុងដែនសមត្ថកិច្ចខេត្ត នៅសាលាស្រុកល្វាឯម ខេត្តកណ្តាល។ កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ លោកអភិបាលស្រុក មន្ទីរអង្គភាពពាក់ព័ន្ធ លោក លោកស្រី មេឃុំ មេភូមិ ជាច្រើនរូបផងដែរ។សូមជ្រាបថា៖គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្ជាប់ពីរាជធានីភ្នំពេញ-ក្រុងបាវីត ប្រវែងសរុប ១៣៥,១គ.ម ចាប់ផ្តើមពីភូមិសាស្ត្រខេត្តកណ្តាល ខេត្តព្រៃវែង ខេត្តស្វាយរៀង (ក្រុងបាវិត) ក្រុមការងារបច្ចេកទេសនឹង ចាប់ផ្តើមអនុវត្តការងារសិក្សាវាស់វែងកំណត់អ័ក្សផ្លូវ (Survey and Preliminary. Design, and Determine the Right of Way) នៅពេលខាងមុខនេះ។